ភ្នំពេញៈ លោកនាយក​រដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ឱ្យ​ធនាគារ​ក្នុង​ និង​ក្រៅប្រទេស ចូលរួម​ទិញ​សញ្ញា​បណ្ណ​ (​បណ្ណ​បំណុល​) របស់​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា [Cambodia Airport Investment Company CAIC)] ​ដែល​នៅសល់​តម្លៃ​ជាង​ ២០០ ​លាន​ដុល្លារ​នៃ​ទឹកប្រាក់​សរុប​ ៣០០ ​លាន​ដុល្លារ ដោយមាន​អត្រា​ការប្រាក់ ៥,៥ ​ភាគរយ​ប្រចាំឆ្នាំ​ ដើម្បី​កាត់បន្ថយ​ការខ្ចី​បំណុល​ពី​ធនាគារ​ក្រៅប្រទេស​យកមក​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​ថ្មី​។

ការអំពាវនាវ​របស់​លោកនាយក​រដ្ឋមន្ត្រី​បានធ្វើ​ឡើង​ក្នុង​គ្រា​លោក​អញ្ជើញ​ចុះទៅ​ត្រួតពិនិត្យ​វឌ្ឍនភាព​គម្រោង​សាងសង់​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ​ជា​លើក​ទី​ ២ ​ដែល​ការងារ​សាងសង់​សម្រេចបាន​ប្រមាណ ២៧ ​ភាគរយ​សម្រាប់​គម្រោង​ដំណាក់កាល​ទី​ ១ នៅ​ខេត្តកណ្តាល កាលពី​ថ្ងៃទី​ ៩ ខែធ្នូ ឆ្នាំ​ ២០២១​។

លោក ហ៊ុន សែន បញ្ជាក់ថា​៖ «​ខ្ញុំ​មាន​គោលដៅ​មួយ គឺ​ចង់​ប្រមូល​ទុន​ក្នុង​ស្រុក​ដើម្បី​ធ្វើ​ចេញ​ជា​ស្នាដៃ​កូន​ខ្មែរ​តែម្តង តាមរយៈ​ទុន​ក៏​ខ្មែរ ការរចនាប័ទ្ម​សាងសង់​ផ្សេងៗ​ចេញពី​ដៃ​ខ្មែរ ដូចនេះ​បាន​ជា​យើង​ផ្តល់​ការអនុញ្ញាត​ធានា​សម្រាប់​ការខ្ចី ការលក់​សញ្ញា​បណ្ណ​របស់​ក្រុមហ៊ុន​សម្រាប់​ទឹកប្រាក់​ ៣០០ ​លាន​ដុល្លារ​ក្នុង​អត្រា​ការប្រាក់​ត្រឹម​ ៥,៥ ​ភាគរយ​»​។

លោក​អះអាងថា ក្នុងករណី​ដែល​ក្រុមហ៊ុន​ឯកជន​ផ្សេងទៀត ក្រៅពី​ធនាគារ អាច​ទិញ​សញ្ញា​បណ្ណ​នេះដែរ គឺជា​រឿង​ល្អ​ដើម្បីឱ្យ​អាកាសយានដ្ឋាន​ប្រមូល​ទុន​បាន​កាន់តែ​ច្រើន​កាត់បន្ថយ​លើ​ការពឹងពាក់​ពី​ធនាគារ​ក្រៅប្រទេស​។

លោក ពុង ឃាវសែ អគ្គនាយក​ក្រុមហ៊ុន​វិនិយោគទុន​អាណិក​ជនកម្ពុជា​ (OCIC) ដែលជា​ក្រុមហ៊ុន​សាងសង់​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ​បាន​និយាយថា ទោះបី​មាន​វិបត្តិ​កូវីដ​ ១៩ ក៏​ក្រុមហ៊ុន​ប្តេជ្ញា​ថា នឹង​បន្ត​ការសាងសង់​ឱ្យ​រួចរាល់​បាន​ឆាប់​តាម​ផែនការ​គ្រោងទុក​។ លោក​បន្តថា ក្រុមហ៊ុន CAIC បាន​ធ្វើការ​បោះផ្សាយ​សញ្ញា​បណ្ណ​មានតម្លៃ​សរុប ៣០០ ​លាន​ដុល្លារ​ដែល​រហូតមកដល់​ពេលនេះ​មាន​ក្រុមហ៊ុន​ហិរញ្ញវត្ថុ និង​ស្ថាប័ន​រដ្ឋ​មួយចំនួន​បាន​ទិញ​អស់​តម្លៃ​ជិត ៩០ ​លាន​ដុល្លារ​។

បើតាម​សេចក្តី​រាយការណ៍​របស់ លោក ពុង ឃាវសែ ស្ថាប័នរដ្ឋ ធនាគារ និង​ក្រុមហ៊ុន​ធានារ៉ាប់រង​ក្នុងស្រុក​ដែល​បាន​ចំណាយ​ទុនទិញ​សញ្ញាបណ្ណ មានដូចជា ធនាគារ APDB, ធនាគារ FTB, ធនាគារ​ព្រីនស៍, ធនាគារ​ប្រៃសណីយ៍​, ធនាគារ​ឯកទេស​វីង​, ធនាគារ​ជីបម៉ុង​, ធនាគារពាណិជ្ជ Alpha, ធនាគារ​ហិនហឺ ,​ក្រុមហ៊ុន​ធានា​រ៉ាប់រង​សុវណ្ណ​ភូមិ​, ក្រុមហ៊ុន​ធានារ៉ាប់រង AIA, ក្រុមហ៊ុន ព្រូដិនសល​, សាជីវកម្ម​ធានា​ឥណទាន​កម្ពុជា​, បេឡា​ជាតិ​របប​សន្តិសុខ​សង្គម​។

លោក​បញ្ជាក់ថា​៖ «​ស្ថាប័ន និង​ក្រុមហ៊ុន​ទាំងនេះ​ទិញ​បាន​សរុប ៨៧ ​លាន​ដុល្លារ ដោយ​នេះ​ជា​ការប្រើប្រាស់​មូលធន​ក្នុង​ស្រុក​ក្នុង​ការគាំទ្រ​ការសាងសង់​គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ​»​។

បើតាម លោក ពុង ឃាវសែ ធនាគារជាតិ​នៃ​កម្ពុជា​បាន​ធ្វើការ​វាយតម្លៃ​ពី​ហានិភ័យ​ស្មើនឹង​សូន្យ​ភាគរយ​សម្រាប់​ការបោះផ្សាយ​សញ្ញា​បណ្ណ​របស់​ក្រុមហ៊ុន Cambodia Airport Investment Company​។

លោក ហុង សុហួរ អគ្គនាយក​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា (CSX) ឱ្យដឹងថា ការបោះផ្សាយ​លក់​សញ្ញាបណ្ណ​របស់​ក្រុមហ៊ុន CAIC គឺ​មិនបាន​ការឆ្លងកាត់​ការចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា​ទេ ប៉ុន្តែ​លោក​គិតថា ក្រុមហ៊ុន​នេះ​អាច​លក់​ជា​លក្ខណៈ​ឯកជន និង​ទទួលបាន​ការអនុញ្ញាត​ពី​និយតករ​មូលបត្រ​កម្ពុជា​។

លោក​បាន​បន្ថែមថា ការបោះផ្សាយ​លក់​សញ្ញាបណ្ណ​នេះ គឺ​សម្រាប់​អ្នកត្រូវការ​លុយ ដែល​មិន​ចង់​លក់​ភាគហ៊ុន​ដោយ​អាច​បង់​ការប្រាក់​ជាប្រចាំ ត្រីមាស ឬ​ប្រចាំឆ្នាំ​បាន តាម​កាលកំណត់​របស់​ក្រុមហ៊ុន​នោះ ដូចនេះ​មិនចាំបាច់​បែងចែក​ភាគហ៊ុន​ទៅ​ភាគី​ដទៃ​នោះទេ​។

លោក​បាន​បញ្ជាក់ថា​៖ «​នៅក្នុង​ករណី​ដែល​ក្រុមហ៊ុន​បោះផ្សាយ​លក់​ជា​លក្ខណៈ​សាធារណៈ​ទៅឱ្យ​វិនិយោគិន​ទូទៅ គឺ​ត្រូវតែ​ទទួលបាន​ការអនុញ្ញាត​ពី​អាជ្ញាធរ​មូលបត្រ​កម្ពុជា និង​ចុះបញ្ជី​នៅ​ក្រុមហ៊ុន​ផ្សារមូលបត្រ​កម្ពុជា ដូចនេះ​ប្រហែលជា​គាត់​មិន​ចង់​បំពេញ​នីតិវិធី​ច្រើន ឬក៏​គាត់​មិន​ចង់​លក់​ទៅឱ្យ​វិនិយោគ​ច្រើនពេក​»​។

បើតាម លោក ពុង ឃាវសែ គិត​មកដល់ពេលនេះ គម្រោង​សាងសង់​ព្រលានយន្តហោះ​ថ្មី​នេះ បាន​ចំណាយ​ថវិកា​សាងសង់​អស់​ប្រមាណ​ ៣៧៥ ​ដុល្លារ​ហើយ​នៃ​ទំហំ​ទឹកប្រាក់​សម្រាប់​សាងសង់​គម្រោង ១ ៥០០ ​លាន​ដុល្លារ​។ បច្ចុប្បន្ន​ទុនវិនិយោគ​ទាំងនេះ គឺ​អាស្រ័យ​ទាំងស្រុង​ទៅលើ​ទុន​របស់​ក្រុមហ៊ុន CAIC ហើយ​ក្នុង​ឆ្នាំ​ ២០២២ ខាងមុខ​ក្រុមហ៊ុន​គ្រោង​នឹង​ចំណាយ​ថវិកា​បន្ថែមចំនួន​ ៤៦៧ ​លាន​ដុល្លារ​ទៀត ដែលជា​មធ្យម​ត្រូវការ​ចំណាយ ១,២ ​លាន​ដុល្លារ​ក្នុង​ ១ ​ថ្ងៃ​។

គម្រោង​អាកាសយានដ្ឋាន​អន្តរជាតិ​តេជោ​ក្រុង​តាខ្មៅ ត្រូវបាន​សាងសង់​ដោយ​ក្រុមហ៊ុន​វិនិយោគ​អាកាសយានដ្ឋាន​កម្ពុជា (Cambodia Airport Investment Company) សហការ​ជាមួយ​នឹង​រដ្ឋលេខាធិការដ្ឋាន​អាកាសចរ​ស៊ីវិល សម្រេចការ​សាងសង់​បាន​ជិត​ ៣០ ​ភាគរយ​នៃ​គម្រោង​ទាំងមូល​។

ក្នុងនោះ​ការងារ​សាងសង់​ស្ថានីយ​អ្នកដំណើរ​ទំហំ ២៤,៣ ម៉ឺន​ម៉ែត្រការ៉េ​ដែល​សាងសង់​ដោយ​ក្រុមហ៊ុន China Construction សម្រេចបាន ២៩ ​ភាគរយ​គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ​ ២០២៣, មជ្ឈមណ្ឌល​ផ្គត់ផ្គង់​ថាមពល ដោយ​ក្រុមហ៊ុន China Construction សម្រេចបាន ៥៥ ​ភាគរយ​គ្រោង​នឹង​បញ្ចប់​ក្នុង​ឆ្នាំ​ ២០២២,​ទីលាន​ចំណត​យន្តហោះ ទំហំ ១៨៩ ​ហិកតា​សម្រេចបាន ២១ ​ភាគរយ គ្រោង​នឹង​បញ្ចប់​នៅ​ឆ្នាំ ​២០២៣ ស្ថានីយ​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស កម្ពស់ ១១៨ ​ម៉ែត្រ​សម្រេចបាន ៤០ ​ភាគរយ គ្រោង​នឹង​ប្រគល់ឱ្យ​ក្រុមហ៊ុន Cambodia Air Traffic Ser-vice នៅ​ខែកក្កដា ឆ្នាំ​ ២០២២ ដើម្បី​ត្រួតពិនិត្យ​ចរាចរណ៍​ផ្លូវអាកាស​៕ LA

វីដេអូ៖