ភ្នំពេញៈ កម្ពុជាគ្រោងនាំចេញស្វាយស្រស់ និងស្ងួតទៅទីផ្សារអឺរ៉ុប ពិសេសទីផ្សារប្រទេសអាល្លឺម៉ង់ ខណៈមន្ត្រីជំនាញរបស់ប្រទេសនេះកំពុងធ្វើការសិក្សាអំពីលទ្ធភាពនៃការនាំចេញ។
កាលពីថ្ងៃទី ២៤ ខែវិច្ឆិកា ក្រុមមន្ត្រីស្ថានទូតអាល្លឺម៉ង់ និងទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) បានចុះទៅសិក្សាលទ្ធភាពការនាំចេញស្វាយស្រស់ និងស្ងួតពីក្រុមហ៊ុនគិរីរម្យ ហ៊្វូដ ប្រដាក់សិន (ខេ អេហ្វ ភី) និងពីប្រជាកសិករផ្សេងទៀតយកទៅផ្គត់ផ្គង់នៅលើទីផ្សារអឺរ៉ុប ជាពិសេសទីផ្សារប្រទេសអាល្លឺម៉ង់ ខណៈតម្រូវការទាំងស្វាយស្រស់ និងស្វាយស្ងួត កំពុងមានតម្រូវការខ្ពស់។
លោក មាស ហូលី ប្រធានគ្រប់គ្រងផ្នែកលក់ក្រុមហ៊ុន Kirirom Food Production បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ឯកអគ្គរដ្ឋទូតអាល្លឺម៉ង់ប្រចាំនៅកម្ពុជា និងមន្ត្រីទីភ្នាក់ងារសហប្រតិបត្តិការអាល្លឺម៉ង់ (GIZ) កាលពីថ្ងៃទី ២៣ ខែវិច្ឆិកា បានចុះធ្វើទស្សនកិច្ច និងពិភាក្សាផ្តល់ការគាំទ្រ ចំពោះរោងចក្រ និងសម្របសម្រួលនៅក្នុងការទិញស្វាយស្រស់ និងស្វាយស្ងួត សម្រាប់ធ្វើការនាំចេញទៅកាន់តំបន់អឺរ៉ុប និងប្រទេសរបស់ខ្លួន។
ទោះជាយ៉ាងណាលោកអះអាងថា ភាគីអាល្លឺម៉ង់មិនទាន់បាននិយាយដល់បរិមាណនាំចេញស្វាយស្រស់ និងស្វាយស្ងួតយកទៅផ្គត់ផ្គង់នៅលើទីផ្សារអឺរ៉ុប និងប្រទេសអាល្លឺម៉ង់នោះទេ ប៉ុន្តែភាគីអាល្លឺម៉ង់បានសម្រេចការគាំទ្រ និងជំរុញឱ្យមានកិច្ចសហប្រតិបត្តិការរវាងអ្នកបញ្ជាទិញនៅសហភាពអឺរ៉ុប និងនៅអាល្លឺម៉ង់ជាមួយក្រុមហ៊ុនដើម្បីនាំចេញ។
លោកថ្លែងថា៖ «បច្ចុប្បន្ននេះគេមកមើលយើងសិនថា យើងមានលទ្ធភាពគ្រប់គ្រាន់សម្រាប់ធ្វើការផ្គត់ផ្គង់ឱ្យគេដែរឬទេ? សម្រាប់ក្រុមហ៊ុនខ្ញុំ ខ្ញុំមិនទាន់មានស្វាយស្រស់គ្រប់គ្រាន់ធ្វើការនាំចេញទេ យើងមានគម្រោងហើយប្រហែលរយៈពេល ២ ឆ្នាំទៀត ប៉ុន្តែសម្រាប់ដំណាប់ស្វាយ ឬស្វាយស្ងួតយើងមានគ្រប់គ្រាន់សម្រាប់ធ្វើការនាំចេញអត់ខ្វះទេ»។
លោក មាស ហូលី យល់ឃើញថា ទីផ្សារសហភាពអឺរ៉ុប ក៏ដូចជាទីផ្សារក្នុងប្រទេសអាល្លឺម៉ង់ គឺមានភាពទូលំទូលាយ និងតម្រូវការខ្ពស់ចំពោះផ្លែស្វាយស្រស់ និងស្វាយស្ងួតដែលអាចឱ្យកម្ពុជាពង្រីកទីផ្សារបាន។ ជាមួយគ្នានេះសម្រាប់ក្រុមហ៊ុន Kirirom គឺមានលទ្ធភាពគ្រប់គ្រាន់ក្នុងការនាំចេញស្វាយស្ងួតទៅផ្គត់ផ្គង់នៅទីផ្សារសហភាពអឺរ៉ុប និងប្រទេសអាល្លឺម៉ង់ គ្រប់តម្រូវការ។
បើតាមលោក ហូលី កន្លងមកក្រុមហ៊ុនបាននាំចេញទាំងផ្លែស្វាយស្រស់ និងស្វាយស្ងួតទៅប្រទេសធំៗចំនួន ១០ មានដូចជា ជប៉ុន ហ្វីលីពីន ចិន ថៃ និងអង់គ្លេសជាដើម។ សម្រាប់ទីផ្សារអាល្លឺម៉ង់ គឺជាទីផ្សារថ្មីដែលអាចឱ្យក្រុមហ៊ុនពង្រីកទីផ្សាររបស់ខ្លួនកាន់តែធំថែមទៀត។
លោក ឆេង គឹមឡុង អ្នកជំនាញសេដ្ឋកិច្ចនៃវិទ្យាស្ថានចក្ខុវិស័យអាស៊ី យល់ឃើញថា ការជំរុញពិពិធកម្មផ្នែកនាំចេញរបស់កម្ពុជាគ្រប់វិស័យ ជាពិសេសផលិតផលកសិកម្ម និងផលិតផលកែច្នៃក្នុងវិស័យកសិឧស្សាហកម្ម គឺជាទិសដៅអភិវឌ្ឍន៍សេដ្ឋកិច្ចដ៏សំខាន់បំផុតនាពេលបច្ចុប្បន្ន ស្របពេលកម្ពុជាកំពុងជំរុញកំណើនមូលដ្ឋានគ្រឹះសេដ្ឋកិច្ចរបស់ខ្លួន។
លោកបន្តថា ការជំរុញការនាំចេញផលិតផលផ្លែស្វាយទៅក្រៅប្រទេសរួមមានទៅប្រទេសចិន កូរ៉េ អឺរ៉ុប និងអាល្លឺម៉ង់ជាដើមនេះ ជាសញ្ញាបង្ហាញឱ្យឃើញថា មានការចាប់អារម្មណ៍អំពីផលិតផលរបស់កម្ពុជា ដោយសារផលិតផលកសិកម្មកម្ពុជាមានតម្លៃទាប និងគុណភាពល្អស្មើគ្នា ឬលើសជាងបើធៀបជាមួយផលិតផលកសិកម្មរបស់ប្រទេសជិតខាង។
លោកថ្លែងថា៖ «ផលិតផលកសិកម្មកម្ពុជាភាគច្រើនមានឧត្តមភាពប្រកួតប្រជែង និងឧត្តមភាពប្រៀបធៀបជាងផលិតផលកសិកម្មរបស់ប្រទេសមួយចំនួននៅក្នុងតំបន់ ជាពិសេសប្រទេសនៅជិតខាង ខណៈការប្រើប្រាស់ជីគីមី យើងតិចតួចជាងគេ។ ដូច្នេះហើយបានជាគេ ជាពិសេសអាល្លឺម៉ង់ចង់នាំស្វាយពីយើង»។
បើតាមលោក គឹមឡុង ផ្លែស្វាយ ជាផលិតផលទំនិញសម្រាប់ប្រើប្រាស់ជាចំណីជាក់ស្តែង ជាផលិតផលធ្វើការកែច្នៃចេញទៅជាម្សៅស្វាយ ឬក៏អាចបម្រើនៅក្នុងវិស័យកសិឧស្សាហកម្មផ្សេងៗទៀតដូចជា ប្រើប្រាស់ក្នុងភេសជ្ជៈកំប៉ុង ប្រើប្រាស់ជាសាប៊ូ ឬក៏ធ្វើជាការ៉េមជាដើម៕