ភ្នំពេញៈ ធនាគារជាតិនៃកម្ពុជា និងធនាគាររដ្ឋវៀតណាមបានឯកភាពគ្នាកំណត់នូវទិសដៅការងារអាទិភាពមួយចំនួន ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងគ្នាឱ្យបានកាន់តែប្រសើរថែមមួយកម្រិតទៀត។
ការប្តេជ្ញារបស់ស្ថាប័នទាំង ២ បានធ្វើឡើងក្នុងជំនួបប្រជុំទ្វេភាគី តាមរយៈប្រព័ន្ធអនឡាញកាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ឆ្នាំ ២០២១ ដែលភាគីកម្ពុជាដឹកនាំដោយលោក ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា និងភាគីវៀតណាមដឹកនាំដោយ លោកស្រី Nguyen Thi Hong ទេសាភិបាល ធនាគាររដ្ឋវៀតណាម។
ទិសដៅការងារអាទិភាពសំខាន់ៗដែលភាគីទាំង ២ បានឯកភាពគ្នារួមមាន ការចែករំលែកចំណេះដឹងលើការអភិវឌ្ឍប្រព័ន្ធទិន្នន័យសម្រាប់អត្រាប្តូរប្រាក់, ការជំរុញការប្រើប្រាស់រូបិយវត្ថុជាតិ, ការពង្រឹងការត្រួតពិនិត្យដោយផ្អែកលើហានិភ័យ និងការអភិវឌ្ឍប្រព័ន្ធទូទាត់។ បន្ថែមពីលើនេះ ធនាគាររដ្ឋវៀតណាម ក៏សន្យានឹងបន្តផ្តល់អាហារូបករណ៍ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា ដើម្បីសិក្សាថ្នាក់ឧត្តមសិក្សា នៅប្រទេសវៀតណាមផងដែរ។
លោក ជា ចាន់តូ បានលើកឡើងថា ក្រោមកិច្ចសហប្រតិបត្តិការល្អរវាងស្ថាប័នទាំង ២ ធនាគាររដ្ឋវៀតណាម តែងរួមចំណែកយ៉ាងច្រើនសម្រាប់ការបង្កើននូវបរិយាកាសល្អជាមួយធនាគារជាតិនៃកម្ពុជា ខណៈភាគីទាំង ២ ក៏មានអនុស្សរណៈនៃការយោគយល់គ្នាលើកិច្ចសហប្រតិបត្តិការទូទៅ, ការត្រួតពិនិត្យធនាគារ និងលើការសម្អាតប្រាក់ និងហិរញ្ញប្បទានភេរវកម្ម ជាដើម។
ជាមួយគ្នានេះ លោកក៏បានថ្លែងអំណរគុណដល់ធនាគាររដ្ឋ និងរដ្ឋាភិបាលវៀតណាមដែលគាំទ្រដល់ការអភិវឌ្ឍធនធានមនុស្ស ដោយបានបន្តផ្តល់អាហារូបករណ៍ដល់មន្ត្រីធនាគារជាតិនៃកម្ពុជា សម្រាប់ការសិក្សាថ្នាក់បរិញ្ញាប័ត្រ អនុបណ្ឌិត និងបណ្ឌិតនៅប្រទេសវៀតណាមផងដែរ។
ទេសាភិបាលធនាគាររដ្ឋវៀតណាម លោកស្រី Nguyen Thi Hong បានថ្លែងកោតសរសើរពីជោគជ័យរបស់កម្ពុជាក្នុងការសម្រេចបានការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ដ៏ឆាប់រហ័ស ដែលបានជួយការពារសុខភាពប្រជាជន និងជំរុញឱ្យសកម្មភាពសេដ្ឋកិច្ចបើកដំណើរការឡើងវិញយ៉ាងឆាប់រហ័ស។ ជាមួយគ្នានេះ លោកស្រីក៏បានវាយតម្លៃខ្ពស់ចំពោះវិធានការនានាដែលធនាគារជាតិនៃកម្ពុជាបានដាក់ចេញដោយមានប្រសិទ្ធភាព ក្នុងអំឡុងពេលកូវីដ ១៩ ដែលសម្រេចបានសមិទ្ធផលល្អ ក្នុងការរក្សាបានវឌ្ឍនភាព និងស្ថិរភាពប្រព័ន្ធធនាគារ និងរក្សាបានស្ថិរភាពអត្រាប្តូរប្រាក់ និងកម្រិតទាបនៃអតិផរណា។
លោកស្រីថ្លែងថា៖ «ធនាគាររដ្ឋវៀតណាម ក៏សូមអបអរសាទរចំពោះការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធទូទាត់ទំនើប ជាពិសេសប្រព័ន្ធបាគង ដែលជាប្រព័ន្ធទូទាត់កន្លោង ជួយដោះស្រាយបញ្ហាទូទាត់ឆ្លងគ្រឹះស្ថាន និងការតភ្ជាប់ជាមួយប្រព័ន្ធទូទាត់ទាំងក្នុងស្រុក និងតំបន់»។
សូមបញ្ជាក់ថា កិច្ចប្រជុំទ្វេភាគីនេះត្រូវបានរៀបចំឡើងជារៀងរាល់ឆ្នាំ ដើម្បីពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ និងទំនាក់ទំនងមិត្តភាពរវាងធនាគារកណ្តាលទាំងពីរ៕