ភ្នំពេញៈ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសដាក់ឱ្យដំណើរការនូវកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» (Startup Cambodia) ដើម្បីឆ្លើយតបគាំទ្រ និងជ្រោមជ្រែងដល់ក្របខ័ណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា ២០២១-២០៣៥ ដែលទើបត្រូវបានដាក់ចេញកាលពីពេលថ្មីៗនេះ។
នៅក្នុងកម្មវិធីឱ្យដំណើរការកម្មវិធីថ្នាក់ជាតិស្តីពី «ធុរកិច្ចថ្មីកម្ពុជា» កាលពីថ្ងៃ ៨ ខែធ្នូ លោក អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា ប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជាត្រូវបានបង្កើតតាំងពីឆ្នាំ ២០១១ និងបានចាប់ផ្តើមមានសកម្មភាពខ្លាំងនៅក្នុងរង្វង់ ៥ ឆ្នាំចុងក្រោយនេះ ប៉ុន្តែក្រោយមកក៏មានការរំខានពីជំងឺកូវីដ ១៩។ លោកបន្ថែមថា ការកសាងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ដែលមានបរិស្ថានរស់រវើកសម្រាប់ការបង្កើនល្បឿននៃការលូតលាស់ទាំងធុរកិច្ចថ្មី និងសហគ្រាសធុនតូច និងមធ្យម គឺជាឃ្នាស់សំខាន់មួយនៅក្នុងការចូលរួមចំណែកក្នុងការស្តារ និងលើកកម្ពស់សេដ្ឋកិច្ច។
លោកអះអាងថា៖ «រាជរដ្ឋាភិបាលបានដាក់ចេញ និងអនុវត្តវិធានការក៏ដូចជាគោលនយោបាយជាក់លាក់មួយចំនួន ដើម្បីជំរុញការអភិវឌ្ឍសេដ្ឋកិច្ចឌីជីថល និងប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី មានដូចជា ការបង្កើតមូលនិធិអភិវឌ្ឍន៍សហគ្រិនភាព ការបង្កើតសហគ្រិនខ្មែរ ការបង្កើតមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោ ការបង្កើតធនាគារសហគ្រាសធុនតូច និងមធ្យម ការបង្កើតបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា ការបង្កើតមជ្ឈមណ្ឌលជាតិបណ្ដុះធុរកិច្ចថ្មីនៃកម្ពុជា និងការរៀបចំអនុក្រឹត្យស្តីពីការគ្រប់គ្រង និងការលើកទឹកចិត្តធុរកិច្ចថ្មីឌីជីថលជាដើម»។
លោក ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរបានឱ្យដឹងដែរថា រដ្ឋាភិបាលកម្ពុជាបានគាំទ្រប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីនៅកម្ពុជា តាមរយៈសហគ្រិនខ្មែររយៈពេល ២ ឆ្នាំមកហើយ ដើម្បីក្លាយទៅជាថ្នាលជាតិក្នុងការលើកកម្ពស់សហគ្រិនភាព។
លោកបន្ថែមថា៖ «ការវិនិយោគលើធុរកិច្ចថ្មីមានហានិភ័យខ្ពស់សម្រាប់វិនិយោគិន ដែលតម្រូវឱ្យមានការជ្រោមជ្រែងពីរាជរដ្ឋាភិបាលក្នុងការកាត់បន្ថយហានិភ័យទាំងនោះ»។
លោកបន្តថា សហគ្រិនខ្មែរបានជួយដល់ធុរកិច្ចថ្មីនៅកម្ពុជាឱ្យទទួលបានទុនអាជីវកម្ម តាមរយៈមូលនិធិអភិវឌ្ឍន៍អាជីវកម្ម ម្ចាស់ជំនួយនានា ដៃគូអភិវឌ្ឍន៍ និងអ្នកវិនិយោគផ្សេងៗ ទៀតផងដែរ។
«ធុរកិច្ចថ្មីកម្ពុជា» ត្រូវបានសហការសម្របសម្រួលរួមគ្នារវាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» និងសហគ្រិនខ្មែរ ហើយបានអភិវឌ្ឍនូវថ្នាលឌីជីថលមួយសម្រាប់គាំទ្រធុរកិច្ចថ្មី និងអភិវឌ្ឍប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។
ថ្នាលឌីជីថលនេះ មិនមែនត្រឹមតែជាគេហទំព័រធម្មតាដែលផ្តល់ព័ត៌មានស្តីពីប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មីប៉ុណ្ណោះទេ ប៉ុន្តែថ្នាលនេះក៏នឹងត្រូវបានប្រើប្រាស់ជាវិញ្ញាសាសម្រាប់សាកល្បងផ្លាស់ប្តូរវប្បធម៌ចែករំលែក និងប្រើប្រាស់ទិន្នន័យរស់ជាបណ្តើរៗ ស្របតាមគោលការណ៍បរិវត្តកម្មឌីជីថល ដើម្បីអាចឱ្យរាជរដ្ឋាភិបាលវាយតម្លៃពីស្ថានភាពនៃប្រព័ន្ធអេកូឡូស៊ីធុរកិច្ចថ្មី ក្នុងការផ្តល់ការគាំទ្រ ឬដាក់ចេញគោលនយោបាយអន្តរាគមន៍នានា ក្នុងវិស័យធុរកិច្ចថ្មី៕ LA