ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ច និងអ្នកនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុលើកឡើងថា ការសម្រេចរបស់ធនាគារជាតិនៃកម្ពុជាក្នុងការបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មីប្រកបអាជីវកម្មដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ (MDI) និងការលើកទឹកចិត្តឱ្យមានការច្របាច់បញ្ចូលគ្នារវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានស្រាប់ គឺជាវិធីសាស្ត្រមួយដែលនឹងជួយធ្វើឱ្យវិស័យហិរញ្ញវត្ថុនៅកម្ពុជាកាន់តែមានភាពរឹងមាំ ហើយក៏ស្របតាមការរីកចម្រើនសេដ្ឋកិច្ចកម្ពុជានាពេលបច្ចុប្បន្នផងដែរ។
ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី ៦ ខែធ្នូ ឆ្នាំ ២០២១ បានចេញសេចក្តីជូនដំណឹងស្តីពីការបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើ ដោយលិខិតបានសរសេរថា បច្ចុប្បន្នគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុនៅកម្ពុជាមានការរីកចម្រើនគួរជាទីមោទនៈ ទាំងគុណភាព ទំហំ និងវិសាលភាព។
ក្នុងគោលបំណងពង្រឹងបន្ថែមសមត្ថភាពរបស់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ក៏ដូចជាការត្រួតពិនិត្យ សំដៅរក្សាស្ថិរភាពហិរញ្ញវត្ថុ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ធនាគារជាតិនៃកម្ពុជា (NBC) សម្រេចបញ្ឈប់ការផ្តល់អាជ្ញាប័ណ្ណថ្មីសម្រាប់ប្រកបអាជីវកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទទួលប្រាក់បញ្ញើពីពេលនេះតទៅ។
លិខិតបានបញ្ជាក់ថា៖ «NBC ស្វាគមន៍វិនិយោគិនចំពោះការចូលរួមវិនិយោគជាមួយគ្រឹះស្ថាន ធនាគារ និងហិរញ្ញវត្ថុដែលកំពុងប្រកបអាជីវកម្ម និងលើកទឹកចិត្តចំពោះការច្របាច់បញ្ចូលគ្នារវាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលមានស្រាប់ ដើម្បីលើកកម្ពស់ការផ្តល់សេវាហិរញ្ញវត្ថុប្រកបដោយគុណភាព ប្រសិទ្ធភាព និងតម្លៃសមរម្យសម្រាប់ក្រុមហ៊ុនសហគ្រាស និងសាធារណជន»។
ប្រធាននាយកដ្ឋានទំនាក់ទំនងនៃសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា លោក កាំង តុងងី បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ ក្នុងថ្ងៃទី ៨ ខែធ្នូថា កាលពីមុនដោយសារសេដ្ឋកិច្ចកម្ពុជាមិនសូវរីកចម្រើន និងមិនសូវមានលំនឹង វិស័យហិរញ្ញវត្ថុពិតជាត្រូវការឱ្យមានគ្រឹះស្ថានទទួលប្រាក់បញ្ញើឱ្យបានច្រើន ដើម្បីធ្វើឱ្យសេវានេះឈានទៅដល់គ្រប់គោលដៅ ប៉ុន្តែពេលនេះវិស័យហិរញ្ញវត្ថុនៅកម្ពុជាមានបង្ហាញពីភាពរឹងមាំ និងការបម្រើសេវាក៏គ្របដណ្តប់ស្ទើរគ្រប់ទីកន្លែងទូទាំងប្រទេសហើយ ដូច្នេះវាមិនមានលក្ខណៈចាំបាច់ក្នុងការបង្កើនចំនួនបន្ថែមទៀតទេ។ ប៉ុន្តែក្នុងដំណាក់កាលនេះ គេត្រូវការឱ្យស្ថាប័នទាំងនោះពង្រឹងគុណភាព និងការច្នៃប្រឌិតឱ្យមានសេវាថ្មីៗបន្ថែមទៀត។
លោកបានបន្តថា សេចក្តីជូនដំណឹងរបស់ NBC ក៏នឹងផ្តល់ផលវិជ្ជមានផងដែរសម្រាប់វិស័យហិរញ្ញវត្ថុ ដោយទាមទារឱ្យគ្រឹះស្ថាននីមួយៗត្រូវពង្រឹង និងពង្រីកសេវាបន្ថែម ដើម្បីទាក់ទាញប្រជាជនឱ្យមានទម្លាប់សន្សំនៅតាមគ្រឹះស្ថានផ្លូវការ ពោលគឺមិនមែនសន្សំតាមកូនជ្រូកដូចមុនៗនោះទេ។
លោកនិយាយថា៖ «បើយើងមើលទៅទិដ្ឋភាពនាពេលនេះ គឺមិនមានភាពចាំបាច់ក្នុងការបង្កើតថ្មីបន្ថែមទៀតទេ ខណៈបច្ចុប្បន្ននៅកម្ពុជាមានគ្រឹះស្ថានហិរញ្ញវត្ថុ (ធនាគារ និងមីក្រូហិរញ្ញវត្ថុ) ដែលទទួលប្រាក់បញ្ញើរហូតដល់ប្រមាណ ៦១ ស្ថាប័នហើយ»។
បើតាម លោក តុងងី បច្ចុប្បន្ននៅកម្ពុជាមានគ្រឹះស្ថានហិរញ្ញវត្ថុទទួលប្រាក់បញ្ញើចំនួន ៦១ ក្នុងនោះធនាគារ មាន ៥៥ និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ៦ រួមមាន ប្រាសាក់, WB, មហានគរ, អម្រឹត, LOLC, និង AMK។
លោក សុខ វឿន ប្រធាននាយកប្រតិបត្តិគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ LOLC បាននិយាយថា សេចក្តីជូនដំណឹងនេះគឺជាការជំរុញបន្ថែមទៀតរបស់ NBC ទៅដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើទាំងអស់ត្រូវតែខិតខំពង្រឹងសេវារបស់ខ្លួនឱ្យប្រសើរឡើងបន្ថែមទៀត ខណៈវិស័យហិរញ្ញវត្ថុមានតួនាទីយ៉ាងសំខាន់ក្នុងការទ្រទ្រង់កំណើនសេដ្ឋកិច្ច។
លោកបន្តថា នៅពេលនេះសេវា MDI បានពង្រាយស្ទើរគ្រប់កន្លែងក្នុងប្រទេសហើយ ដូច្នេះការបន្តផ្តល់អាជ្ញាប័ណ្ណបន្ថែម គឺមិនមានភាពចាំបាច់ទៀតទេ ប៉ុន្តែអ្វីដែលចាំបាច់នោះគឺការពង្រឹងគុណភាព និងសេវាកម្មរបស់ស្ថាប័ននីមួយៗដែលមានអាជ្ញាប័ណ្ណស្រាប់។
លោកអះអាងថា៖ «ជាមួយនឹងគ្រឹះស្ថានធនាគារជាង ៥០ និងមីក្រូហិរញ្ញវត្ថុ ៦ បានធ្វើឱ្យស្ថាប័ន MDI មានសមត្ថភាពគ្រប់គ្រាន់ក្នុងការបម្រើសេវាដល់ប្រជាជនក្នុងប្រទេស»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា លោក ហុង វណ្ណៈ និយាយថា ស្ថានភាពនៃគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុនៅកម្ពុជាបានរីកចម្រើនយ៉ាងឆាប់រហ័សក្នុងរយៈពេលជាង ២ ទសវត្សរ៍មកនេះ ពិសេសរយៈពេល ១០ ឆ្នាំចុងក្រោយ ដោយចំនួនគ្រឹះស្ថានហិរញ្ញវត្ថុបានកើនឡើងជាបន្តបន្ទាប់។
លោកលើកឡើងថា៖ «ខ្ញុំគិតថា ចំនួនស្ថាប័នមីក្រូហិរញ្ញវត្ថុដែលទទួលប្រាក់បញ្ញើនាពេលនេះ គឺសមាមាត្រទៅនឹងចំនួនប្រជាជន និងទំហំសេដ្ឋកិច្ចជាតិហើយ។ ការផ្តល់អាជ្ញាប័ណ្ណកាន់តែច្រើន ក៏អាចបង្កើតឱ្យមានហានិភ័យផងដែរ»។
ទោះយ៉ាងណា លោក វណ្ណៈ និយាយថា ការផ្អាកនេះអាចធ្វើឡើងក្នុងអំឡុងពេលកំណត់មួយប៉ុណ្ណោះ។
គិតត្រឹមចុងត្រីមាសទី ៣ ឆ្នាំ ២០២១ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុទាំង ៦ ទទួលប្រាក់បញ្ញើសរុប ៤ ០៧៣ លានដុល្លារពីអតិថិជនជាង ២,៨ លាននាក់ បើធៀបទៅនឹងត្រីមាសទី ២ ឆ្នាំ ២០២១ កើនឡើង ១៩០ លានដុល្លារ និងអតិថិជនកើនឡើង ៣,៣ ម៉ឺននាក់។ នេះបើយោងតាម លោក តុងងី៕ LA