ភ្នំពេញៈ កម្ពុជា-ហ្វីលីពិនបានប្តេជ្ញាក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម និងបង្កើនទំហំនៃការវិនិយោគ ដើម្បីធ្វើយ៉ាងណាលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចនៃប្រទេសដែលជាសមាជិកអាស៊ានទាំង ២ កាន់តែច្រើនបន្ថែមទៀត។
កាលពីថ្ងៃទី ២ ខែធ្នូ ឆ្នាំ ២០២១ លោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា និង លោក Amb. Benedicto V. Yujuico ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីនបានចុះអនុស្សរណៈនៃការយោគយល់គ្នា (MoU) តាមប្រព័ន្ធអនឡាញសំដៅបង្កើនទំនាក់ទំនងពាណិជ្ជកម្ម និងកិច្ចសហប្រតិបត្តិការអាជីវកម្ម និងវិនិយោគរវាងប្រទេសទាំង ២។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះប្រព្រឹត្តទៅក្នុងអំឡុងពេលនៃកិច្ចប្រជុំគណៈកម្មាការចម្រុះស្តីពីកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ហ្វីលីពីនលើកទី ៣ ក្រោមអធិបតីភាពលោក ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការ-អន្តរជាតិនៃព្រះរាជាណាចក្រកម្ពុជា និងលោក Honorable Teodoro L. Locsin Jr រដ្ឋមន្ត្រីក្រសួងការបរទេសនៃសាធារណរដ្ឋហ្វីលីពីន។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់សភាពាណិជ្ជកម្មកម្ពុជា៖ «MoU នេះធ្វើឡើងក្នុងគោលបំណងចូលរួមជំរុញ និងពង្រឹងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងធុរកិច្ចរវាងកម្ពុជា និង សាធារណរដ្ឋហ្វីលីពីនក្នុងវិស័យជាច្រើនដូចជា បច្ចេកវិទ្យាព័ត៌មាន និងនវានុវត្តន៍ កសិកម្ម កម្មន្តសាលអាជីវកម្មសិទ្ធិពិសេស ទេសចរណ៍ សេវាកម្ម និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យម»។
លោក គិត ម៉េង បានសរសេរលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួនថា ក្នុងនាមលោកជាប្រធានសភាពាណិជ្ជកម្មកម្ពុជា លោកសូមធ្វើការចែករំលែកព័ត៌មានដ៏ល្អនេះ អំពីការចុះអនុស្សរណៈនៃការយោគយល់គ្នាជាមួយលោក បេណាឌីកតូ វី យូជូកូ (Amb. Benedicto V. Yujuico) ប្រធានសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីន គឺរវាងសភាពាណិជ្ជកម្មកម្ពុជា និងសភាពាណិជ្ជកម្ម និងឧស្សាហកម្មហ្វីលីពីនក្នុងគោលបំណងបង្កើនកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច បង្កើនពាណិជ្ជកម្ម និងពង្រីកការវិនិយោគលើវិស័យបច្ចេកវិទ្យាព័ត៌មាន និងទំនាក់ទំនង និងការច្នៃប្រឌិត កសិកម្ម ផលិតកម្ម សិទ្ធិផ្តាច់មុខ ទេសចរណ៍ សេវាកម្ម និងការអភិវឌ្ឍសហគ្រាសធុនតូច និងមធ្យមក្នុងចំណោមវិស័យផ្សេងៗទៀត។
លោកថា៖ «ខ្ញុំមានទំនុកចិត្តយ៉ាងមុតមាំថា កិច្ចសហប្រតិបត្តិការនេះនឹងពង្រឹងកិច្ចសហប្រតិបត្តិការពាណិជ្ជកម្ម និងសេដ្ឋកិច្ច និងការពង្រីកទំនាក់ទំនងរវាងកម្ពុជា-ហ្វីលីពីន។ សភាទាំង ២ នឹងផ្លាស់ប្តូរព័ត៌មានជាទៀងទាត់ រៀបចំបេសកកម្មពាណិជ្ជកម្ម និងវិនិយោគ រៀបចំសិក្ខាសាលា និងសន្និសីទ រៀបចំពិព័រណ៍ និងរៀបចំការផ្គូផ្គងអាជីវកម្មផ្សេងៗទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីថ្ងៃទី ១៧ ខែកុម្ភៈ បានអំពាវនាវឱ្យប្រទេសហ្វីលីពីន វិនិយោគលើវិស័យស្រូវអង្កររបស់កម្ពុជា ដោយស្នើឱ្យពួកគេនាំចេញទំនិញប្រើប្រាស់មកប្រទេសកំណើត និងទៅកាន់បណ្ដាប្រទេសនានាលើពិភពលោក។
លោកបានធ្វើការអំពាវនាវនេះក្នុងឱកាសចូលជួបសម្តែងការគួរសមដោយលោកស្រី Maria Amelita C Aquino ឯកអគ្គរដ្ឋទូតហ្វីលីពីនថ្មីប្រចាំនៅកម្ពុជា នៅវិមានសន្តិភាព រាជធានីភ្នំពេញ។
លោកថ្លែងថា៖ «ប្រទេសហ្វីលីពីនអាចវិនិយោគនៅកម្ពុជា តាមរយៈការផ្តល់ហិរញ្ញប្បទានដល់រោងម៉ាស៊ីន កិនស្រូវ សាងសង់ឃ្លាំងស្តុកស្រូវ និងបង្កើតបណ្តាញទិញស្រូវសម្រាប់ស្តុកទុក និងនាំចេញទៅកាន់ប្រទេស ហ្វីលីពីន»។ លោកបន្តថា កម្ពុជាមានអង្ករប្រហែល ៦ លានតោននៅក្នុងស្តុករបស់ខ្លួនក្នុង ១ ឆ្នាំៗ។
យោងតាម MoU នេះ សភាពាណិជ្ជកម្មនៃប្រទេសទាំង ២ ក៏បានសន្យានឹងចែករំលែកព័ត៌មានឱ្យគ្នាទៅវិញទៅមកជាទៀងទាត់ ក៏ដូចជារៀបចំបេសកកម្មធុរកិច្ច និងវិនិយោគ សិក្ខាសាលា សន្និសីទ ការតាំងពិព័រណ៍ និងជំនួបជាពាណិជ្ជកម្ម ជាដើម។
ភាគីទាំង ២ ក៏បានឯកភាពគ្នាក្នុងការបង្កើតក្រុមប្រឹក្សាធុរកិច្ចហ្វីលីពីន-កម្ពុជា ដែលមានទីស្នាក់ការនៅសាធារណរដ្ឋហ្វីលីពីន និងក្រុមប្រឹក្សាធុរកិច្ចកម្ពុជា-ហ្វីលីពីន ដែលមានទីស្នាក់ការនៅកម្ពុជា ដើម្បីពិភាក្សារៀបចំផែនការវិនិយោគនៅពេលអនាគត៕