ភ្នំពេញៈ អគ្គនាយកដ្ឋាន​ពន្ធដារ ប្រមូល​ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​បាន​ប្រមាណ ៩៣ ​លាន​ដុល្លារ​ពី​យានយន្ត​ជិត ៨០ ​ម៉ឺន​គ្រឿង ស្មើនឹង ១៧៤,២ ​ភាគរយ​នៃ​ផែនការ​ឆ្នាំ​ ២០២១ កើន​ជិត ៨ ​ភាគរយ​បើ​ធៀប​នឹង​រយៈពេល​ដូចគ្នា​ឆ្នាំ​ ២០២០​។ នេះ​បើតាម​ទិន្នន័យ​ក្នុង​ប្រព័ន្ធ​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​ដែល​ភ្នំពេញ​ប៉ុស្តិ៍​ទទួលបាន​ក្នុង​ថ្ងៃទី​ ៩ ខែធ្នូ ឆ្នាំ​ ២០២១​។

ទិន្នន័យ​បង្ហាញថា ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ឆ្នាំ​ ២០២១ បាន​ចាប់ផ្តើម​ប្រមូល​ពីថ្ងៃ​ទី​ ១ ខែមិថុនា ដល់​ដំណាច់ខែ​វិច្ឆិកា ឆ្នាំ​ ២០២១​។ ពន្ធ​លើ​មធ្យោបាយ​ដឹកជញ្ជូន​ត្រូវបាន​ប្រមូល​ពី​យានយន្ត​ចំនួន ៧៩១ ១៦៨ ​គ្រឿង ដោយ​ទទួលបាន​ប្រាក់​ពន្ធ ៣៨៥ ៣៤៧,៨ លាន​រៀល ស្មើនឹង​ប្រមាណ ៩៣ ​លាន​ដុល្លារ​។

តាម​ទិន្នន័យ​ខាងលើ​ចំនួន​យានយន្ត​ដែល​ត្រូវ​ប្រមូល​ពន្ធ​ក្នុងឆ្នាំនេះ​បាន​កើន ៧២ ០៦៧ ​គ្រឿង​ដោយ​ប្រាក់​ពន្ធ​មាន​ចំនួន ២៨ ២៤៤,៣ ​លាន​រៀល ស្មើ​ជិត ៧ ​លាន​ដុល្លារ​។

ប្រធាន​នាយកដ្ឋាន​ពន្ធ​ចលនទ្រព្យ និង​អចលនទ្រព្យ​នៃ​អគ្គនាយកដ្ឋាន​ពន្ធដារ លោក ខឹម តុលា ធ្លាប់បាន​និយាយថា ចំនួន​អ្នក​បង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​បាន​កើនឡើង​លើស​ផែនការ​នេះ ដោយសារ​តែ​ការដាក់ឱ្យ​ដំណើរការ​បង់​តាម App GDT Taxpayer គួបផ្សំ​នឹង​ការអ្នក​បង់ពន្ធ​មាន​ការភ្ញាក់រឭក​។

លោក​បញ្ជាក់ថា កាលពី​ឆ្នាំ​ ២០២០ ចំនួន​យានយន្ត​ដែល​ទទួលរង​ការពិន័យ មាន​ប្រមាណ ៣ ​ម៉ឺន​គ្រឿង គិត​ជា​ប្រាក់​ជិត ៣ ​លាន​ដុល្លារ​។

បែបនេះ​ក្តី ក៏មាន​ប្រភេទ​យានជំនិះ​មួយចំនួន​ត្រូវបាន​លើកលែង​ការបង់ពន្ធ​ផងដែរ​។ រថយន្ត​ទាំងនោះ​រួមមាន រថយន្ត​គិលានសង្គ្រោះ និង​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​, យានយន្ត​ជា​កម្មសិទ្ធិ​របស់​អង្គភាព​កងយោធពល​ខេមរភូមិន្ទ កង​រាជអាវុធហត្ថ នគរបាលជាតិ ដែល​បាន​ចុះបញ្ជី​សារពើ​ភណ្ឌ​របស់​ស្ថាប័ន​, យានយន្ត​ជា​កម្មសិទ្ធិ​របស់​ស្ថានទូត ឬ​ស្ថាន​កុងស៊ុល​បរទេស​, អង្គការ​អន្តរជាតិ ទីភ្នាក់ងារ​សហប្រតិបត្តិការ​បច្ចេកទេស​របស់​រដ្ឋាភិបាល​នានា និង​ទោចក្រ​យានយន្ត ត្រីចក្រយានយន្ត​គ្រប់​ប្រភេទ ត្រាក់ទ័រ និង​គ្រឿងយន្ត​ប្រហាក់ប្រហែល រួមទាំង​ជលយាន​យន្ត​គ្រប់​ប្រភេទ​មាន​កម្លាំង​ដល់​ ១៥០ ​សេះ​។

សូមជម្រាបថា ចាប់ពី​ខែមករា ឆ្នាំ​ ២០២២ តទៅ អគ្គនាយកដ្ឋាន​ពន្ធដារ​នឹងធ្វើ​ការផាកពិន័យ​ដល់​អ្នក​ដែល​មិនទាន់​បាន​បង់ពន្ធ​មធ្យោបាយ​ដឹកជញ្ជូន​ទាំងអស់ ដោយ​មន្ត្រី​របស់​អគ្គនាយកដ្ឋាន​ពន្ធដារ​នឹង​ចុះ​ត្រួតពិនិត្យ​ការប្រកាស​បង់ពន្ធ​ប្រភេទ​នេះ ដោយ​សហការ​ជាមួយ​កម្លាំង​កងរាជ​អាវុធហត្ថ នគរបាលជាតិ និង​អាជ្ញាធរ​មូលដ្ឋាន​ចុះ​ត្រួតពិនិត្យ​តាម​ដងផ្លូវ​៕LA

វីដេអូ៖