ភ្នំពេញៈ ផ្សារមូលបត្រកម្ពុជា (CSX) បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា (MoU) ជាមួយផ្សារមូលបត្រ សៀងហៃ(SSE) លើកិច្ចសហប្រតិបត្តិការដើម្បីចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមក ព្រមទាំងធ្វើការសិក្សាស្រាវជ្រាវរួមគ្នាដើម្បីអភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗបន្ថែមទៀត។
ការចុះហត្ថលេខាលើ MoU នេះត្រូវបានធ្វើឡើងតាមប្រព័ន្ធវីដេអូ កាលពីថ្ងៃទី២៦ ខែវិច្ឆិកា ឆ្នាំ២០២១ រវាងលោក ហុង សុហួរ អគ្គនាយកនៃផ្សារមូលបត្រកម្ពុជា ជាមួយលោក CAI Jianchun ប្រធានផ្សារមូលបត្រ សៀងហៃ។
តាមរយៈ MoU នេះ ភាគីទាំង ២ បានព្រមព្រៀងធ្វើកិច្ចសហប្រតិបត្តិការលើចំណុចសំខាន់ៗមួយចំនួនដូចជា ការចែករំលែកព័ត៌មានទៅវិញទៅមក, ការសិក្សាស្រាវជ្រាវរួមគ្នា, ការផ្លាស់ប្តូរបុគ្គលិក និងការអភិវឌ្ឍផលិតផលហិរញ្ញវត្ថុថ្មីៗជាដើម។
ប្រទេសចិន គឺជាដៃគូសហប្រតិបត្តិការដ៏ល្អរបស់កម្ពុជា។ កាលពីខែមិថុនា ឆ្នាំ ២០១៩ និយ័តករមូលបត្រកម្ពុជា និងគណៈកម្មការមូលបត្រចិន ក៏បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការលើការត្រួតពិនិត្យលើផលិតផលមូលបត្រ និងកិច្ចសន្យាអនាគត។
បន្ថែមពីលើនេះ កាលពីខែតុលា ឆ្នាំដដែល លោក ហុង សុហួរ ក៏បានចូលរួមក្នុងកម្មវិធីសិក្ខាសាលាអន្តរជាតិសម្រាប់ទីផ្សារភាគហ៊ុនប្រចាំឆ្នាំ ២០១៩ ដែលរៀបចំឡើងដោយមជ្ឈមណ្ឌលអន្តរជាតិសម្រាប់ការទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទីផ្សារភាគហ៊ុនរបស់ សៀងហៃ។
សេចក្តីប្រកាសព័ត៌មានរបស់ CSX បានឱ្យដឹងថា ការចុះហត្ថលេខានេះ នឹងក្លាយជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់កិច្ចសហប្រតិបត្តិការរវាងទីផ្សារមូលបត្រកម្ពុជា និងចិន។
ផ្សារមូលបត្រ សៀងហៃ ជាផ្សារមូលបត្រមួយដ៏ធំក្នុងចំណោមផ្សារមូលបត្រធំៗ នៅលើពិភពលោក ដោយផ្អែកលើទំហំមូលធនូបនីយកម្មសរុបរបស់ទីផ្សារ។ ទីផ្សារនេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩០ ហើយមកទល់នឹងពេលបច្ចុប្បន្ន ផ្សារមូលបត្រ សៀងហៃ មានផលិតផលហិរញ្ញវត្ថុជាច្រើន ដូចជា ភាគហ៊ុន បណ្ណបំណុល មូលនិធិ និងឧបករណ៍និស្សន្ទ ជាដើម។
គិតរហូតមកដល់ពេលនេះ CSX បានចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយនឹងស្ថាប័នក្នុងស្រុក និងក្រៅស្រុកជាង ១០រួចមកហើយ៕