ភ្នំពេញៈ កម្ពុជាស្នើឱ្យអង្គការពាណិជ្ជកម្មពិភពលោក (WTO) គាំទ្រដល់ការសិក្សាគ្រប់ជ្រុងជ្រោយពីយុទ្ធសាស្ត្រចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់ខ្លួន ជាពិសេសការផ្តល់ជំនួយលើផ្នែកគោលនយោបាយ និងបច្ចេកទេសដើម្បីធ្វើឱ្យការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជាមានភាពរលូន គ្មានឧបសគ្គ និងចៀសវាងការចាកចេញហើយសុំត្រឡប់ចូលវិញដូចបណ្តាប្រទេសមួយចំនួន។
សំណើនេះត្រូវបានធ្វើឡើងដោយលោក សុខ សុភ័ក្ត្រ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងអំឡុងពេលនៃជំនួបពិភាក្សាការងារជាមួយលោក Stephen Fevrier និងលោក Eloi Laourou ទីប្រឹក្សាជាន់ខ្ពស់លោកស្រី Ngozi Okonjo-Iweala អគ្គនាយក WTO កាលពីថ្ងៃទី ២ ខែវិច្ឆិកា នៅទីក្រុងហ្ស៊ឺណែវ ប្រទេសស្វ៊ីស។
លោក សុខ សុភ័ក្ត្រ បានលើកឡើងថា កម្ពុជាសម្រេចបានវឌ្ឍនភាពជាច្រើនក្នុងអំឡុងពេលដែលបានចូលជាសមាជិកអង្គការពាណិជ្ជកម្មពិភពលោកតាំងពីឆ្នាំ ២០០៤ ដូចនេះកម្ពុជាស្នើសុំឱ្យ WTO បន្តគាំទ្រដល់ការសិក្សាគ្រប់ជ្រុងជ្រោយអំពីយុទ្ធសាស្ត្រចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជាផងដែរ។
អ្នកនាំពាក្យនៃក្រសួងពាណិជ្ជកម្ម លោក ប៉ែន សុវិជាតិ បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ កាលពីថ្ងៃទី ៦ ខែធ្នូថា ក្នុងការត្រៀមខ្លួនសម្រាប់ការចាកចេញនេះ សម្រាប់វិស័យពាណិជ្ជកម្ម គឺត្រូវការការគាំទ្រ និងការជួយឧបត្ថម្ភផ្នែកគោលនយោបាយ ផ្នែកបច្ចេកទេសផ្សេងៗពី WTO។ លោកបន្តថា ជាបទពិសោធកន្លងមកមានប្រទេសមួយចំនួនដែលបានសម្រេចចិត្តចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចទៅហើយ បែរជាសុំគេចូលវិញដោយសារតែមិនអាចទ្រាំទ្រនឹងបញ្ហាដែលកើតមានឡើងក្រោយពេលចាកចេញ។
លោកបញ្ជាក់ថា៖ «ដើម្បីកុំឱ្យមានបញ្ហានេះកើតឡើង យើងត្រូវស្វែងរកការណែនាំ ឬក៏ការជួយឧបត្ថម្ភភាពជាដៃគូខ្លះពីអង្គការពាណិជ្ជកម្មពិភពលោក (WTO) ដើម្បីឱ្យការចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចរបស់កម្ពុជា អាចអនុវត្តទៅស្រួលមិនមានឧបសគ្គអ្វីជាដុំកំភួនសម្រាប់ការចាកចេញ»។
លោក គី សេរីវឌ្ឍន៍ អ្នកស្រាវជ្រាវសេដ្ឋកិច្ចបាននិយាយថា កម្ពុជានឹងមិនអនុវត្តដូចបណ្តាប្រទេសមួយចំនួនដែលសម្រេចចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួចហើយបែរជាសុំចូលវិញទេ ព្រោះកម្ពុជាមានស្ថានភាពសេដ្ឋកិច្ចរឹងមាំជាងបណ្តាប្រទេសទាំងនោះ។ លោកបន្ថែមថា មានកត្តាមួយចំនួនដែលអនុញ្ញាតឱ្យកម្ពុជាអាចចាកចេញពីឋានៈជាប្រទេសអភិវឌ្ឍន៍តិចតួច ទោះបីជាកម្ពុជាបានជួបវិបត្តិសកលកូវីដ ១៩ ក៏ដោយ។
លោកបញ្ជាក់ថា៖ «ទី ១ កម្ពុជាចេះប្រើប្រាស់ និងគ្រប់គ្រងជំនួយបរទេសឱ្យមានប្រសិទ្ធភាព, ទី ២ ទេសចរណ៍ដែលជាវិស័យស្នូលរបស់កម្ពុជានៅពេលស្ថានភាពកូវីដ ១៩ ធូរស្រាលនឹងវិលត្រឡប់មកភាពល្អប្រសើរវិញ ទី ៣ ទោះបីជាមានបញ្ហាទីផ្សារខ្លះក៏វិស័យកសិកម្មកម្ពុជានៅមានភាពរឹងមាំក្នុងការទ្រទ្រង់សេដ្ឋកិច្ចជាតិ និងទី ៤ ខាងវិស័យពាណិជ្ជកម្ម កម្ពុជាបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មជាមួយប្រទេសធំមួយចំនួនហើយដែរ»៕ LA