ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជានឹងទទួលឥណទានសម្បទានដែលមានទឹកប្រាក់ ២០ ពាន់លានយ៉េនជប៉ុន (១៨០ លានដុល្លារ) ដំណាក់កាលទី ២ សម្រាប់កម្មវិធីគាំទ្របន្ទាន់ ដើម្បីឆ្លើយតបនឹងវិបត្តិការរីករាលដាលជំងឺកូវីដ ១៩ ក្នុងការស្តារសេដ្ឋកិច្ច-សង្គមឡើងវិញ។
នេះបើតាមការលើកឡើងរបស់លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ កាលថ្ងៃទី ២៩ ខែវិច្ឆិកា ឆ្នាំ ២០២១ ក្នុងជំនួបជាមួយលោក Masahiro MIKAMI ឯកអគ្គរាជទូតជប៉ុនប្រចាំកម្ពុជា និងលោកស្រី KAMEI Haruko ប្រធានទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិនៃប្រទេសជប៉ុន (JICA) ប្រចាំកម្ពុជា ដែលគ្រោងនឹងចុះហត្ថលេខានៅអំឡុងខែធ្នូនេះ។
លោក អូន ព័ន្ធមុនីរ័ត្ន បានថ្លែងថា រដ្ឋាភិបាលជប៉ុនតែងជួយគាំទ្រទាំងសម្ភារបច្ចេកទេស និងហិរញ្ញវត្ថុ ចូលរួមចំណែកស្ទើរគ្រប់វិស័យក្នុងការលើកស្ទួយសុខុមាលភាពសង្គម និងការអភិវឌ្ឍកម្ពុជា ជាពិសេសថ្មីៗនេះ រដ្ឋាភិបាលជប៉ុនបានបន្តជួយគាំទ្រជាហិរញ្ញប្បទានបន្ថែមទៀតដល់ការអភិវឌ្ឍសេដ្ឋកិច្ច-សង្គម រួមមាន វិស័យសុខាភិបាល និងទឹកស្អាតជាដើម។
លោកក៏ស្វាគមន៍ចំពោះគំនិតផ្តួចផ្តើមនានាលើការជំរុញការវិនិយោគនានានៅកម្ពុជា និងថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះរដ្ឋាភិបាល និងប្រជាជនជប៉ុនដែលតែងយកចិត្តទុកដាក់ និងបានផ្តល់នូវកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍ដល់កម្ពុជាស្ទើរគ្រប់វិស័យ និងចំទិសដៅ។
លោកបញ្ជាក់ថា សកម្មភាពទាំងនេះឆ្លុះបញ្ចាំងអំពីតួនាទីជប៉ុនដែលជា «ដៃគូអភិវឌ្ឍន៍ជាយុទ្ធសាស្ត្រ» ដ៏សំខាន់ក្នុងការចូលរួមចំណែកដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការជំរុញការអភិវឌ្ឍកម្ពុជា។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ឥណទានសម្បទានដំណាក់កាលទី ២ នេះនឹងយកទៅប្រើជាថវិកាបន្ថែមពីលើថវិការបស់រដ្ឋដែលបានត្រៀមទុក។ លោកថ្លែងថា៖ «កម្ពុជាសាទរគ្រប់ដៃគូដែលចង់ជួយ ហើយប្រាកដណាស់យើងនឹងយកទៅប្រើប្រាស់ឱ្យចំគោលដៅក្នុងការប្រយុទ្ធប្រឆាំងជាមួយកូវីដក៏ដូចជាការលើកស្ទួយសេដ្ឋកិច្ច»។
លោក ហុង វណ្ណៈ អ្នកវិភាគ និងជាអ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជាបានឱ្យដឹងថា ការផ្តល់ឥណទានសម្បទានដំណាក់កាលទី ២ របស់ជប៉ុន ពិតជាមានសារៈប្រយោជន៍ ដោយសារកម្ពុជារងគ្រោះពីវិបត្តិនៃជំងឺកូវីដ ១៩ រយៈពេលជិត ២ ឆ្នាំមកហើយ ដូចនេះការផ្តល់នេះ គឺពិតជាចំគោលដៅ។
លោកបន្ថែមថា ជិត ៣០ ឆ្នាំមកនេះ ជប៉ុន គឺជាប្រទេសដែលផ្តល់ជំនួយជាច្រើនមកកម្ពុជា ដោយមួយចំនួនធំជាជំនួយឥតសំណង។ លោកនិយាយថា៖ «យើងដឹងហើយថា កាលណាយើងប្រើប្រាស់ថវិកាជំនួយរបស់ជប៉ុនប្រកបដោយតម្លាភាព និងសេចក្តីថ្លៃថ្នូរ ខ្ញុំគិតថា ប្រទេសជប៉ុននឹងបន្តផ្តល់ជំនួយជាបន្តបន្ទាប់ទៀត ដែលវាជាតម្រូវការចាំបាច់ណាស់សម្រាប់ប្រទេសកម្ពុជា ដើម្បីជួយជំរុញកំណើនសេដ្ឋកិច្ចសង្គម ពិសេសក្រោយដំណាក់កាលកូវីដ ១៩»៕ LA