អតិថិជន​ផ្សារ​ខេមបូឌាត្រេដ ឥឡូវនេះ អាច​ប្រើប្រាស់ ABA PAY ក្នុង​កម្មវិធី​ផ្សារ​អនឡាញ​នេះ​បាន​ហើយ។

ក្រសួង​ពាណិជ្ជកម្ម និង​ធនាគារ ABA កាល​ពី​ថ្ងៃទី​០៨ ខែ​ធ្នូ ឆ្នាំ ២០២១ បាន​ចុះ​អនុស្សរណៈ​នៃ​ការយោគយល់​គ្នា (MoU) លើ​ភាព​ជា​ដៃគូ​ប្រព័ន្ធ​ទូទាត់​ឌីជីថល និង​ការ​ចែក​រំលែក​ចំណេះដឹង។

នៅក្រោម​អនុស្សរណៈនេះ ផ្សារ​ខេមបូឌាត្រេដ​របស់​ក្រសួង ពាណិជ្ជកម្ម នឹង​ត្រូវ​ត​ភ្ជាប់​ជាមួយ​ប្រព័ន្ធ​ផេវេ (PayWay) ដែល​ជា​កម្មវិធី​ទូទាត់​អនឡាញ​របស់​ធនាគារ ABA ដើម្បី​ជួយ​សម្រួល​ដល់​សហគ្រាសធុនតូច និង​មធ្យម (SMEs) ដើម្បី​អាច​នាំ​យក​អាជីវកម្ម​របស់​ពួកគេ​ទៅ​កាន់​ផ្សារ​អនឡាញ​បាន និងទទួល​ការ​ទូទាត់​យ៉ាង​ងាយ​ស្រួល និង​ប្រកប​ដោយ​សុវត្ថិភាព​ដោយ​មិន​ប្រើប្រាស់​សាច់​ប្រាក់​នោះ​ទេ។ អនុស្សរណៈ​នេះ ក៏​គូស​បញ្ជាក់​ផងដែរ​អំពី​កិច្ច​សហប្រតិបត្តិការ​ក្នុង​ការ​ចែក​រំលែក​ចំណេះដឹង និង​ការបណ្ដុះ​បណ្ដាល​សម្រាប់ SMEs ដែល​បាន​ចុះ​ឈ្មោះ​ជាមួយ​ផ្សារ​ខេមបូឌាត្រេដ។

អនុស្សរណៈនេះ ត្រូវ​បាន​ចុះ​ហត្ថលេខា​កាល​ពី​ព្រឹក​ថ្ងៃ​ពុធ នៅ​ទីស្តី​ការ​ក្រសួង​ពាណិជ្ជកម្ម ក្រោមអធិបតីភាព​របស់ លោក​ជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម ជា​តំណាង​ដ៏​ខ្ពង់ខ្ពស់ ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រី​ក្រសួង ពាណិជ្ជកម្ម និង​លោក Askhat Azhikhanov នាយក​ប្រតិបត្តិធនាគារ ABA។

លោកជំទាវ តឹករ៉េត កំរង រដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​បាន​មាន​ប្រសាសន៍​ថា៖«ការ​ចុះ​ហត្ថលេខាលើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា​នេះ នឹង​ក្លាយ​ជា​ព្រឹត្តិការណ៍​ដ៏​ពិសេស​មួយ​នៅ​ក្នុង​កិច្ច​សហប្រតិបត្តិការ​ជាមួយ​វិស័យ​ឯកជន ជាពិសេស ធនាគារ ABA ដើម្បី​បង្កើន​ឱកាស​សេដ្ឋកិច្ច​ជូន​ដល់​សហគ្រាស​ធុនតូច និង​មធ្យម នៅ​កម្ពុជា​តាម​រយៈការ​ដាក់​លក់​ផលិតផល​សម្រាប់​អតិថិជន និង ​ដៃគូ​អាជីវកម្ម​ជាមួយ​ប្រព័ន្ធ​ទូទាត់​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ដែល​មាន​ទំនុក​ចិត្ត​ខ្ពស់»។

លោក Askhat Azhikhanov នាយកប្រតិបត្តិ​នៃ​ធនាគារ ABA បាន​មាន​ប្រសាសន៍​ថា៖ «ភាព​ជា​ដៃគូនេះ អនុញ្ញាត​ឱ្យ​យើង​ផ្ដល់​ជូន​សហគ្រាស​ធុន​តូច និង​មធ្យម​នូវ​ឱកាស​ធ្វើ​ឌីជីថលូបនីយកម្ម និង​ទំនាក់ទំនង​អតិថិជន​របស់​ពួកគេ​នៅ​ក្នុង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ជាមួយ​ការ​ទទួល​ការ​ទូទាត់​ពីអតិថិជន​បាន​យ៉ាង​ងាយ​ស្រួល និង​សុវត្ថិភាព​តាម​រយៈ ABA PAY។ ធនាគារ ABA នឹង​សហការជាមួយ​ក្រសួង ពាណិជ្ជកម្ម ក្នុង​ការ​ពង្រីក​ចំណេះ​ដឹង​ហិរញ្ញ​វត្ថុ​ឌីជីថល ដល់​អាជីវករ​របស់​ផ្សារ​ខេមបូឌាត្រេដ តាម​រយៈការ​បណ្ដុះ​បណ្ដាល និង​សកម្មភាព​កសាង​សមត្ថភាព​នានា។ យើង​ជឿជាក់​ថា ការ តភ្ជាប់​ប្រព័ន្ធ​ទាំង​ពីរ​នេះ នឹង​ជួយ​ដល់​សហគ្រិន​ក្នុង​ស្រុក ក្នុង​ការ​ពង្រីក​ការ​លក់ និង​ប្រាក់​ចំណូល​របស់ខ្លួន​តាម​រយៈពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក ខណៈ​ដែល​សកម្មភាព​នេះ​នឹង​ជំរុញ​ដល់​បរិយាប័ន្នហិរញ្ញ​វត្ថុ និង​វឌ្ឍនភាព​ឌីជីថល​បន្ថែម​ទៀត​របស់​ប្រទេស»។

ក្រសួងពាណិជ្ជកម្ម បាន​ចាប់​ផ្តើម​ទទួល​ការ​ចុះ​ឈ្មោះ​ជា​មុន​របស់​សហគ្រាស​ធុនតូច និង​មធ្យម ចាប់តាំង​ពី​ពាក់​កណ្តាល​ខែ​មិថុនា ឆ្នាំ ២០២១ ដោយ​ផ្ដល់​នូវ​ការ​តភ្ជាប់​ប្រព័ន្ធ​ដ៏​ពេញលេញ ដែល​អនុញ្ញាតឱ្យ​មាន​ការ​ពង្រីក​ទីផ្សារ​កាន់​តែ​ទូលំ​ទូលាយ​ជាង​មុន​ទាំង​ក្នុង​ប្រទេស​កម្ពុជា និង​ក្រៅ​ប្រទេស ដែល​នាំ​ឱ្យ សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា​អាច​ចូល​ទៅ​កាន់​សេដ្ឋកិច្ច​ឌីជីថល​សកល​ដែល​កំពុង​រីក​ចម្រើន។ គិត​មក​ត្រឹម​ខែ​ធ្នូ ឆ្នាំ ២០២១ នេះ សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា​ចំនួន ៧៥ ត្រូវ​បាន​អនុញ្ញាត​ឱ្យ​ដាក់​លក់​ផលិតផល​សរុប ប្រមាណ​ជា ៤៥០ ផលិតផល​នៅ​លើ​ផ្សារ​ខេមបូឌាត្រេដ​នេះ។

ផ្សារ​អេឡិចត្រូនិក​ខេមបូឌាត្រេដ​នេះ គឺ​ជា​ផ្នែក​មួយ​យ៉ាង​សំខាន់​របស់​គម្រោង Go4eCAM ដែល​ទទួលបាន​ការ​គាំទ្រ​ហិរញ្ញប្បទាន​ពី​កម្មវិធី​ពង្រឹង​ក្របខណ្ឌ​សមាហរណកម្ម​ពាណិជ្ជកម្ម (EIF)។ ផ្សារខេមបូឌាត្រេដ​នេះ​ត្រូវ​បាន​ផ្តួច​ផ្តើម​បង្កើត​និង​គ្រប់គ្រង​ដោយ​រាជរដ្ឋាភិបាល​កម្ពុជា តាម​រយៈ​ក្រសួង​ពាណិជ្ជកម្ម ដែល​មាន​គោល​បំណង​បង្កើន​ឱកាស​សេដ្ឋកិច្ច​ដល់​សហគ្រាស​ធុនតូច និង​មធ្យម​កម្ពុជា ដើម្បី​ចូលរួមក្នុង​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​និង​សេដ្ឋកិច្ច​ឌីជីថល។

PayWay របស់​ធនាគារ ABA គឺជា​កម្មវិធី​ទូទាត់​ប្រាក់​ពាណិជ្ជកម្ម​តាម​ប្រព័ន្ធ​អេឡិចត្រូនិក​ដែល​បានឈ្នះ​ពាន​រង្វាន់​ក្នុង​ការ​ប្រើប្រាស់​សម្រាប់​ប្រមូល​ការ​ទូទាត់ និង​គ្រប់គ្រង​ការ​ទូទាត់​ដែល​ធ្វើ​តាម​រយៈកាត Visa, Mastercard, UPI និង ABAPAY។ PayWay ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ឱ្យ​ឆ្លើយតប​តាម​តម្រូវការ​របស់​អាជីវកម្ម​ក្នុង​ស្រុក ដែល PayWay គឺជា​កម្មវិធី​ទូទាត់​ងាយ​ស្រួល​តភ្ជាប់ មានសុវត្ថិភាព និងងាយ​ស្រួល​ប្រើប្រាស់ ដែល​ជួយ​ដល់​សហគ្រាស​នានា​ក្នុង​ការ​លក់​ផលិតផល និង​សេវាកម្ម​តាម​ប្រព័ន្ធអេឡិចត្រូនិក ឬ​នៅ​តាម​ហាង និង​ទូទាត់​ប្រាក់​ពី​អតិថិជន​បាន​ភ្លាមៗ។

អំពីធនាគារ ABA

ធនាគារ ABA គឺជា​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​ឯកជន​ឈាន​មុខ​គេ​របស់​កម្ពុជា។ គិត​ត្រឹម​ថ្ងៃ​ទី​៣០ ខែ​វិច្ឆិកា ឆ្នាំ២០២១ ទ្រព្យ​សកម្ម​សរុប​របស់ ABA មាន $៧.៥ ប៊ីលានដុល្លារ។ ជាមួយ​សាខា ៨០ ម៉ាស៊ីន​ស្វ័យសេវា​ជាង ៨២០​ទូទាំង​ប្រទេស កម្មវិធី​ធនាគារ​អនឡាញ និង​តាម​ទូរស័ព្ទ​ដៃ ធនាគារ ABA បម្រើ​អតិថិជនជាច្រើន​តាម​រយៈសេវា​ហិរញ្ញវត្ថុ​ដ៏​ទំនើប​របស់​ខ្លួន។

សម្រាប់ព័ត៌មាន​បន្ថែម សូម​ចូល​ទៅ www.ababank.com។

ABA ជាបុត្រសម្ពន្ធ​របស់​ធនាគារ​ជាតិ​កាណាដា ដែល​ជា​គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​មាន​ទ្រព្យ​សកម្ម $២៨៦ ប៊ីលាន​ដុល្លារ គិត​ត្រឹម​ថ្ងៃ​ទី​៣១ ខែ​ធ្នូ ឆ្នាំ ២០២១។ ដោយ​មាន​ការិយាល័យ​កណ្ដាល​នៅ​ទីក្រុង ម៉ុងរ៉េ អាល់ ធនាគារនេះ មាន​សាខា​ស្ទើរ​តែ​គ្រប់​ខេត្ត​នៃ​ប្រទេស កាណាដា ជាមួយ​អតិថិជន​រូបវន្ត ២.៧លាន។ គ្រឹះស្ថាន​ហិរញ្ញ​វត្ថុ​មួយ​នេះ ជា​ធនាគារ​ធំ​ជាងគេ​ទី៦ នៅ​ប្រទេស​កាណាដា និង​ជា​ធនាគារ​ឈាន​មុខ​គេនៅ​ខេត្ត​កេប៊ិច ជា​ទី​ដែល​ខ្លួន​ក្លាយ​ជា​ជម្រើស​ក្នុង​ចំណោម SME។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅ www.nbc.ca។

ទំនាក់ទំនងសម្រាប់សារព័ត៌មាន៖

ធនាគារវឌ្ឍនៈ អាស៊ីចំកាត់(ធនាគារ ABA)

លោក Lee Weng Hoe (Brandon)

ប្រធានអង្គភាពទីផ្សារ

ទូរស័ព្ទ៖ 098 630 771

អ៊ីមែល៖ lee.wenghoe@ababank.com

ក្រសួងពាណិជ្ជកម្ម

លោក ជា ឡៃជា

ប្រធាននាយកដ្ឋានសហប្រតិបត្តិការអន្តរជាតិ

ទូរស័ព្ទ៖ 017 878 016

អ៊ីមែល៖ chealaichea@gmail.com