ភ្នំពេញៈ ប្រទេសសមាជិកប្រជាជាតិអាស៊ានជាប់ព្រំដែនគ្នា កម្ពុជា-វៀតណាម គ្រោងនឹងចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការលើវិស័យកសិកម្មនៅក្នុងខែធ្នូនេះ ដើម្បីឈានទៅសម្រេចឱ្យបាននូវកំណើនពាណិជ្ជកម្មរវាងប្រទេសទាំង ២ ជាពិសេសការនាំចេញកសិផលកម្ពុជា។
គម្រោងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្មនេះត្រូវបានលើកឡើងដោយឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋសង្គមនិយមវៀតណាម ក្នុងជំនួបជាមួយរដ្ឋមន្ត្រីកសិកម្មកម្ពុជា លោក វេង សាខុន កាលពីថ្ងៃទី ៣០ ខែវិច្ឆិកា។ នេះបើយោងតាមលោក ហ៊ាន វណ្ណហន រដ្ឋលេខាធិការក្រសួងកសិកម្ម។
លោក ហ៊ាន វណ្ណហន បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ១ ខែធ្នូថា កន្លងមកកម្ពុជាមានកិច្ចព្រមព្រៀងមួយចំនួនជាមួយនឹងវៀតណាម ដូចជាកិច្ចព្រមព្រៀងស្តីពីការអភិវឌ្ឍតំបន់ព្រំដែនជាដើម ប៉ុន្តែឥឡូវនេះតាមមតិរបស់ឯកអគ្គរដ្ឋទូតវៀតណាម កម្ពុជានឹងពិភាក្សាលើចំណុចជាច្រើនទៀតដែលពាក់ព័ន្ធនឹងវិស័យកសិកម្ម។
លោកបន្តថា លោកត្រៀមនឹងអញ្ជើញអ្នកជំនាញតាមអង្គភាពពាក់ព័ន្ធនៅក្រសួងកសិកម្ម ដើម្បីពិគ្រោះយោបល់គ្នាមុននឹងឈានដល់ការចុះកិច្ចព្រមព្រៀង ពិសេសការស្វែងរកផលចំណេញឱ្យបានជាអតិបរមាដល់ប្រជាជន និងសេដ្ឋកិច្ចជាតិ។
លោកប្រាប់ថា៖ «យើងចង់បាន គឺធ្វើម៉េចឱ្យចំណូលរបស់កសិករមានកំណើន និងកាត់បន្ថយភាពក្រីក្ររបស់ប្រជាជនតាមរយៈលំហូររលូននៃទីផ្សារកសិផល។ តាមពិតទៅ វាមានលក្ខណពិសេសដែរដោយសារប្រទេសវៀតណាមនៅជិតយើង ដូចនេះរបស់ធ្ងន់ៗយើងមិនចាំបាច់ត្រូវដឹកទៅឆ្ងាយទេ»។
អគ្គនាយកក្រុមហ៊ុន Date Investment Cambodia លោក តាន់ មុនីវណ្ណ បានស្វាគមន៍ចំពោះផែនការនេះ ដោយលោកមើលឃើញថាជារឿងល្អសម្រាប់កម្ពុជាក្នុងការចុះកិច្ចព្រមព្រៀងកិច្ចសហប្រតិបត្តិការនេះ ពិសេសបើកិច្ចព្រមព្រៀងនោះមានបញ្ចូលពីការផ្លាស់ប្តូរបច្ចេកទេសកសិកម្មមកឱ្យដល់ប្រទេសកម្ពុជា។
លោកបន្ថែមថា វៀតណាមជាប្រទេសដែលមានបច្ចេកទេសខ្លាំងលើផ្នែកកសិកម្ម ជាពិសេសការចិញ្ចឹមសត្វនៅក្នុងទឹក វៀតណាមធ្វើបានល្អជាងគេនៅក្នុងតំបន់អាស៊ាន។
យោងតាមប្រព័ន្ធទិន្នន័យគ្រឹះភូតគាមអនាម័យជាតិ ទទួលបានពីអគ្គនាយកដ្ឋានកសិកម្មឱ្យដឹងថា ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ ការនាំចេញកសិផលទៅក្រៅប្រទេសសម្រេចបានបរិមាណសរុប ៧ ១៣១ ៩១៥,០៤ តោន (ទៅទិសដៅ ៦៨ ប្រទេស) កើនឡើង ៣ ៤៤៤ ២៨៨,១៨ តោនស្មើនឹង ៨៧,៥៣ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានត្រឹមតែ ៣ ៦៨៧ ៦២៦,៨៦ តោន៕ LA