ភ្នំពេញៈ កម្ពុជាបាននាំចេញថ្នាំជក់ជិត ៤,៣ ពាន់តោនក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ ថយចុះ ២៤ ភាគរយធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០ ដោយក្នុងនោះការនាំចេញទៅទីផ្សារវៀតណាមគ្របដណ្តប់ស្ទើរទាំងស្រុង។ នេះបើតាមទិន្នន័យពីក្រសួងកសិកម្ម។
យោងតាមទិន្នន័យចាប់ពីខែមករា-វិច្ឆិកា ឆ្នាំ ២០២១ ការនាំចេញថ្នាំជក់ទៅទីផ្សារអន្តរជាតិមានចំនួន ៤ ២៩៤,០៥ តោន ថយចុះ ២៤,៤២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ ក្នុងនោះការនាំទៅប្រទេសវៀតណាម គ្របដណ្តប់ជាង ៩៨ ភាគរយដោយមានចំនួន ៤ ២១២,៨០ តោន, ប្រទេសប៊ែលហ្ស៊ិក ៥៩,៤២ តោន, ហុងគ្រី ១៩,៨០ តោន, បូស្នៀ និងហឺហ្សេហ្គោវីណា ១,៩០ តោន, ចិន ០,១០ តោន, ឥណ្ឌូនេស៊ី ០,០២ តោន, សិង្ហបុរី ០,០១ តោន និងប្រទេសអាល្លឺម៉ង់ ០,០០១ តោន។
កម្ពុជា និងវៀតណាម កាលពីឆ្នាំ ២០១៦ បានយល់ព្រមលើការអនុគ្រោះពន្ធសម្រាប់ផលិតផលកសិកម្មឆ្លងកាត់ព្រំដែនទាំង ២។ ស្ថិតនៅក្រោមកិច្ចព្រមព្រៀងនេះកម្ពុជាត្រូវបានអនុញ្ញាតឱ្យនាំថ្នាំជក់ស្ងួតចំនួន ៣ ០០០ តោនទៅវៀតណាមដោយរួចពន្ធរយៈពេល ១ ឆ្នាំ។ កិច្ចព្រមព្រៀងនេះត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ រហូតមកដល់ពេលនេះ។
លោក ស៊ឹម ថាវីរៈ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តកំពង់ចាម បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៧ ខែវិច្ឆិកាថា បញ្ហាតម្លៃទីផ្សារបានធ្វើឱ្យការដាំដុះដំណាំថ្នាំជក់ក្នុងខេត្តកំពង់ចាមក្នុងឆ្នាំនេះធ្លាក់ចុះបន្តិចបន្តួចបើធៀបនឹងឆ្នាំ ២០២០ ដោយផ្ទៃដីដាំថ្នាំជក់ពេលនេះមានប្រមាណ ៣ ៤០០ ហិកតា។ សកម្មភាពដាំដុះថ្នាំជក់ មិនបានបង្ហាញសញ្ញាវិជ្ជមានទេក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយប្រជាកសិករបាននាំគ្នាងាកទៅដាំផលិតផលដែលមានសក្តានុពលសម្រាប់នាំចេញដូចជា ស្វាយ ចេក និងដំឡូងមី។
លោកថ្លែងថា៖ «ការធ្លាក់ចុះផលថ្នាំជក់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារមិនសូវមានទីផ្សារ និងមានតម្លៃទាប។ បើតម្លៃទីផ្សារខ្ពស់ ការដាំដុះនឹងមានសម្ទុះឡើងវិញ»។
ទោះយ៉ាងណាលោកអះអាងថា ដោយសារយុទ្ធនាការផ្សព្វផ្សាយពីគុណវិបត្តិនៃថ្នាំជក់មានលក្ខណៈកាន់តែទូលំទូលាយ ដូច្នេះផលិតផលថ្នាំជក់មិនត្រូវរំពឹងថាមានកំណើនឡើងវិញនោះទេ។
យោងតាមលោក ស៊ឹម ថាវីរៈ ថ្នាំជក់ត្រូវបានគេដាំភាគច្រើននៅតាមដងទន្លេមេគង្គ (ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ និងខេត្តកណ្តាល) នៅរដូវទឹកស្រក និងប្រមូលផលនៅក្នុងអំឡុងដើមខែមីនា ដល់ចុងខែមេសានៃឆ្នាំនីមួយៗ។
លោក ហេង ពិសិដ្ឋ ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តត្បូងឃ្មុំ និយាយថា សកម្មភាពនៃការដាំថ្នាំជក់មិនមានកំណើនទេ ខណៈទិន្នផលត្រូវបានក្រុមឈ្មួញប្រមូលយកទៅលក់ឱ្យវៀតណាម។ លោកបន្តថា ផ្ទៃដីដាំដុះថ្នាំជក់ត្រូវបានគេបង្វែរទៅដាំដំណាំផ្សេងៗផងដែរ។
លោកប្រាប់ទៀតថា៖ «ដោយសារទិន្នផលធ្លាក់ចុះ ដូច្នេះការនាំចេញក៏ធ្លាក់ចុះដែរ។ ម្យ៉ាងទៀតតម្លៃទីផ្សារដែលឈ្មួញប្រមូលទិញក៏មិនខ្ពស់ដែរ»។
ក្នុងឆ្នាំ ២០២០ កម្ពុជាបាននាំចេញថ្នាំជក់សរុប ៥ ៨២០,៨២ តោន ធ្លាក់ចុះ ១៤,០២ ភាគរយធៀបនឹងឆ្នាំ ២០១៩ ដែលមានចំនួន ៦ ៧៦៩,៩៧ តោន។ ក្នុងនោះប្រាក់ដែលទទួលបានមានតម្លៃ ១៧ ៤៦២ ៤៦០ ដុល្លារ ធ្លាក់ចុះ ២៨,៣៤ ភាគរយបើធៀបទៅនឹងឆ្នាំ ២០១៩ ដែលមានចំនួន ២៤ ៣៧១ ៨៧៤,៧២ ដុល្លារ៕ LA
វីដេអូ៖