ភ្នំពេញៈ រដ្ឋាភិបាលកម្ពុជាបានត្រៀមថវិកា ២៥០ លានដុល្លារនៅឆ្នាំ ២០២២ សម្រាប់ផ្តល់ឥណទានត្រង់ពីធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា និងធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ដើម្បីជួយដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា (SMEs)។ នេះបើតាមការលើកឡើងពីមន្ត្រីជាន់ខ្ពស់នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
ក្នុងសន្និសីទសារព័ត៌មាននៅទីស្តីការគណៈរដ្ឋមន្ត្រី កាលពីព្រឹកថ្ងៃទី ១៤ ខែធ្នូ លោក ផាន់ ផល្លា រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានលើកឡើងថា កន្លងមកការជួយដល់សហគ្រាសធុនតូច និងមធ្យម (SMEs) គឺធ្វើឡើងតាមរយៈការផ្តល់ហិរញ្ញប្បទានដែលមានអត្រាការប្រាក់ប្រកួតប្រជែង តាមរយៈកម្មវិធីសហហិរញ្ញប្បទានរវាងធនាគារ SME របស់រាជរដ្ឋាភិបាលជាមួយនឹងធនាគារ ក៏ដូចជាគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដោយបានអនុវត្ត ២ លើករួចមកហើយ។
លោកបន្ថែមថា គម្រោងសហហិរញ្ញប្បទានរបស់ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជាបានដាក់ឱ្យអនុវត្តជាលើកទី ១ កាលពីឆ្នាំ ២០២០ ចំនួន ៥០ លានដុល្លារ និងលើកទី ២ នៅឆ្នាំ ២០២១ ចំនួន ៥០ លានដុល្លារ ដែលថវិកាទាំង ២ លើកនេះបានប្រើរួចហើយ ខណៈបច្ចុប្បន្ននេះធនាគារ SME កំពុងធ្វើការស្នើបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «កម្មវិធីសហហិរញ្ញប្បទានបានសម្រួលលក្ខខណ្ឌជាច្រើនដើម្បីឱ្យគាត់ទទួលកម្ចីទាំងនេះបាន ព្រោះយើងដឹងថា ក្នុងរយៈពេលជាង ១ ឆ្នាំមកនេះគាត់ជួបការលំបាកច្រើន តែខ្ញុំសូមជម្រាបថា ការផ្តល់ហិរញ្ញប្បទាននេះ មិនមែនផ្តល់ឱ្យដោយគ្មានការសងត្រឡប់ទេ ប៉ុន្តែយើងនឹងខិតខំសម្រួលលក្ខខណ្ឌឱ្យបានច្រើនដើម្បីជួយដល់វិស័យនេះ»។
ប្រធានប្រតិបត្តិសម្ព័ន្ធសមាគមសហគ្រាសធុនតូច និងមធ្យមកម្ពុជា លោក តែ តាំងប៉ ឱ្យដឹងថា កញ្ចប់ថវិកាប្រមាណ ២៥០ លានដុល្លារនេះពិតជាសំខាន់ណាស់ ក្នុងការផ្តល់ជាទុនលើកស្ទួយ SMEs ដោយផ្ទាល់ និងអាចជួយស្រោចស្រង់ដល់វិស័យឯកជន បន្ទាប់ពីរងផលប៉ះពាល់យ៉ាងខ្លាំងពីជំងឺកូវីដ ១៩។ លោកបន្តថា មានវិស័យអាទិភាពចំនួន ៧ ដែលនឹងទទួលបានអត្រាការប្រាក់ទាបពីធនាគារ SME ត្រឹមតែ ៦,៥ ភាគរយ ហើយវិស័យមិនអាទិភាពទទួលបានអត្រាការប្រាក់ ៧,៥ ភាគរយ។
លោកបន្ថែមថា ថ្វីដ្បិតរដ្ឋាភិបាលបានខិតខំផ្តល់ទុនជួយដល់ SMEs មែន ប៉ុន្តែក៏មានបញ្ហាខ្លះដែលម្ចាស់សហគ្រាសជួបនៅពេលរៀបចំនីតិវិធីស្នើឥណទាន ដោយកន្លងទៅមាន SMEs ខ្លះមិនបានបំពេញលក្ខខណ្ឌគ្រប់គ្រាន់ និងបញ្ហាមួយចំនួនទៀត គឺការផ្តល់ឥណទានមិនទាន់មានតម្លាភាព។ លោកអះអាងថា៖ «ពេលខ្លះ SMEs ខូចក្រេឌីត ដោយសារមានការយឺតយ៉ាវក្នុងការសងត្រឡប់ និងខ្លះទៀតមិនទាន់សងបំណុលចាស់រួច ចំណូលមិនគ្រប់គ្រាន់ មិនមានរបាយការណ៍ហិរញ្ញវត្ថុច្បាស់លាស់ ដូចនេះធនាគារ SME គេមិនអាចឱ្យខ្ចីបាន ប៉ុន្តែករណីខ្លះទៀតធនាគារក៏គួរផ្តល់កម្ចីឱ្យមានភាពយុត្តិធម៌ផងដែរ»។
បើតាមលោក ផាន់ ផល្លា ធនាគារ SME មានកម្មវិធីកម្ចី ៣ ប្រភេទ គឺទី ១ កម្មវិធីកម្ចីសម្រាប់សហគ្រាសធុនតូច និងមធ្យមដែលមានស្ត្រីជាម្ចាស់នឹងទទួលបានអត្រាការប្រាក់ ៥,៥ ភាគរយ ទី ២ កម្ចីសម្រាប់វិស័យឌីជីថល និងទី ៣ កម្ចីសម្រាប់វិស័យអាទិភាព ដែលមានការប្រាក់ ៦,៥ ភាគរយ។
កាលពីអំឡុងខែសីហា ឆ្នាំ ២០២១ ធនាគារអេស៊ីលីដា បានបម្រុងទុកមូលនិធិ ៧៩ លានដុល្លារសម្រាប់ឆ្នាំ ២០២២ ខាងមុខ ដើម្បីគាំទ្រកំណើនរបស់សហគ្រាសធុនតូច និងមធ្យម (SMEs) ដែលកំពុងដើរតួនាទីយ៉ាងសកម្មក្នុងការជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងអំឡុងពេលកូវីដ ១៩។
លោក អ៊ិន ចាន់នី ប្រធាននាយកប្រតិបត្តិធនាគារអេស៊ីលីដាបានឱ្យដឹងថា ជាធម្មតាសហគ្រាសធុនតូច និងមធ្យម ត្រូវការកម្ចីរយៈពេលវែងពី ៣-៥ ឆ្នាំ។ អេស៊ីលីដា តែងតែរៀបចំផែនការមុន ដើម្បីឆ្លើយតបនឹងតម្រូវការមូលនិធិរយៈពេលវែងសម្រាប់ឆ្នាំ ២០២២ និងឆ្នាំបន្ទាប់ៗ។ ដើម្បីគាំទ្រដល់តម្រូវការ SMEs អេស៊ីលីដា កៀរគរមូលនិធិទាំងក្នុងស្រុក និងអន្តរជាតិ ដើម្បីគាំទ្រកំណើន SMEs៕ LA