ភ្នំពេញៈ វិស័យឯកជនស្នើឱ្យអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ពង្រឹង និងទប់ស្កាត់ការនាំចូលទំនិញខុសច្បាប់ដែលហូរចូលកម្ពុជាឱ្យបានហ្មត់ចត់ ដើម្បីកៀរគរចំណូលចូលរដ្ឋឱ្យបានច្រើន និងជួយការពារអ្នកផលិតក្នុងស្រុកផងដែរ។
សំណើនេះត្រូវបានធ្វើឡើងក្នុងកិច្ចប្រជុំលើកទី ៨ នៃយន្តការភាពជាដៃគូគយផ្នែកឯកជនកាលពីថ្ងៃទី ៣០ ខែវិច្ឆិកា ឆ្នាំ ២០២១ រវាងអគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ជាមួយសភាពាណិជ្ជកម្មកម្ពុជា។
បញ្ហាចម្បងៗចំនួន ១២ ត្រូវបានផ្នែកឯកជនលើកឡើងពាក់ព័ន្ធនឹងនីតិវិធីគយដែលរួមមាន ការបញ្ចុះកម្រៃបែបបទគយលើប្រតិវេទន៍ដែលមានតម្លៃទាប, ការកាត់បន្ថយចំណាយលើការត្រួតពិនិត្យទំនិញក្រៅម៉ោងធ្វើការ, ការកើនឡើងថ្លៃដឹកជញ្ជូនទំនិញនាំចេញ, ការកាត់បន្ថយការត្រួតពិនិត្យទំនិញនាំចេញដល់ទីតាំងក្រុមហ៊ុន, ការជំរុញការអនុវត្តប្រព័ន្ធស្វ័យប្រវត្តិកម្មគយ និងប្រព័ន្ធ e-Payment, ការលើកកម្ពស់ប្រសិទ្ធភាពការងារបង្ការ និងបង្ក្រាបអំពើរត់គេចពន្ធទំនិញ, ការតភ្ជាប់ប្រព័ន្ធដោះដូរទិន្នន័យនិវេទនប័ណ្ណរបស់ក្រុមហ៊ុនដឹកជញ្ជូនជាមួយប្រព័ន្ធអាស៊ីគូដា, ការអនុវត្តនីតិវិធី និងប្រព័ន្ធធ្វើបែបបទគយមុនពេលទំនិញមកដល់, និងការផ្ដល់ប្រព្រឹត្តិកម្មលើកទឹកចិត្តចំពោះក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុនដែលមានអនុលោមភាពខ្ពស់ជាដើម។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១ ខែធ្នូថា នៅកិច្ចប្រជុំនោះ សភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងបញ្ហាមួយចំនួន ប៉ុន្តែបញ្ហាសំខាន់ជាងគេ គឺការទប់ស្កាត់ទំនិញខុសច្បាប់ដែលហូរចូលមកកម្ពុជា។ លោកបន្តថា បច្ចុប្បន្នការទប់ស្កាត់ទំនិញខុសច្បាប់នៅតែមានចន្លោះប្រហោង ដោយសារកម្ពុជាមានច្រកព្រំដែនទាំងតូច និងធំច្រើន គួបផ្សំនឹងមន្ត្រីខិលខូចមួយចំនួនតូចបន្តឃុបឃិតជាមួយឈ្មួញលួចនាំចូលទំនិញដែលអាចធ្វើឱ្យប៉ះពាល់ដល់ទំនិញក្នុងស្រុកដែលផលិតបាន។
លោកបញ្ជាក់ថា៖ «កន្លងមកខ្ញុំតែងតែនិយាយថាអ្នកផលិតបន្លែផ្លែឈើ ត្រីសាច់ក្នុងស្រុកនិយាយថា អត់មានទីផ្សារ តែតាមពិតយើងមាន ប៉ុន្តែចំនួនដែលយើងនាំចូលបន្លែត្រីសាច់ និងផ្លែឈើទាំងនោះក្នុង ១ ឆ្នាំៗដល់ទៅ ៣០០-៥០០ លានដុល្លារដូចនេះបើនៅតែមានការនាំចូលទំនិញទាំងនេះដោយខុសច្បាប់ទៀត នោះប្រាកដណាស់វានឹងធ្វើឱ្យប៉ះពាល់អ្នកផលិតក្នុងស្រុកហើយ ប៉ះពាល់ចំណូលរដ្ឋទៀត»។
ជាមួយគ្នានេះដែរ លោកស្រី កែវ មុំ ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយលីលី បានឱ្យដឹងថា ជារឿងល្អដែលសភាពាណិជ្ជកម្មលើកសំណើនេះទៅកាន់គយ និងរដ្ឋាករកម្ពុជា ជាពិសេសការទប់ស្កាត់ទំនិញដែលប្រកួតប្រជែងជាមួយផលិតផលក្នុងស្រុក។
លោកស្រីលើកឡើងថា៖ «ការនាំចូលពីប្រទេសគេមកយើងមានច្រើន ដោយសារការផលិតរបស់គេចំណាយទាប ដូចនេះគេហ៊ានចំណាយលើការផ្សព្វផ្សាយផលិតផលនៅក្នុងស្រុកយើង ខណៈការផលិតក្នុងស្រុកយើងថ្លៃដើមខ្ពស់ជាងគេ ទើបធ្វើឱ្យអ្នកផលិតនៅក្នុងស្រុកជួបបញ្ហាប្រឈម»។
នៅក្នុងកិច្ចប្រជុំលើកទី ៨ នៃយន្តការភាពជាដៃគូគយផ្នែកឯកជន លោក គុណ ញឹម អគ្គនាយកនៃអគ្គនាយកដ្ឋានគយ និងរដ្ឋាករ លើកឡើងថា អគ្គនាយកដ្ឋានគយ និងរដ្ឋាករ នឹងបន្តរកដំណោះស្រាយដោយឱ្យក្រុមការងារជំនាញនីមួយៗបន្តពិនិត្យ និងពិភាក្សាដោះស្រាយបញ្ហាទាំងអស់នោះ៕ LA