ភ្នំពេញៈ កម្ពុជាបាននាំចេញស្រូវ-អង្ករ នៅក្នុងបរិមាណសរុបជាង ៣,៦ លានតោន នារយៈពេល ១១ ខែឆ្នាំ ២០២១ ក្នុងតម្លៃសរុប ១ ០០១ លានដុល្លារ។ នេះបើតាមទិន្នន័យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។
ទិន្នន័យឱ្យដឹងថា ចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ ២០២១ កម្ពុជានាំចេញអង្ករក្នុងបរិមាណសរុប ៥៣២ ១៧៩ តោន ថយចុះ ១១,៤៦ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានចំនួន ៦០១ ០៤៥ តោន។ ប្រាក់ដែលទទួលបានពីការនាំចេញអង្ករមានចំនួន ៤៥៤ ៤៨០ ៨៦៦ ដុល្លារ។ ចំណែកការនាំចេញស្រូវក្នុងរយៈពេលខាងលើសម្រេចបាន ៣ ១២៣ ២៤២ តោន (ទៅប្រទេសវៀតណាម) កើនឡើង ៧៥,៧៥ ភាគរយបើធៀបនឹងរយៈពេលដូចគ្នានៅឆ្នាំ ២០២០។ ទឹកប្រាក់ទទួលបានពីការនាំចេញស្រូវមាន ៥៤៦ ៥៦៧ ៣៥០ ដុល្លារ។
ទីផ្សារទទួលទិញអង្ករពីកម្ពុជា រួមមាន សហភាពអឺរ៉ុប (២២ ប្រទេស) ១៣៤ ៤៣៨ តោន ធ្លាក់ចុះ ២៨,៦៦ ភាគរយ ប្រទេសចិន ២៦៥ ២៤៤ តោន កើន ១២,៩០ ភាគរយ តំបន់អាស៊ាន (៧ ប្រទេស) ៥៤ ៣៥០ តោន ថយចុះ ៣០,៥១ ភាគរយ និងទិសដៅដទៃទៀត (២៤ ប្រទេស) មាន ៧៨ ១៤៧ តោន ធ្លាក់ ២១,៤៣ ភាគរយ។ អង្ករនាំចេញ រួមមាន អង្ករក្រអូបគ្រប់ប្រភេទ ៣៨៩ ៩១២ តោន ស្មើនឹង ៧៣,២៧ ភាគរយអង្ករសគ្រប់ប្រភេទ ១៣២ ៦៧៥ តោន ស្មើនឹង ២៤,៩៣ ភាគរយ និងអង្ករចំហុយ ៩ ៥៩២ តោន ស្មើនឹង ១,៨០ ភាគរយ។
ក្រុមហ៊ុនដែលបាននាំចេញអង្ករទៅទីផ្សារអន្តរជាតិមានចំនួនសរុប ៦១ ហើយបរិមាណអង្ករដែលនាំចេញដោយក្រុមហ៊ុនធំៗចំនួន ១០ មានរហូតដល់ ៣៩៣ ១៣១ តោន (ស្មើ ៧៣,៨៨ ភាគរយ) និងក្រុមហ៊ុន ៥១ ដទៃទៀតបាននាំចេញត្រឹមតែ ១៣៩ ០៤៨ តោន (២៦,១២ ភាគរយ)។
ដោយឡែកក្នុងខែវិច្ឆិកា ឆ្នាំ ២០២១ ការនាំចេញអង្ករ សម្រេចបាន ៧២ ០១០ តោន កើនឡើង ១១,២៣ ភាគរយបើធៀបនឹងខែវិចិ្ឆកា ឆ្នាំ ២០២០ ដែលមានចំនួន ៦៤ ៧៤០ តោន។
អនុប្រធានសហព័ន្ធស្រូវអង្ករកម្ពុជា លោក ចាន់ សុខឃាំង បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ២ ខែវិច្ឆិកាថា ការធ្លាក់ចុះបរិមាណនៃការនាំចេញអង្ករគឺបណ្តាលមកពីតម្លៃដឹកជញ្ជូនកើនឡើងខ្ពស់ និងកង្វះទូកុងតឺន័រសម្រាប់ដាក់អង្ករ (ប្រភេទកុងតឺន័រ ២០ ហ្វីត) ដែលបញ្ហានេះបានកើនឡើងតាំងពីដើមឆ្នាំ ២០២១ មក។ ស្ថានភាពនេះបានធ្វើឱ្យការនាំចេញអង្ករទៅគោលដៅឆ្ងាយៗជួបបញ្ហាខ្លាំង ពិសេសទីផ្សារសហគមន៍អឺរ៉ុប។ លោកបន្ថែមថា ទោះយ៉ាងណារយៈពេល ២-៣ ខែចុងក្រោយនេះបរិមាណនៃការនាំចេញអង្ករបានចាប់ផ្តើមរើបឡើងវិញបណ្តើរៗហើយ។
លោកបានថ្លែងថា៖ «មូលហេតុការនាំចេញធ្លាក់ចុះគឺដោយសារតម្លៃដឹកជញ្ជូននៅតែខ្ពស់ដែលធ្វើឱ្យក្រុមហ៊ុននាំចេញសម្រេចពន្យារពេល ឬពិបាកក្នុងការរកប្រាក់ចំណេញ»។
សម្រាប់បរិមាណនាំចេញនៅឆ្នាំ ២០២២ ខាងមុខ លោក សុខឃាំង ប្រាប់ថា លោកមិនហ៊ានវាយតម្លៃថានឹងមានស្ថានភាពបែបណានោះទេ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជាបាននិយាយថា បើទោះបីស្ថានភាពនៃការដឹកជញ្ជូននៅក្នុងស្រុកមានដំណើរការល្អជាធម្មតា ប៉ុន្តែការដឹកជញ្ជូនជាអន្តរជាតិ ពិសេសតាមផ្លូវទឹក គឺនៅតែជួបបញ្ហាប្រឈមច្រើនទាក់ទងនឹងតម្លៃដឹកជញ្ជូនដែលកើនឡើងខ្ពស់។ បញ្ហាទាំងនេះគឺកើតមានសម្រាប់ការដឹកជញ្ជូនទំនិញឆ្លងប្រទេសទាំងអស់លើពិភពលោក។
លោកអះអាងថា៖ «ឧបសគ្គនៃតម្លៃ ធ្វើឱ្យការដឹកទំនិញពីកម្ពុជាទៅកាន់គោលដៅឆ្ងាយៗដូចជាតំបន់អឺរ៉ុប និងអាមេរិកត្រូវជួបបញ្ហាច្រើន»។
ទោះយ៉ាងណា លោករំពឹងថា ការធ្លាក់ចុះតម្លៃប្រេងនៅលើទីផ្សារពិភពលោកនារយៈពេលចុងក្រោយនេះ នឹងជួយធ្វើឱ្យតម្លៃដឹកជញ្ជូនចាប់ពីដើមឆ្នាំ ២០២២ ធ្លាក់ចុះបន្តិចមកវិញ។
កាលពីឆ្នាំ ២០២០ ប្រទេសកម្ពុជាបាននាំចេញអង្ករសរុប ៦៩០ ៨២៩ តោន ដោយមានតម្លៃជិត ៥៣៩ លានដុល្លារ កើនឡើង ១១,៤០ ភាគរយ បើធៀបនឹងឆ្នាំ ២០១៩។ នេះបើតាមទិន្នន័យរបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ៕