ភ្នំពេញ: កម្ពុជា​នាំចេញ​ផលិតផល​ម្រេច​បាន​ប្រមាណ ២៧ ៧៣០,០៧ ​តោន​នៅក្នុង​រយៈពេល​ ១១ ​ខែ​ឆ្នាំ​នេះ​កើនឡើង ៤៥៦,៥៣% ដោយ​ក្នុង​នោះ​មាន​ទាំង​ម្រេច​កំពត ដែល​ជា​ផលិតផល​សម្គាល់​ទីតាំង​ភូមិសាស្ត្រ (GI) និង​ម្រេច​ធម្មតា​មិនមាន​សម្គាល់​ទីតាំង​ភូមិសាស្ត្រ​។ នេះ​បើតាម​របាយការណ៍​ពី​ក្រសួងកសិកម្ម​។

របាយការណ៍​បាន​បញ្ជាក់​ទៀតថា ក្នុង​ចំណោម​ការនាំចេញ​ក្រៅ​ប្រទេស​សរុប​ម្រេច​នាំ​ចេញទៅ​ប្រទេស​វៀតណាម​មាន​ចំនួន​ច្រើនជាងគេ គឺ​ប្រមាណ ២៦ ៨៨៧, អាល្លឺម៉ង់​ចំនួន​ជាង ៤៩៧ ​តោន​, ប្រទេស​ថៃ​ចំនួន ១៨០​ ​តោន និង​មាន​តិចតួច​ប៉ុណ្ណោះ​នាំចេញ​ទៅកាន់​បណ្តា​ប្រទេស​ជាង ២០ ​ទៀត នៅលើ​ពិភពលោក​។

លោក ងួន ឡាយ ប្រធាន​សមាគម​ម្រេច​កំពត​បាន​ថ្លែងប្រាប់​ភ្នំពេញ​ប៉ុស្តិ៍ កាលពី​ថ្ងៃទី​ ៦ ខែធ្នូ ថា ការលក់​ម្រេច​កំពត​នៅក្នុង​ឆ្នាំនេះ​គឺមាន​ការកើនឡើង ដោយ​កើន​ចាប់តាំងពី​ដើមឆ្នាំ​ ២០២១ រហូតមកដល់​ថ្ងៃទី​ ៣០ ខែវិច្ឆិកា ម្រេច​កំពត​លក់​ចេញ​បាន​ប្រមាណ​ជាង​ ១០៤ ​តោន ខណៈ​ដែល​ក្នុង​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន លក់​បាន​ចន្លោះ​ពី​ ៦០ ​ទៅ​ ៧០ ​តោន​ប៉ុណ្ណោះ​។

លោក​បញ្ជាក់ថា​៖ «​ឆ្នាំនេះ​កសិករ​សប្បាយចិត្ត​ដែល​ទិន្នផល​ម្រេច​បាន​ច្រើន ហើយ​តម្លៃ​ក៏​នៅ​គួរសម ដោយ​ម្រេចខ្មៅ​តម្លៃ​ ១៥ ​ដុល្លារ​, ម្រេច​ក្រហម​ ២៥ ​ដុល្លារ​, និង​ម្រេចស​ ២៨ ​ដុល្លារ ក្នុង​ ១ ​គីឡូក្រាម ដោយ​តម្លៃ​នេះ​គឺ​ប្រហាក់ប្រហែល​នឹង​ឆ្នាំមុនៗ​ដែរ ដូច្នេះ​តម្លៃ​នេះ គឺ​កសិករ​អាច​ទទួលយក​បាន​»​។

លោក ម៉ាក នី ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា នៅ​ឆ្នាំនេះ ទីផ្សារ​ម្រេច​ហាក់​មាន​ភាពល្អប្រសើរ​ជាង​ឆ្នាំមុន​បន្តិច​ដោយ​កាលពី​អំឡុងពេល​ផ្ទុះ​ជំងឺ​កូវីដ​ ១៩ ដំបូង​ម្រេច​កម្ពុជា​ជួប​វិបត្តិ​ខ្លាំង ដោយ​បាន​ធ្វើឱ្យ​កសិករ​មួយចំនួន​ត្រូវ​សម្រេចចិត្ត​បោះបង់​របរ​នេះ និង​បានធ្វើឱ្យ​ទិន្នផល​ម្រេច​ធ្លាក់ចុះ​ផងដែរ​។

លោក​បាន​បន្តថា កាលពី​ឆ្នាំ​ ២០២០ ​តម្លៃ​ម្រេច​ចុះ​ខ្លាំង គឺ​នៅក្រោម​ ១ ​ម៉ឺន​រៀល​ក្នុង​ ១ ​គីឡូក្រាម តែ​ឆ្នាំនេះ​ប្រសើរ​បន្តិច​វិញ គឺមាន​តម្លៃ​ចន្លោះ​ពី​ ១៥ ០០០ ​រៀល ទៅ​ ១៦ ០០០ ​រៀល​ក្នុង​ ១ ​គីឡូក្រាម​។

លោក​បាន​អះអាង​ថា​៖ «​បើតាម ប្រធាន​សហព័ន្ធ​ម្រេច និង​គ្រឿងទេស​កម្ពុជា​រូបនេះ​នៅ​មុនពេល​មាន​វិបត្តិ​កូវីដ​ ១៩ ​កម្ពុជា​មាន​ផ្ទៃដី​ដាំ​ម្រេច​សរុប​មាន​ប្រមាណ ជិត​ ៧ ០០០ ​ហិកតា តែ​បច្ចុប្បន្ននេះ​បាន​ថយចុះ​ប្រមាណ​ ១០ ​ទៅ​ ២០%​។ លោក​ថា ការដាំដុះ​ម្រេច​គឺ​ភាគច្រើន សម្រាប់​បំពេញ​តម្រូវការ​ការនាំចេញ​ប៉ុណ្ណោះ ដោយសារ​ការប្រើប្រាស់​ម្រេច​ក្នុងស្រុក​មាន​តិចតួច​ប្រមាណ​ ៥% ​ទៅ​ ៧% ប៉ុណ្ណោះ​ក្នុង ១ ​ឆ្នាំ បើ​ធៀប​នឹង​ចំនួន​ម្រេច​ដែល​ផលិត​បាន​សរុប​។

ប្រទេស​កម្ពុជា​មាន​ខេត្ត​ចំនួន​ ១៨ ដែលមាន​ការដាំដុះ​ម្រេច​នៅក្នុង​នោះ​ខេត្ត​ដែល​សម្បូរ​ការដាំដុះ​ម្រេច​ច្រើន​ដែរ រួមមាន មណ្ឌលគិរី រតនគិរី ត្បូងឃ្មុំ និង​កំពត​ជាដើម​។

ចំពោះ​ម្រេច​កំពត ក្រោយពី​បាន​ក្លាយ​ជា​ទំនិញ​សម្គាល់​ភូមិសាស្ត្រ​នៅ​ទីផ្សារ​សហភាព-អឺរ៉ុប​ហើយ ម្រេច​កំពត​របស់​កម្ពុជា​កាលពី​ដើម​ឆ្នាំ​ ២០២០ ក៏​ត្រូវបាន​ចុះបញ្ជី​ការពារ​ជា​លក្ខណៈ​អន្តរជាតិ នៅ​បណ្តា​ប្រទេស​ចំនួន​ ៣២ ក្រោម​ច្បាប់​ទីក្រុង​ហ្សឺណែវ ស្តីពី​កិច្ចព្រមព្រៀង​ទីក្រុង​លីស្បោន​អំពី​ឈ្មោះ​ប្រភពដើម​ទំនិញ និង​ម៉ាក​សម្គាល់​ភូមិសាស្ត្រ​ទំនិញ​ផងដែរ​៕

វីដេអូ៖