ភ្នំពេញ: ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍សហការជាមួយប្រទេសកូរ៉េ សិក្សាទីតាំងសម្រាប់ បង្កើតមជ្ឈមណ្ឌលពិសោធន៍ចំណីអាហារនៅកម្ពុជាក្នុងរយៈពេល ៥ ឆ្នាំខាងមុខ ដើម្បីបង្កភាពងាយស្រួលដល់ក្រុមហ៊ុន ឧស្សាហកម្ម ផលិតចំណីអាហារយកមកត្រួតពិនិត្យ ដើម្បីសុវត្ថិភាព គុណភាព និងស្តង់ដាសម្រាប់ផ្គត់ផ្គង់នៅក្នុងទីផ្សារ និងធ្វើការនាំចេញបានលឿន។
លោក ជា ឡាហៃ មន្ត្រីនៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ នេះឱ្យដឹងថា បច្ចុប្បន្ន នេះក្រុមការងារទាំងភាគីកម្ពុជា និងកូរ៉េ បាននិងកំពុងសិក្សាលើការបង្កើតមជ្ឈមណ្ឌលពិសោធន៍ចំណីអាហារនៅកម្ពុជានេះ ដើម្បីស្នើសុំជំនួយថវិកាពីរដ្ឋាភិបាលកូរ៉េលើការរៀបចំគាំទ្រលើហេដ្ឋារចនាសម្ព័ន្ធ និងបច្ចេកទេស។
លោកបានបន្តថា ការសិក្សាទីតាំងសម្រាប់បង្កើតមជ្ឈមណ្ឌលនេះ ស្របតាមរាជរដ្ឋាភិបាលប្រគល់ភារកិច្ចលើការគ្រប់គ្រង ចំណីអាហារដល់ក្រសួងឧស្សាហកម្ម និងយោងតាម សជណ លេខ ៣៦ ចុះហត្ថលេខា កាលពីខែមករា ឆ្នាំ ២០២១។ លោកថ្លែងថា៖ «ដំបូង យើងធ្វើការសិក្សាសមិទ្ធិលទ្ធភាព ដើម្បីបានរបាយការណ៍មួយ ហើយភាគីកូរ៉េនឹងដាក់បញ្ជូនរបាយការណ៍នោះទៅរដ្ឋាភិបាលកូរ៉េ ដើម្បីទម្លាក់ថវិកា ដើម្បីយកមកអភិវឌ្ឍមជ្ឈមណ្ឌលនេះ»។
លោកស្រី កែវ មុំ ម្ចាស់ក្រុមហ៊ុនផលិតនំស្រួយ លីលី ស្វាគមន៍ចំពោះគម្រោង បង្កើតមជ្ឈមណ្ឌលពិសោធន៍ ចំណីអាហារ នៅកម្ពុជាអាចអនុញ្ញាតឱ្យក្រុមហ៊ុន និងក្រសួងស្ថាប័នផ្សេងៗនាំយកផលិតផលរបស់ខ្លួនទៅត្រួតពិនិត្យសុវត្ថិភាព និងគុណភាពបាន។
លោកស្រីថ្លែងថា៖ «ខ្ញុំគាំទ្រពេញទំហឹងតែម្តង ព្រោះវាជាមជ្ឈមណ្ឌលពិសោធន៍អាចពិនិត្យបានគ្រប់មុខចំណីអាហារ ដោយមិនតម្រូវឱ្យនាំចេញទៅពិនិត្យនៅក្រៅប្រទេស»។
លោកស្រី កែវ មុំ នៅក្នុងប្រទេសកម្ពុជាក៏មានមជ្ឈមណ្ឌលពិសោធន៍ចំណីអាហារនេះដែរ ប៉ុន្តែមិនទាន់គ្រប់លក្ខខណ្ឌ សម្រាប់ប្រទេសមួយចំនួនដែលត្រូវការនោះទេ។ ដូច្នេះ នៅពេលដែលប្រទេសកូរ៉េ មកវិនិយោគបង្កើតមជ្ឈមណ្ឌលពិសោធន៍នេះ វានឹងចូលរួមពិសោធបានច្រើនទៅតាមតម្រូវការ និងចំណេញទាំងពេលវេលា និងថវិកា។ មិនត្រឹមតែប៉ុណ្ណោះ វានឹងចូលរួមជំរុញដល់ការនាំចេញបានកាន់តែលឿន និងមានចំនួនច្រើនផងដែរ៕