ភ្នំពេញៈ មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាល និងផ្នែកឯកជននៃបណ្តាប្រទេសអាស៊ី-អឺរ៉ុប បានឯកភាពសហការគ្នាក្នុងការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងខ្សែចង្វាក់ផ្គត់ផ្គង់សកល ដើម្បីកាត់បន្ថយបញ្ហាប្រឈមនានាបណ្តាលពីជំងឺកូវីដ ១៩ តាមរយៈឌីជីថលនីយកម្ម និងការសម្របខ្លួនទៅនឹងការផ្លាស់ប្តូរនានា ដើម្បីធានាបាននូវភាពជឿជាក់នៃលំហូរពាណិជ្ជកម្មអន្តរជាតិ និងធានាឱ្យបាននូវភាពធន់។
ការឯកភាពនេះធ្វើឡើងក្នុងវេទិកាសេដ្ឋកិច្ច និងធុរកិច្ចអាស៊ី-អឺរ៉ុប លើកទី ១ តាមរយៈប្រព័ន្ធវីដេអូ កាលពីថ្ងៃ ២៥ ខែវិច្ឆិកា ឆ្នាំ ២០២១។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម នៅក្នុងវេទិកានេះបណ្តាប្រទេសអាស៊ី-អឺរ៉ុប បានឯកភាពគ្នាបង្កើតក្របខ័ណ្ឌគាំទ្រចាំបាច់នានា ដើម្បីជំរុញគំរូថ្មីនៃខ្សែចង្វាក់ផ្គត់ផ្គង់ និងខ្សែចង្វាក់តម្លៃសកល ដែលកំពុងលេចធ្លោ មានដូចជា ការប្រគល់ទទួលទំនិញពីចម្ងាយ, ការបង្ខិតជិតគ្នានៃធុរកិច្ច, ប្រតិបត្តិការអន្តរតំបន់, ការសម្របខ្លួនទៅតាមបរិបទតំបន់ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធបៃតង ដើម្បីជំរុញល្បឿនពាណិជ្ជកម្មសកលឡើងវិញ ខណៈពិភពលោកបានងើបឡើងវិញពីវិបត្តិកូវីដ ១៩។
សេចក្តីប្រកាសព័ត៌មានដដែលបន្តថា៖ «[បណ្តាប្រទេសនៅអាស៊ី-អឺរ៉ុប] ត្រូវផ្តល់ការលើកទឹកចិត្ត និងជំនួយចាំបាច់នានាសម្រាប់សហគមន៍ធុរកិច្ច និងឧស្សាហកម្ម ក្នុងការបម្លែងខ្លួនទៅជាធុរកិច្ចបៃតង ដើម្បីទាញយកផលប្រយោជន៍ពីទំនើបកម្មនៃខ្សែចង្វាក់ផ្គត់ផ្គង់ និងខ្សែចង្វាក់តម្លៃ ដោយប្រើបច្ចេកវិទ្យានាពេលអនាគត»។
លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ការចូលទៅកាន់ និងការអនុម័តឱ្យប្រើប្រាស់បច្ចេកវិទ្យាថ្មីៗ អាចធ្វើឱ្យធុរកិច្ច និងវិស័យឯកជននៅតែអាចប្រតិបត្តិការរបស់ខ្លួនទៅមុខទៀតបាន។ លោកបន្ថែមថា ទោះក្នុងអំឡុងពេលជំងឺរាតត្បាតក៏គេនៅអាចធ្វើសមាហរណកម្មធុរកិច្ច និងវិស័យឯកជនបានទៅក្នុងចង្វាក់តម្លៃ និងឆ្ពោះទៅមុខទៅកាន់អនាគតដ៏ភ្លឺស្វាង។
លោកបញ្ជាក់ថា៖ «កត្តានេះទាមទារឱ្យមានកិច្ចខិតខំប្រឹងប្រែងរួមគ្នាជាមួយនឹងគោលនយោបាយផ្តល់ភាពងាយស្រួលដល់ធុរកិច្ច និងការគាំទ្រពីរដ្ឋាភិបាល និងវិស័យឯកជនពីបណ្តាប្រទេសអាស៊ី អឺរ៉ុបដើម្បីធ្វើឱ្យវាកើតឡើង»។
លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា សហគមន៍អន្តរជាតិយកចិត្តទុកដាក់ចំពោះកិច្ចសហប្រតិបត្តិការ និងភាពជាដៃគូរវាងអាស៊ី និងអឺរ៉ុប ដែលនឹងការពារពាណិជ្ជកម្ម ដោយបើកចំហការរួមបញ្ចូលគ្នា ដោយផ្អែកលើច្បាប់ ដែលនោះគឺជាការធ្វើពាណិជ្ជកម្ម និងការវិនិយោគ។ លោកបន្តថា៖ «សក្តានុពលពេញលេញ និងថាមវន្តប្លុកទាំងពីរអាចផ្លាស់ប្តូរទៅជាទីផ្សារដ៏រស់រវើក ដែលនឹងក្លាយជាក្បាលម៉ាស៊ីនសេដ្ឋកិច្ចពិភពលោក និងដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍសេដ្ឋកិច្ចសង្គមប្រកបដោយនិរន្តរភាព និងរួមបញ្ចូលគ្នានៅក្នុងសម័យក្រោយកូវីដ ១៩»។
លោក ហុង វណ្ណៈ អ្នកវិភាគសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចំណុចមួយចំនួនដែលបានលើកឡើងក្នុងកិច្ចពិភាក្សាស្តីពីការលើកកម្ពស់ខ្សែចង្វាក់តម្លៃ និងខ្សែចង្វាក់ផ្គត់ផ្គង់សកលនេះ គឺបានបំភ្លឺយ៉ាងច្បាស់ពីវិធីសាស្ត្រក្នុងការសហការគ្នាធ្វើយ៉ាងណាឱ្យមានកិច្ចសហការគ្នាបានល្អក្នុងដំណើរការផលិត និងផ្គត់ផ្គង់ ដើម្បីតបទៅនឹងតម្រូវការចាំបាច់ និងជាក់ស្តែង។
លោកបន្ថែមថា៖ «ចំណុចទាំងនេះពិតជាមានសារៈសំខាន់ណាស់ក្នុងការគាំទ្រ ជំរុញលើកទឹកចិត្តដល់ធុរជន ឬវិនិយោគិនឱ្យគិតគូរបានច្បាស់លាស់ក្នុងការរួមចំណែកធ្វើយ៉ាងណាកាត់បន្ថយផលប៉ះពាល់នៅតិចបំផុតពីការធ្វើទំនើបកម្មលើធុរកិច្ចរបស់ខ្លួន»។
បណ្ដាប្រទេសអាស៊ី-អឺរ៉ុបមានចំណែកប្រមាណ ៦៥ ភាគរយនៃសេដ្ឋកិច្ចសកល ខណៈដែលទំហំពាណិជ្ជកម្មមានប្រមាណ ៥៥ ភាគរយនៃពាណិជ្ជកម្មសកល៕ LA