ភ្នំពេញៈ កម្ពុជា-ចិន សម្រេចបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការវិនិយោគ និងសេដ្ឋកិច្ច ដើម្បីលើកកម្ពស់គំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ក៏ដូចជាពង្រឹងការវិនិយោគ និងលើកកម្ពស់ទំនាក់ទំនងសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង ២ ឱ្យកាន់តែប្រសើរ។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ដែលផ្សព្វផ្សាយកាលពីចុងសប្តាហ៍មុន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ក្រសួងពាណិជ្ជកម្ម និងក្រសួងពាណិជ្ជកម្មនៃសាធារណរដ្ឋប្រជាមានិតចិនបានចុះអនុស្សរណៈយោគយល់គ្នា (MoU) ស្តីពីការបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការ វិនិយោគ និងសេដ្ឋកិច្ចនេះឡើង។
លោក សុខ ចិន្តាសោភា អគ្គលេខាធិការ CDC បានលើកឡើងថា អនុស្សរណៈនៃការយោគយល់នេះនឹងជំរុញរំហូរវិនិយោគ និងពាណិជ្ជកម្មទ្វេទិសរវាងប្រទេសទាំង ២ ស្របតាមស្មារតីនៃជំនួបកំពូលរវាងមេដឹកនាំចិន និងកម្ពុជា កាលពីថ្ងៃទី ១៥ ខែ វិច្ឆិកា ឆ្នាំ ២០២១ កន្លងទៅ។
លោកបន្ថែមថា៖ «ទំហំទុនវិនិយោគដ៏ច្រើនរបស់វិនិយោគិនចិននៅកម្ពុជាធ្វើឱ្យការវិនិយោគរបស់ចិនឈរនៅលំដាប់ទី១ ដែលនឹងជួយជំរុញ និងពន្លឿនសមត្ថភាពកម្ពុជា ពិសេសកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ចិន នឹងជួយស្តារសង្គមសេដ្ឋកិច្ចឡើងវិញ ក្រោយវិបត្តិកូវីដ ១៩»។
អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ យល់ឃើញថា អនុស្សរណៈយោគយល់គ្នានេះ គឺជាយន្តការមួយដ៏សំខាន់ ដើម្បីឆ្លើយតបនឹងការដោះស្រាយបញ្ហា ឬឧបសគ្គនានាកើតមានឡើងវិញ នៅពេលភាគីទាំង ២ អនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មនានាដែលរួមមាន FTA និង RCEP ដែលបានចុះហត្ថលេខានាពេលកន្លងមក។
លោកបន្ថែមថា៖ «ការរៀបចំបង្កើតក្រុមការងារកិច្ចសហប្រតិបត្តិការ វិនិយោគ និងសេដ្ឋកិច្ចនេះ ក៏នឹងផ្តល់លទ្ធភាពដល់ភាគីទាំង ២ នៅក្នុងការពិនិត្យ និងតាមដាន ការងារទាំងឡាយដែលមានការពាក់ព័ន្ធលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចពាណិជ្ជកម្មរវាងប្រទេសទាំង ២ ដើម្បីឱ្យកាន់តែប្រសើរឡើងក្នុងករណីមានឧបសគ្គ ឬបញ្ហាកើតឡើងជាយថាហេតុ»។
ក្នុងកិច្ចពិភាក្សាការងារតាមប្រព័ន្ធវីដេអូ ជាមួយនឹងលោក Li Keqiang នាយករដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន កាលពីថ្ងៃទី ១៥ ខែវិច្ឆិកា ឆ្នាំ ២០២១ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបង្ហាញពីបំណងលោកក្នុងការជំរុញឱ្យទំនាក់ទំនងពាណិជ្ជកម្មរវាងប្រទេសទាំង ២ កាន់តែមានភាពល្អប្រសើរ។ លោកក៏បានលើកសរសើរចំពោះអត្រាកំណើនសេដ្ឋកិច្ចប្រទេសចិន ៩,៨ ភាគរយ សម្រាប់ ៩ ខែនៃឆ្នាំ ២០២១ នេះផងដែរ ខណៈប្រទេសស្ទើរទាំងអស់នៅលើពិភពលោកមានកំណើនថយចុះ។
ក្នុងឱកាសនេះ លោក Li Keqiang ក៏បានយល់ស្របថា នឹងខិតខំជំរុញឱ្យមានការធ្វើការរួមគ្នារវាងភាគីទាំង ២ ដើម្បីធ្វើយ៉ាងណាពិភាក្សា ចរចាគ្នាលើកូតានាំអង្ករចូលទៅប្រទេសចិន និងកសិផលកម្ពុជាចូលទៅប្រទេសចិនដោយផ្ទាល់តាមរយៈការបង្កើតយន្តការរួមគ្នាពិនិត្យមើលផលិតផលទាំងឡាយណា ដែលត្រូវនាំចេញពីកម្ពុជា ទៅប្រទេសចិន។
រយៈពេល ១០ ខែ ឆ្នាំ ២០២១ ទំហំពាណិជ្ជកម្មទ្វេភាគីកម្ពុជា-ចិនមានជាង ១ ម៉ឺនលានដុល្លារកើន ៤៥,៩ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដែលចំនួននេះលើសពីការរំពឹងទុករបស់ថ្នាក់ដឹកនាំប្រទេសទាំង ២។ នេះបើតាមទិន្នន័យក្រសួងពាណិជ្ជកម្មចិន៕ LA