ភ្នំពេញៈ មន្ត្រីក្រសួងពាណិជ្ជកម្មអះអាងថា ក្រសួងតម្រូវឱ្យសហគ្រាសឯកបុគ្គល នីតិបុគ្គល និងសាខាក្រុមហ៊ុនបរទេសដែលធ្វើអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិកទាំងអស់ត្រូវតែមកដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ដើម្បីការពារអ្នកប្រើប្រាស់។
លោក ឱម តារាឫទ្ធិ ប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មនៃក្រសួងពាណិជ្ជកម្មបានប្រាប់ភ្នំពេញប៉ុស្តិ៍ថា មូលហេតុដែលក្រសួងតម្រូវឱ្យអាជីវកម្មតាមអនឡាញទាំងអស់ត្រូវតែដាក់ពាក្យស្នើសុំលិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះ គឺដើម្បីការពារសិទ្ធិរបស់អ្នកប្រើប្រាស់ទាំងអស់ ខណៈកន្លងមកមានបញ្ហាជាច្រើនរវាងអ្នកលក់ និងអ្នកប្រើប្រាស់។
លោកបន្ថែមថា នៅអំឡុងពេលនៃវិបត្តិកូវីដ ១៩ អាជីវកម្មតាមប្រព័ន្ធអនឡាញកាន់តែពេញនិយម និងជួយសម្រួលដល់ការរស់នៅរបស់ប្រជាជនបានច្រើន ជាពិសេសអាជីវកម្មលក់ម្ហូបអាហារ សម្លៀកបំពាក់ និងសម្ភារប្រើប្រាស់ ប៉ុន្តែបញ្ហា ជម្លោះរវាងអ្នកលក់ និងអ្នកទិញយកទៅប្រើប្រាស់ក៏មានមិនតិចដែរ។
លោកលើកឡើងថា៖ «កន្លងមកមានបញ្ហាច្រើនដែលបង្កើតឱ្យមានភាពមិនទុកចិត្តគ្នារវាងអ្នកប្រើប្រាស់ និងអ្នកលក់ គឺពេលខ្លះអ្នកទិញ គាត់ទិញអីវ៉ាន់ហើយ នៅពេលយកដល់ខុសពីការផ្សព្វផ្សាយ ពេលខ្លះគេបង់លុយហើយ គេយកអីវ៉ាន់ទៅឱ្យមិនទាន់ពេលជាដើម គឺបញ្ហាកើតមានច្រើនណាស់ ដូច្នេះយើងមានច្បាប់ការពារសិទ្ធិអ្នកប្រើប្រាស់ ដើម្បីការពារផលប្រយោជន៍អ្នកប្រើប្រាស់ ឬអ្នកទិញ»។
ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ១ ខែធ្នូ ឆ្នាំ ២០២១ បានជូនដំណឹងពីការពន្យារពេលការដាក់ពាក្យស្នើសុំ លិខិតអនុញ្ញាត ឬអាជ្ញាប័ណ្ណពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកនេះរហូតដល់ថ្ងៃទី ១ ខែមីនា ឆ្នាំ ២០២២ ដោយសារក្រសួងសង្កេតឃើញថា សហគ្រាស-ក្រុមហ៊ុនទាំងនោះបាននិងកំពុងរៀបចំឯកសារជាមួយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។
បើតាមលោកប្រធាននាយកដ្ឋានចុះបញ្ជីពាណិជ្ជកម្មក្នុងករណីដែលក្រសួងពន្យារពេលដល់ដើមខែមីនា ឆ្នាំ ២០២២ ប៉ុន្តែក្រុមហ៊ុន និងសហគ្រាសទាំងនោះនៅតែមិនព្រមដាក់ពាក្យស្នើសុំ ក្រសួងនឹងចាត់វិធានការតាមច្បាប់ ដោយនឹងផ្អាកប្រតិបត្តិការអាជីវកម្មតាមប្រព័ន្ធអេឡិចត្រូនិក (ការលក់ដូរអនឡាញ) ហើយនឹងអាចពិន័យជាប្រាក់រហូតដល់ ១០ លានរៀលសម្រាប់អាជីវកម្មតាមអនឡាញណា ធ្វើសកម្មភាពលក់ដូរតាមអនឡាញដោយគ្មានច្បាប់អនុញ្ញាតនេះ។
ច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់មាន ១១ ជំពូក ៥១ មាត្រា ត្រូវបានប្រកាសឱ្យប្រើប្រាស់ជាប្រញាប់កាលពីថ្ងៃទី ២ ខែវិច្ឆិកា ឆ្នាំ ២០១៩ ក្នុងគោលដៅកំណត់វិធាន និងយន្តការដើម្បីរួមចំណែកបង្កើតបរិយាកាសនៃការធ្វើពាណិជ្ជកម្ម ដែលក្នុងនោះសិទ្ធិ និងផលប្រយោជន៍អ្នកប្រើប្រាស់ត្រូវបានការពារ, ការធ្វើពាណិជ្ជកម្មមានការប្រកួតប្រជែងដោយសុចរិត និងអ្នកប្រើប្រាស់ក៏ដូចជាពាណិជ្ជករ ធ្វើសកម្មភាពជាមួយគ្នាដោយមានទំនុកចិត្ត៕ LA