ខណៈដែលការរស់នៅរបស់ប្រជាជនកាន់តែស៊ីវីល័យ តម្រូវការអាហាររហ័សកាន់តែមានសារៈសំខាន់សម្រាប់ការបរិភោគប្រចាំថ្ងៃ។ ទីផ្សារភីហ្សាត្រូវបានគេមើលឃើញកំណើនខ្លាំងក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយរកចំណូលបានប្រហែល ១០០ លានដុល្លារក្នុង ១ ឆ្នាំ។ ដោយមានយីហោថ្មីៗចូលទីផ្សារ ហើយខ្សែចង្វាក់ដែលមានស្រាប់នៅតែបន្តកើនឡើង។
លោក ម៉ៃ គុណមករា ការីនិពន្ធព័ត៌មានសេដ្ឋកិច្ចនៅកាសែតភ្នំពេញប៉ុស្ដិ៍ បានជួបសម្ភាសលោក ហេង សេងលី នាយកប្រតិបត្តិក្រុមហ៊ុន UFG ដែលជាប្រតិបត្តិករ Pizza Hut ដែលមានមូលដ្ឋាននៅអាមេរិក ប្រចាំនៅកម្ពុជា ដើម្បីពិភាក្សាអំពីដំណើរនៃការនាំយកយីហោ Pizza មកកាន់កម្ពុជា និងយុទ្ធសាស្ត្ររបស់ក្រុមហ៊ុនរបស់លោក ដើម្បីទទួលបានចំណែកទីផ្សារ Pizza កាន់តែធំ។
តើមានប្រវត្តិយ៉ាងណាដែរចំពោះការនាំយក Pizza Hut មកកម្ពុជា? តើវាចាប់ផ្តើមដោយរបៀបណា?
លោក សេងលី៖ រឿងនេះបានចាប់ផ្តើមឡើងកាលពីឆ្នាំ ២០២០ នៅពេលដែលក្រុមហ៊ុនផ្តល់ប្រឹក្សាយោបល់នៅកម្ពុជាមួយបានទាក់ទងយើង ដើម្បីបង្ហាញពីគោលបំណងក្នុងការនាំយក Pizza Hut មកកម្ពុជា។ ជាមួយគ្នានេះដែរ Yum! Brands, Inc., ដែលជាយីហោក្រុមហ៊ុនរបស់ Pizza Hut រំពឹងថានឹងពង្រីកយីហោនៅអាស៊ីប៉ាស៊ីហ្វិក ហើយក្រុមហ៊ុនប្រឹក្សាយោបល់មួយនេះទទួលបន្ទុកក្នុងការស្វែងរកដៃគូដែលមានសក្តានុពល។
ដូច្នេះយើងបានចូលរួមការដេញថ្លៃជាមួយក្រុមហ៊ុនមួយចំនួនដែលជាក្រុមហ៊ុនបុត្រសម្ព័ន្ធនៃក្រុមហ៊ុនពហុផលិតផលនៅក្នុងប្រទេសកម្ពុជា និងក៏មានក្រុមហ៊ុនមួយ មកពីប្រទេសជិតខាងកម្ពុជា ដែលចូលរួមការប្រកួតប្រជែងដេញថ្លៃនេះផងដែរ។ បន្ទាប់ពីការរៀបចំដំណើរការនៃការជ្រើសរើសជាច្រើនដងមក យើងមានកិត្តិយស និងមោទនភាពក្នុងនាមជាប្រតិបត្តិករដែលត្រូវបានជ្រើសរើសដោយ Pizza Hut លំដាប់ថ្នាក់ពិភពលោកនៅកម្ពុជា។
មូលហេតុអ្វីបានជាលោកត្រូវបានជ្រើសរើស ក្នុងចំណោមជាបេក្ខជនដែលមានសក្ដានុពលមួយចំនួនក្នុងការប្រកួតប្រជែង?
លោក សេងលី៖ ខ្ញុំគិតថាយើងត្រូវបានគេជ្រើសរើសដោយសារយើងដឹងយ៉ាងច្បាស់ពីរបៀបធ្វើឱ្យយីហោនេះ ទទួលបានជោគជ័យនៅកម្ពុជា។ យើងមានបទពិសោធរយៈពេល ២ ទសវត្សរ៍លើអាហារ និងភេសជ្ជៈ ហើយភ័ស្តុតាងនេះបង្ហាញថា យើងមានលក្ខណសម្បត្តិគ្រប់គ្រាន់ ដើម្បីធានាបាននូវប្រតិបត្តិការដ៏រលូននៃ Pizza Hut នៅកម្ពុជា។
ដូចដែលអ្នកបានដឹងហើយថា Pizza Hut ត្រូវបាននាំយកមកប្រទេសកម្ពុជាដោយ United Food Group (UFG) ជាសាជីវកម្មចង្វាក់ម្ហូបអាហារក្នុងស្រុក ដែលជាម្ចាស់ភោជនីយដ្ឋានឈានមុខគេនៅកម្ពុជា Park Café ដែលដំណើរការហាងចំនួន ២០ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ក្រុមហ៊ុន UFG ត្រូវបានគ្រប់គ្រងដោយក្រុមហ៊ុន V-Trust Group ជាមួយនឹងក្រុមហ៊ុន EMIA Investments Cambodia ដែលមានមូលដ្ឋាននៅប្រទេសសិង្ហបុរី។ ដូច្នេះហើយ ដោយមានដើមទុនគ្រប់គ្រាន់ ធនធាន ជំនាញ និងចក្ខុវិស័យច្បាស់លាស់ យើងជាបេក្ខជនដ៏គួរឱ្យទុកចិត្ត ហើយយើងប្តេជ្ញាធ្វើឱ្យ Pizza Hut ក្លាយជាជម្រើសយីហោភីហ្សាក្នុងចំណោមយុវវ័យកម្ពុជា ដែលចូលចិត្តរបៀបរស់នៅតាមបែបសម័យទំនើប។
ទីផ្សារភីហ្សារបស់កម្ពុជាកំពុងប្រឈមនឹងការប្រកួតប្រជែងយ៉ាងខ្លាំង ខណៈដែលប្រតិបត្តិករជាច្រើនកំពុងដណ្ដើមចំណែកទីផ្សារមួយនេះ។ តើលោកយល់យ៉ាងណាដែរ ចំពោះរឿងនេះ?
លោក សេងលី៖ ទោះបីជា ភីហ្សាជាម្ហូបបស្ចិមប្រទេសក៏ដោយ ក៏ការញ៉ាំវានៅប្រទេសកម្ពុជាគឺជារឿងធម្មតាណាស់ ជាពិសេសក្នុងចំណោមយុវវ័យ។ ការព្យាកររបស់ក្រុមហ៊ុន UFG កាលពីឆ្នាំ ២០១៩ បានបង្ហាញថា ទីផ្សារភីហ្សា រកប្រាក់ចំណូលបានយ៉ាងហោចណាស់ ១០០ លានដុល្លារនៅកម្ពុជា ជាមួយនឹងអត្រាកំណើនពី ១៥ ទៅ ២០ ភាគរយប្រចាំឆ្នាំ។
យើងជឿជាក់ថា Pizza Hut នឹងអាចស្វែងរកចំណែកទីផ្សារភីហ្សាកាន់តែធំនៅកម្ពុជា ហើយយើងគ្រោងនឹងចំណាយពេល ៣ ឆ្នាំដើម្បីបើកដំណើរហាងឱ្យស្មើនឹងចំនួនដែលក្រុមហ៊ុនដែលមានស្រាប់បានចំណាយពេល ១៥ ឆ្នាំ។ យើងមានគោលបំណងផ្សព្វផ្សាយវប្បធម៌ញ៉ាំភីហ្សាបែបទំនើបដល់ប្រទេសកម្ពុជាជាមួយនឹងប្រភពដើម ភីហ្សា ដែលមានគុណភាពល្អ។
តើលោកអាចជម្រាបបានទេថាអ្វីទៅជាលក្ខណពិសេសរបស់ Pizza Hut ដែលជំរុញឱ្យលោកហ៊ានចូលរួមការប្រកួតប្រជែងមួយនេះ?
លោក សេងលី៖ ភីហ្សាមិនមែនជាអាហាររបស់កម្ពុជា ឬអាស៊ាននោះទេ ប៉ុន្តែជាអាហារបែបលោកខាងលិច។ Pizza Hut មានដើមកំណើតមកពីអាមេរិក ខណៈដែលយីហោភីហ្សាដែលមានស្រាប់ជាច្រើនមកពីប្លុកអាស៊ាន។ ខុសពីយីហោ Pizza ផ្សេងទៀត Pizza Hut Cambodia មានអត្ថប្រយោជន៍ដ៏ប្រសើរនៃការចែករំលែកការអនុវត្តល្អបំផុតនៅទូទាំងពិភពលោក ដែលអាចឱ្យយើងបង្កើតផលិតផលថ្មី ផ្តល់ជូននូវសុវត្ថិភាពម្ហូបអាហារលំដាប់ពិភពលោក និងការរចនាហាងលក់ប្រកបដោយគំនិតដ៏ល្អបំផុត។
Pizza Hut មានភោជនីយដ្ឋានចំនួន ១៨ ៧០៣ នៅក្នុងបណ្ដាប្រទេសជាង ១១០ ជុំវិញពិភពលោក។ លោកអាចស្រមៃថាប្រសិនបើប្រទេស ១ បង្កើតផលិតផលថ្មី ១ ក្នុង ១ ឆ្នាំ យើងមានសេវាកម្ម និងផលិតផលថ្មីយ៉ាងហោចណាស់ ១១០ មុខ សម្រាប់បំពេញតម្រូវការរបស់អតិថិជន។ យើងជាយីហោដំបូងគេដែលបង្កើតថ្មីនូវ Cheese Bites និង Pan Pizza។ យើងបន្តបង្ហាញផលិតផលថ្មី រសជាតិថ្មី រូបរាងថ្មី ដូច្នេះអតិថិជនរបស់យើងនឹងទទួលបានបទពិសោធផលិតផលគុណភាពលំដាប់ថ្នាក់ពិភពលោក ដែលពួកគេមិនអាចភ្លក្សរសជាតិវានៅក្នុងយីហោផ្សេងទៀតបាននោះទេ។
ទាក់ទងនឹងសុវត្ថិភាពចំណីអាហារ យើងប្រើប្រាស់បន្លែដែលមានវិញ្ញាបនបត្រការអនុវត្តកសិកម្មល្អ (GAP) យើងប្រើប្រាស់ទឹកដែលចម្រោះតែប៉ុណ្ណោះ និងធ្វើតេស្តនៅវិទ្យាស្ថានប៉ាស្ទ័រនៅកម្ពុជាផងដែរ។
តើការមកដល់របស់ Pizza Hut មានន័យយ៉ាងណាចំពោះយីហោផ្សេងទៀត ហើយតើលោកយល់យ៉ាងណាដែរ ចំពោះការរីកចម្រើនយ៉ាងឆាប់រហ័សនៃយីហោភីហ្សា?
លោក សេងលី៖ សម្រាប់អ្នកចូលចិត្តញាំ Pizza ភាគច្រើន ការមកដល់របស់ Pizza Hut មកកាន់ប្រទេសកម្ពុជានឹងផ្តល់នូវជម្រើសកាន់តែប្រសើរ ហើយវានឹងក្លាយជាការដាស់តឿនដល់ក្រុមហ៊ុនដែលមានស្រាប់ឱ្យប្រុងប្រយ័ត្នចំពោះកេរដំណែលនៃយីហោថ្មីៗ។
ចង់ ឬមិនចង់ ក្រុមហ៊ុនដែលមានស្រាប់នឹងកែលម្អសេវាកម្ម និងគុណភាព ដើម្បីរក្សាចំណែកទីផ្សាររបស់ខ្លួន ពីព្រោះពួកគេមិនចង់ទទួលបានចំណែកទីផ្សារកាន់តែរួមតូចនោះទេ។ នៅពេលនោះអត្ថប្រយោជន៍នឹងបានទៅដល់ដៃអ្នកប្រើប្រាស់ជាក់ស្ដែង។ ជាថ្មីម្តងទៀត រសជាតិដើមនៃភីហ្សាលំដាប់ពិភពលោក នៅពេលនេះបានមកដល់ហើយ វាអាចជាសុបិនអាក្រក់របស់បណ្ដាក្រុមហ៊ុនដែលមានស្រាប់៕LA