ភ្នំពេញៈ ទីផ្សារជប៉ុនបានកំពុងក្លាយជាទីផ្សារមួយដ៏មានសារៈសំខាន់ក្នុងការជំរុញការនាំចេញរបស់កម្ពុជា ទោះបីជាបរទេសដែលមានសេដ្ឋកិច្ចធំមួយនៅអាស៊ីមួយនេះក៏កំពុងប្រយុទ្ធប្រឆាំងនឹងការរីករាលដាលនៃជំងឺកូវីដ ១៩ ក្តី ក៏ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុន ក្នុងរយៈពេល ១០ ខែ ឆ្នាំ ២០២១ មានតម្លៃសរុបជាង ១ ៩៦៤ លានដុល្លារ កើនជាង ១២ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
យោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសជប៉ុន Jetro ផ្សព្វផ្សាយកាលពីថ្ងៃទី ៣ ខែធ្នូ ឱ្យដឹងថា ទឹកប្រាក់នៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងជប៉ុនចាប់ពីខែមករា ដល់ខែតុលា ឆ្នាំ ២០២១ មានតម្លៃសរុប ១ ៩៦៤,២៤ លានដុល្លារ កើនឡើង ១២,២១ ភាគរយបើធៀបទៅនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានតម្លៃ ១ ៧៥០,៣៩ លានដុល្លារ។
យោងតាមទិន្នន័យ Jetro ការនាំចេញទំនិញពីកម្ពុជាទៅប្រទេសជប៉ុនក្នុងអំឡុងពេលខាងលើមានទឹកប្រាក់ ១ ៤៨៧,១៩ លានដុល្លារ កើនឡើង ដល់ ៩,៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលមានទឹកប្រាក់ ១ ៣៦០,១៣ លានដុល្លារ និងការនាំទំនិញពីជប៉ុន មកកម្ពុជាមានទឹកប្រាក់ ៤៧៧,០៥ លានដុល្លារ កើនឡើង ២២,២ ភាគរយពីចំនួន ៣៩០,២៦ លានដុល្លារ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា ជប៉ុន គឺជាទីផ្សារមួយដ៏សំខាន់ និងមានសក្តានុពលរបស់ប្រទេសកម្ពុជាដែលបានចូលរួមចំណែកក្នុងការធ្វើពិពិធកម្មវិស័យឧស្សាហកម្ម ដូចជា គ្រឿងម៉ាស៊ីន គ្រឿងអេឡិចត្រូនិក និងបច្ចេកវិទ្យាទំនើបៗ។
លោកបានថ្លែងដូច្នេះថា៖ «ខ្ញុំយល់ឃើញថា យើងអាចមានឱកាសច្រើនក្នុងការជំរុញការនាំចេញរបស់យើងជាពិសេស វិស័យកសិកម្ម ព្រោះថា ប្រសិនបើវិនិយោគិនជប៉ុនបោះទុនវិនិយោគលើវិស័យនេះគេនឹងនាំមកនូវបច្ចេកវិទ្យាថ្មី និងកម្លាំង ពលកម្មជំនាញមកប្រទេសយើង»។
លោកបានថ្លែងបន្តទៀតថា តាមរយៈកិច្ចព្រមព្រៀងដែលមានស្រាប់ក្នុងតំបន់រវាងអាស៊ាន និងទំនាក់ទំនងទ្វេភាគីផ្សេងៗទៀត កម្ពុជាអាចនឹងបន្តជំរុញ និងទាក់ទាញវិនិយោគិនជប៉ុនមកបណ្តាក់ទុនវិនិយោគ ដើម្បីធ្វើការនាំចេញកាន់តែច្រើន និងសម្បូរបែបបន្ថែមទៀត។
បើយោងតាមទិន្នន័យពីអង្គការពាណិជ្ជកម្មក្រៅប្រទេសរបស់ជប៉ុន Jetro ពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ជប៉ុនក្នុងឆ្នាំ ២០២០ មានតម្លៃ ២ ១០១,៧៨ លានដុល្លារ ធ្លាក់ចុះ ៨,៣៥ ភាគរយធៀបឆ្នាំ ២០១៩ ក្នុងនោះការនាំចេញមានតម្លៃ ១ ៦១៧,០៨ លានដុល្លារ ធ្លាក់ចុះ ៦,៦ ភាគរយ និងនាំចូលមាន ៤៨៤,៧០ លានដុល្លារ ធ្លាក់ចុះ ១៣,៨ ភាគរយ៕