សៀមរាបៈ ចលនាទេសចរណ៍ក្នុងប្រទេសបានបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់ ជាពិសេសនៅអំឡុងពេលពិធីបុណ្យអុំទូក កន្លងមកដែលមានភ្ញៀវទេសចរចេញដើរកម្សាន្តប្រមាណជាង ១,២ លាននាក់។
«ប្រាសាទអង្គរវត្ត» គឺជារមណីយដ្ឋានទេសចរណ៍វប្បធម៌ប្រវត្តិសាស្ត្រដ៏ល្បីនៅប្រទេសកម្ពុជាដែលអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យទៅទស្សនាកម្សាន្តរាប់លាននាក់ក្នុង ១ ឆ្នាំៗនៅមុនពេលការផ្ទុះជំងឺកូវីដ ១៩។
លោកស្រី ហំ ផានិត អ្នកយកព័ត៌មាននៃកាសែតភ្នំពេញប៉ុស្តិ៍បានជួបសម្ភាសជាមួយលោក ឡុង កុសល ប្រធានអាជ្ញាធរជាតិអប្សរាអំពីការងារអភិរក្ស និងអភិវឌ្ឍន៍ប្រាសាទ ដើម្បីសោភណភាពទាក់ទាញទេសចរពេលពិភពលោករួចផុតពីវិបត្តិសុខភាពកូវីដ ១៩។
អំឡុងពេលជិត ២ ឆ្នាំនៃការរីករាលដាលកូវីដ ១៩ តើអាជ្ញាធរជាតិអប្សរាបានធ្វើអ្វីខ្លះ?
ក្នុងរយៈកាលកន្លងមកនេះ អ្វីដែលជាចំណុចសំខាន់របស់យើង គឺការរក្សាបាននូវគោលការណ៍ «អភិរក្សដើម្បីអភិវឌ្ឍ និងអភិវឌ្ឍដើម្បីអភិរក្ស» គឺបានសេចក្តីថា យើងពុំអាចបំបែកគោលការណ៍នេះសម្រាប់កិច្ចការងារថែរក្សា និងអភិវឌ្ឍន៍រមណីយដ្ឋានយើងបានទេ។
ក្នុងពេលណាមួយដែលយើងមិនមានតុល្យភាពក្នុងកិច្ចការងារអភិរក្ស និងកិច្ចការងារអភិវឌ្ឍន៍ ប្រកបដោយចីរភាពនោះ យើងនឹងមានបញ្ហា។ មានន័យថា ជញ្ជីងទាំង ២ នេះត្រូវតែរក្សាលំនឹង ហេតុអ្វី? យើងត្រូវដឹងថា មរតកបេតិកភណ្ឌរបស់យើង គឺជាចំណុចស្នូលសំខាន់ក្នុងពេលបច្ចុប្បន្នសម្រាប់ការអភិវឌ្ឍវិស័យទេសចរណ៍។ ដូចនេះ ការដែលយើងអភិវឌ្ឍវិស័យទេសចរណ៍ វាផ្តល់ផលប្រយោជន៍ជាច្រើន ដែលមានដូចជាការបង្កើនជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋ តាមរយៈការបង្កើតកិច្ចការងារផ្សេងៗជាលក្ខណៈផ្ទាល់ និងប្រយោល។
តើអាជ្ញាធរជាតិអប្សរាបានរៀបចំបែបណាខ្លះចំពោះហេដ្ឋារចនាសម្ព័ន្ធនៅបរិវេណប្រាសាទ?
សម្រាប់ការងារលើកកម្ពស់សោភណភាពក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅបរិវេណប្រាសាទអង្គរវត្ត គឺយើងបានរៀបចំនូវប្រព័ន្ធស្រោចស្រពស្វ័យប្រវត្តិ ជាពិសេសនៅខាងក្នុងប្រាសាទអង្គរវត្ត ព្រោះកន្លងមកនៅរដូវប្រាំង ស្មៅចាប់ផ្តើមប្រែពណ៌ទៅជាពណ៌ក្រហម ធ្វើឱ្យបាត់បង់សោភណភាព ដូចនេះយើងសង្ឃឹមថា សោភណភាពប្រាសាទអង្គរវត្តនឹងកាន់តែមានភាពល្អប្រសើរទាំងរដូវប្រាំង និងវស្សា។ លើសពីនេះទៀត ដូចឃើញជាក់ស្តែងនៅពីមុខប្រាសាទអង្គរវត្ត មានការប្រែប្រួលយ៉ាងច្រើន ដូចជា ប្រែពីទីកន្លែងដែលមានភក់នៅរដូវវស្សា និងដីហុយនៅរដូវប្រាំងទៅជាទីកន្លែងមានភាពបៃតង ដោយសារមានការដាំកូនឈើ និងការរៀបចំដើម្បីឱ្យទីកន្លែងនេះមានភាពទាក់ទាញ។
រាជរដ្ឋាភិបាលបានប្រកាសទទួលភ្ញៀវទេសចរអន្តរជាតិចាក់វ៉ាក់សាំងរួចរាល់ ប៉ុន្តែទន្ទឹមនឹងនេះក៏មានការលេចចេញនូវមេរោគកូវីដ ១៩ បំប្លែងថ្មី (អូមីក្រុង)។ តើលោកមានគិតថាមេរោគនេះនឹងអាចរាំងស្ទះការមកដល់របស់ភ្ញៀវទេសចរបរសដែរឬទេ?
យើងពិតជាព្រួយបារម្ភ ប៉ុន្តែយើងត្រូវមានដំណោះស្រាយ។ យើងឃើញថា រដ្ឋាភិបាលបានខិតខំស្វែងរកវ៉ាក់សាំងមកចាក់ជូនប្រជាពលរដ្ឋជាបន្តបន្ទាប់ តាមគ្រប់មធ្យោបាយ នេះជាចំណុចមួយដែលយើងបានកត់សម្គាល់ ហើយចំណុចមួយទៀត គឺធ្វើយ៉ាងណាបញ្ចៀសនូវផលវិបាកសម្រាប់ភ្ញៀវដែលមកទស្សនារមណីយដ្ឋានអង្គរ។ យើងបានអនុវត្តយ៉ាងខ្ជាប់ខ្ជួននូវគោលការណ៍របស់ក្រសួងសុខាភិបាល គឺវិធានការ ៣កុំ ៣ ការពារ ព្រោះយើងដឹងថា ជំងឺនេះមានភាពប្រែប្រួលលឿន ងាយនឹងឆ្លង ប៉ុន្តែបើយើងអនុវត្តបានខ្ជាប់ខ្ជួនជំងឺនេះនឹងមិនងាយឆ្លងបានទេ។ ក្រៅពីនេះគឺការរៀបចំវង់ទស្សនាចរ ព្រោះយើងដឹងថា កូវីដ ១៩ មិនទាន់ផុតរលត់ទេ ដូចនេះត្រូវរៀនរស់នៅជាមួយវា ដោយយើងបានរៀបចំផ្លូវទស្សនាជូនភ្ញៀវទេសចរពីមួយកន្លែងទៅមួយកន្លែង ដើម្បីឱ្យយើងងាយស្រួលគ្រប់គ្រង។ យើងក៏មានស្តង់ដា SOP ដែលជាការណែនាំរបស់ក្រសួងទេសចរណ៍ផងដែរ។
ក្នុងរយៈពេលជិត ២ ឆ្នាំមកនេះ ភ្ញៀវទេសចរមកកម្សាន្តនៅខេត្តសៀមរាប គឺជាភ្ញៀវក្នុងស្រុក។ តើអាជ្ញាធរអប្សរាមានយុទ្ធសាស្ត្រអ្វីខ្លះ ដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស?
ភ្ញៀវទេសចរក្នុងស្រុកបានដើរតួសំខាន់ណាស់ក្នុងការធ្វើឱ្យសេដ្ឋកិច្ចជាតិរីកចម្រើនឡើងវិញ ដោយមិនរំពឹងតែទៅលើភ្ញៀវទេសចរបរទេស។ ទោះបីយ៉ាងណា យើងក៏បាននិងកំពុងធ្វើការជាច្រើនជាមួយក្រសួងទេសចរណ៍ ដើម្បីស្តារឡើងវិញនូវវិស័យទេសចរណ៍បរទេសក្រោយពេលជំងឺកូវីដ ១៩ មានភាពធូរស្រាល។ យើងនឹងបន្តកិច្ចការងារផ្សព្វផ្សាយ ដោយសហការជាមួយវិស័យឯកជន ជាក់ស្តែងដូចជាពិធីរំឭកគុណអង្គរជាដើម ដែលជាផ្នែកមួយយ៉ាងសំខាន់ក្នុងការទាក់ទាញភ្ញៀវទេសចរបរទេស។
តើលោកមានសុទិដ្ឋិនិយមបែបណា ខណៈរដ្ឋាភិបាលបើកទទួលភ្ញៀវទេសចរបរទេសចាក់វ៉ាក់សាំងរួចរាល់?
ខ្ញុំយល់ថា នេះជាយុទ្ធសាស្ត្រដ៏ល្អ ព្រោះយើងបានត្រៀមរួចហើយនៅពេលស្ថានភាពកូវីដ-១៩ ស្ថិតក្រោមការគ្រប់គ្រង។ សម្រាប់រមណីយដ្ឋានអង្គរ គឺយើងត្រៀមរៀបចំរួចហើយ ដូចជា ការដាក់នូវបរិក្ខារទេសចរណ៍, ការបង្កើតនូវវង់ទស្សនាចរតាមប្រាសាទជាដើម។ ខ្ញុំជឿថា យើងនៅរង់ចាំតែការត្រឡប់មកវិញរបស់ភ្ញៀវប៉ុណ្ណោះ៕ LA