ភ្នំពេញៈ កម្ពុជាបានស្នើវៀតណាមក្នុងការជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញ ដើម្បីជំរុញវិស័យទេសចរណ៍រវាងប្រទេសទាំង ២ ក្រោយប្រទេសវៀតណាមបានផ្អាកការហោះហើរក្រោយការផ្ទុះរីករាលដាលជំងឺកូវីដ ១៩។
ការលើកឡើងបែបនេះត្រូវបានធ្វើឡើងក្នុងជំនួបរវាងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និង លោកឯកអគ្គរដ្ឋទូតវៀតណាមថ្មី ប្រចាំកម្ពុជា កាលពីថ្ងៃទី ២៤ ខែ វិច្ឆិកា ឆ្នាំ ២០២១ នៅវិមានសន្តិភាព។
លោក ស៊ិន ចាន់សិរីវុត្ថា អ្នកនាំពាក្យនៃរដ្ឋលេខាធិការដ្ឋានអាកាសចរណ៍ស៊ីវិល បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចហើយ នៅក្នុងករណីដែលប្រទេសវៀតណាមអនុញ្ញាតឱ្យបើកជើងហោះឡើងវិញ នោះក្រុមហ៊ុនវៀតណាមអ៊ែរឡាញ (Vietnam airline) គ្រាន់តែដាក់ស្នើជាការស្រេច។
លោកបញ្ជាក់៖ «ការហោះហើរតាមវៀតណាម ភ្ញៀវទេសចរអាចជួបការលំបាកបន្តិច ដោយសារតែប្រទេសនេះ តម្រូវឱ្យធ្វើចត្តាឡីស័ករយៈពេល ៨ ថ្ងៃ នៅពេលដែលត្រឡប់ពីកម្ពុជាទៅកាន់វៀតណាមវិញ»។
លោក ហូ វណ្ឌី ទីប្រឹក្សាសមាគម ទីភ្នាក់ងារទេសចរណ៍កម្ពុជាបានឱ្យដឹងថា ការស្នើរបស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជាទៅកាន់ភាគីវៀតណាមក្នុងការជំរុញឱ្យមានការហោះហើរត្រង់រវាងកម្ពុជា និងវៀតណាមឡើងវិញនេះ គឺជាការបង្ហាញពីទស្សនវិស័យដ៏ត្រឹមត្រូវមួយដើម្បីបង្កើនទេសចរឡើងវិញ ជាពិសេសទេសចរឆ្លងកាត់តាមប្រទេសវៀតណាម។
លោកបានបន្ថែមថា ក្រុមទេសចរពីតំបន់អឺរ៉ុបទៅលេងនៅប្រទេសវៀតណាមច្រើន ដូចនេះកម្ពុជាក៏អាចទទួលអត្ថប្រយោជន៍ដោយប្រយោលផងដែរ ដោយសារតែការហោះហើរត្រង់របស់ក្រុមហ៊ុនអាកាសចរណ៍ជាតិវៀតណាម គឺវៀតណាមអ៊ែរឡាញ (Vietnam airline) ពីតំបន់នោះ។
លោកបានបញ្ជាក់បន្ថែមថា៖ «Vietnam airline នៅសហគមន៍អឺរ៉ុបគេស្គាល់ច្រើន ហើយបើសិនបើភ្ញៀវទេសចរពីសហគមន៍អឺរ៉ុបមកច្រើនមានន័យថា ពួកគាត់នឹងចូលមកកម្ពុជាដោយស្វ័យប្រវត្តិ ដូច្នេះសម្តេចស្នើទៅវៀតណាមបែបនេះ គឺជាផលប្រយោជន៍ធំណាស់សម្រាប់ទេសចរណ៍ខ្មែរយើង»។
លោក ហួត ឃាង នាយកប្រតិបត្តិក្រុមហ៊ុន អល ឌ្រីម ខេមបូឌា ត្រាវែល បាននិយាយថា វាគឺជារឿងល្អបំផុត បើសិនវៀតណាមអាចបើកដំណើរការជើងហោះហើរត្រង់ជាមួយកម្ពុជាឡើងវិញ ក្នុងពេលឆាប់ៗ ព្រោះភ្ញៀវទេសចរប្រមាណពី ៧០ ភាគរយ ទៅ ៨០ ភាគរយ ដែលឆ្លងកាត់ប្រទេសវៀតណាមមុននឹងមកដល់កម្ពុជា។
លោកបានបន្ថែមថា ពីមុនកម្ពុជាត្រូវពឹងផ្អែកលើប្រទេសថៃសម្រាប់ការធ្វើដំណើររបស់ទេសចរពីតំបន់អឺរ៉ុប និងអាស៊ីមួយចំនួនទៀតដែលចង់មកលេងកម្សាន្តនៅកម្ពុជា តែក្រោយពីព្រលានយន្តហោះបានបិទកាលពីអំឡុងមានបាតុកម្មខ្លាំងមក ក្រុមហ៊ុនទេសចរណ៍នៅកម្ពុជា ចាប់ផ្តើមរៀបចំកម្មវិធីឡើងវិញ ដោយយកតាមវៀតណាមវិញ។
លោកបានបន្តថា៖ «នៅក្នុងចន្លោះ ១០ ឆ្នាំចុងក្រោយនេះ ភ្ញៀវមកពីខាងវៀតណាមច្រើន ដោយសារទី១ តម្លៃក៏ធូរថ្លៃ ហើយខាងវៀតណាមក៏មានស្ថិរភាពនយោបាយ ដូចនេះប្រសិនបើការបើកឡើងវិញ គឺជាច្រកយ៉ាងទូលាយបន្ថែមទៀត ស្របពេលដែលកម្ពុជាបានសម្រេចបើកទទួលទេសចរអន្តរជាតិដែលបានចាក់វ៉ាក់សាំងរួច»។
អ្នកនាំពាក្យអាកាសចរណ៍ស៊ីវិលកម្ពុជាបានបញ្ជាក់ថា ក្នុងពេលកន្លងទៅ ក្រុមហ៊ុនអាកាសចរណ៍ដែលមានជើងហោះហើរត្រង់ទៅមកកម្ពុជា-វៀតណាម មានតែ ២ ក្រុមហ៊ុនប៉ុណ្ណោះ គឺក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ (Cambodia Angkor Air និងវៀតណាមអ៊ែរឡាញ (Vietnam airline)៕ LA