ភ្នំពេញៈ អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​ (​អ.គ.រ) បាន​ក្រើនរំលឹក​ម្ចាស់​រថយន្ត​ចង្កូត​ឆ្វេង​ដែល​មិនទាន់​មក​បង់ពន្ធ​ថា ការអនុគ្រោះ​លើ​ការបន្ធូរបន្ថយ​ប្រាក់​ពន្ធអាករ ១០ ​ភាគរយ​នឹងត្រូវ​ដល់​ឱសានវាទ​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១​។

សេចក្តី​ជូនដំណឹង​ពី​អគ្គនាយកដ្ឋាន​គយ​ និង​រដ្ឋាករ​កម្ពុជា​កាលពី​ថ្ងៃទី​ ១ ខែ ធ្នូ ឆ្នាំ​ ២០២១ ឱ្យដឹងថា ផុត​កាលបរិច្ឆេទ​នេះ ម្ចាស់​រថយន្ត​ចង្កូត​ឆ្វេង​គ្មាន​ពន្ធ​នឹងត្រូវ​បង់ប្រាក់​ពន្ធ និង​អាករ​ពេញលេញ​ដោយ​មិន​ទទួលបាន​ការអនុគ្រោះ​បន្ធូរបន្ថយ ១០ ​ភាគរយ​ទៀត​ទេ​។

សេចក្តី​ជូនដំណឹង​បាន​បន្តថា ម្យ៉ាងទៀត​ទោះបី​ការអនុញ្ញាត​ឱ្យ​ចូលមក​បង់ពន្ធ​ និង​អាករ​នេះ​នឹង​បន្ត​រហូតដល់​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២២ ​ក្តី ប៉ុន្តែ​ចាប់ពី​ថ្ងៃទី​ ១ ខែមករា ឆ្នាំ​ ២០២២ តទៅ អ.គ.រ អាច​នឹង​ចុះ​ធ្វើការ​បង្ក្រាប​ជាយថាហេតុ​។ ដោយឡែក​ចំពោះ​រថយន្ត​ចង្កូត​ស្តាំ ការអនុគ្រោះ​បន្ធូរបន្ថយ​ប្រាក់​ពន្ធអាករ​ត្រូវ​បង់ ១០ ​ភាគរយ នឹងត្រូវ​បន្ត​រហូតដល់​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២២ ដើម្បី​មាន​ពេលវេលា​ក្នុង​ការកែ​ចង្កូត​ពីស្តាំ​មក​ឆ្វេង​ឱ្យស្រប​តាមច្បាប់​។ ចាប់ពី​ថ្ងៃទី​ ១ ខែកក្កដា ឆ្នាំ​ ២០២២ អ.គ.រ នឹង​អនុវត្ត​វិធានការ​បង្ក្រាប​យ៉ាង​ម៉ឺងម៉ាត់​បំផុត​។

បន្ទាប់ពី​បង្ក្រាបបាន ម្ចាស់​រថយន្ត​ចង្កូត​ឆ្វេង​នឹងត្រូវ​បង់ពន្ធ​អាករ និង​ពិន័យ ហើយ​រថយន្ត​ចង្កូត​ស្ដាំ​នឹងត្រូវ​ដោះ​ជា​គ្រឿងបន្លាស់ ឬ​កម្ទេចចោល​តាម​នីតិវិធី​ជា​ធរមាន​។ អ.គ.រ សង្ឃឹមថា ម្ចាស់​រថយន្ត​គ្មាន​ពន្ធ​គ្រប់​ប្រភេទ​នឹង​រួសរាន់​ចូលមក​បំពេញ​កាតព្វកិច្ច​ពន្ធ និង​អាករ​នាំចូល​ឱ្យបាន​គ្រប់ៗ​គ្នា និង​ទាន់ពេលវេលា​ដូច​រៀបរាប់​ខាងលើ​។

លោក ស៊ី ណាត មន្ត្រី​ទំនាក់ទំនង​ព័ត៌មាន​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​នៅ​ថ្ងៃទី​ ២ ធ្នូ​ថា ចំពោះ​ម្ចាស់​យានយន្ត​អាច​ទៅ​បង់ពន្ធ​ជាមួយ​សាខាគយ​ក្នុង​ខេត្ត​ដែល​ខ្លួន​កំពុង​រស់នៅ​បាន​។ ចំពោះ​តម្លៃ​វិញ ម្ចាស់​យានយន្ត​អាច​ស្វែងរក​ដោយ​ខ្លួនឯង​តាមរយៈ​ការចូលទៅ​គេហទំព័រ​របស់​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​។

លោក​និយាយថា​៖ «​នៅពេល​ម្ចាស់​យានយន្ត​ចូលទៅក្នុង​វេបសាយ​នេះ គាត់​អាច​ជ្រើសរើស​ម៉ាក​រថយន្ត និង​ប្រភេទ​រថយន្ត បន្ទាប់មក​វា​នឹង​ចេញ​ប្រាក់​ពន្ធ​ប៉ាន់ស្មាន​។ គាត់​អាច​ត្រៀម​ថវិកា​តាម​ស្ថានភាព​នៃ​រថយន្ត និង​ស្ថានភាព​របស់ខ្លួន​»​។

លោក​បន្តថា ចាប់តាំងពី​ចុងខែ​កញ្ញា ឆ្នាំ​ ២០២១ រហូតដល់​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​២០២១ គឺជា​ការអនុគ្រោះ​ពន្ធ​ចំនួន ១០ ​ភាគរយ​។ ដូច្នេះ​ជិត​ដល់​ថ្ងៃ​ផុត​កាលបរិច្ឆេទ​ទើប អ.គ.រ ចេញ​សេចក្តី​ជូនដំណឹង​ក្រើនរំឭក​បន្ថែម​ដល់​ម្ចាស់​យានយន្ត​។

បើតាម លោក ស៊ី ណា ក្នុង​រយៈពេល​ប៉ុន្មាន​ខែ​កន្លងមកនេះ​មាន​ម្ចាស់​រថយន្ត​ចង្កូត​ឆ្វេង និង​កែ​ចង្កូត​ជាច្រើន​បាន​ចូលខ្លួន​ទៅ​បង់ពន្ធ​នៅតាម​សាខាគយ និង​រដ្ឋាករ​ទូទាំងប្រទេស ប៉ុន្តែ​លោក​មិនមាន​តួលេខ​ចំនួន​រថយន្ត និង​ថវិកា​នោះទេ​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​គយ និង​រដ្ឋាករ​កម្ពុជា​លោក គុណ ញឹម ក្នុង​សន្និសីទ​សារព័ត៌មាន​ស្តីពី​វឌ្ឍនភាព​នៃ​ការអនុវត្ត​ការប្រមូល​ពន្ធ​លើ​យានយន្ត​គ្មាន​ពន្ធ និង​អាករ​នាំចូល​ដែលមាន​ស្រាប់​ក្នុងប្រទេស តាម​ប្រព័ន្ធ​វីដេអូ កាលពី​ថ្ងៃទី​ ២៧ ខែតុលា ឱ្យដឹងថា បើ​គិតពី​កាលបរិច្ឆេទ​នៃ​ការចាប់ផ្តើម​ប្រមូល​ពន្ធ​ និង​អាករ លើ​រថយន្ត​គ្មាន​ពន្ធ​មាន​ស្រាប់​ក្នុងប្រទេស​ជ្រក​ក្រោម​ស្លាក​លេខ​ផ្សេងៗ រហូត​មក​ដល់​ត្រឹម​ថ្ងៃទី​ ២៦ ខែតុលា មាន​រថយន្ត​សរុប ៥៤២ គ្រឿង (​រថយន្ត​ចង្កូត​ស្តាំ​ ១៩០ ​គ្រឿង​) បាន​ស្ម័គ្រចិត្ត​ចូលមក​បំពេញ​កាតព្វកិច្ច​បង់ពន្ធ​។

លោក​បាន​បន្តថា ដើម្បី​ជួយ​សម្រាល​បន្ទុក​ដល់​ម្ចាស់​រថយន្ត អ.គ.រ បាន​បន្ធូរបន្ថយ​តម្លៃ​គិត​ពន្ធ​លើ​រថយន្ត​គ្មាន​ពន្ធ​ដែលមាន​ស្រាប់​ក្នុងប្រទេស ពិសេស​ប្រភេទ​មាន​ឆ្នាំ​ម៉ូដែល​ចាស់ៗ បន្ថែម​ពីលើ​ការអនុគ្រោះ​ប្រាក់​ពន្ធ​ និង​អាករ​ចំនួន ១០ ​ភាគរយ ដែល​សម្រេច​រួច​ដោយ​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​។

លោក​បញ្ជាក់ថា​៖ «​ការអនុគ្រោះ​នឹងត្រូវ​បញ្ចប់​ត្រឹម​ថ្ងៃទី​ ៣១ ខែធ្នូ ឆ្នាំ​ ២០២១ សម្រាប់​រថយន្ត​ចង្កូត​ឆ្វេង​។ ទោះ​យ៉ាងណា​ម្ចាស់​រថយន្ត​នៅតែ​អាច​បង់ពន្ធ​អាករ​បាន ប៉ុន្តែ​ត្រូវ​បង់ពន្ធ និង​អាករ​ពេញ ដោយ​គ្មាន​ការបន្ធូរបន្ថយ​រហូត​ទៅដល់​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២២​។ សម្រាប់​រថយន្ត​ចង្កូត​ស្តាំ ការអនុគ្រោះ​នឹងត្រូវ​បន្ត​រហូតដល់​ថ្ងៃទី​ ៣០ ខែមិថុនា ឆ្នាំ​ ២០២២ ដោយសារ​ម្ចាស់​ត្រូវការ​ពេលវេលា​ក្នុង​ការកែ​ចង្កូត​»៕LA

វីដេអូ៖