ភ្នំពេញៈ ការផ្លាស់ប្តូរពាណិជ្ជកម្មទ្វេភាគីកម្ពុជា និងកូរ៉េ ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ សម្រេចបានក្នុងទឹកប្រាក់សរុបជិត ៨៧០ លានដុល្លារ កើន ៨,៨ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ក្នុងនោះការនាំចេញរបស់កម្ពុជា កើនជិត ៦ ភាគរយ និងនាំចូលកើនជាង ១០ ភាគរយ។ នេះបើយោងតាមទិន្នន័យពីសមាគមពាណិជ្ជកម្មអន្តរជាតិកូរ៉េ (Kita)។
ទិន្នន័យ Kita ចេញផ្សាយកាលពីចុងសប្តាហ៍មុនបង្ហាញថា ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២១ ការនាំទំនិញចេញ-ចូលរវាងប្រទេសកម្ពុជា និងកូរ៉េខាងត្បូង មានទឹកប្រាក់សរុប ៨៦៩,៧៣ លានដុល្លារ កើនពីចំនួន ៧៩៩,៥៤ លានដុល្លារនារយៈពេលដូចគ្នាឆ្នាំ ២០២០ ស្មើនឹងកំណើន ៨,៨ ភាគរយ។ ក្នុងនោះការនាំចេញពីកម្ពុជាទៅទីផ្សារប្រទេសកូរ៉េក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ មានទឹកប្រាក់ ៣០៩,០៧ លានដុល្លារ កើន ៥,៩ ភាគរយពីចំនួន ២៩១,៩៣ លានដុល្លារ និងការនាំទំនិញពីកូរ៉េ មកកម្ពុជាមានទឹកប្រាក់ ៥៦០,៦៦ លានដុល្លារ កើន ១០,៥ ភាគរយពីចំនួន ៥០៧,៤២ លានដុល្លារ។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (រាជបណ្ឌិត្យសភាកម្ពុជា) បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ២០ ខែធ្នូថា ការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ បានកើនឡើងជាលំដាប់ ទោះបីក្នុងអំឡុងពេលនៃវិបត្តិជំងឺកូវីដ ១៩ ដែលបានបង្ខំឱ្យប្រទេសនីមួយៗរឹតបន្តឹងតាមព្រំដែនក៏ដោយ។ ចំនួននេះនឹងមានសម្ទុះឡើងបន្ថែមទៀតនៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីរវាងប្រទេសទាំង ២ ចូលជាធរមានក្នុងពេលឆាប់ៗ។
លោកបញ្ជាក់ថា៖ «ទោះបីជំងឺកូវីដ-១៩ ប្រភេទអូមីក្រុង កំពុងបង្កើនការគំរាមកំហែងដល់ដំណើរការសេដ្ឋកិច្ចសកល ក៏ខ្ញុំនៅតែមានសុទិដ្ឋិនិយមថា ការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ នឹងមានកំណើនជាបន្តទៀត។ ម្យ៉ាងទៀតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីដែលប្រទេសទាំង ២ បានចុះហត្ថលេខាកន្លងមកក៏នឹងជួយទាក់ទាញវិនិយោគិនកូរ៉េ ឱ្យចូលមកវិនិយោគនៅកម្ពុជាកាន់តែច្រើនផងដែរ»។
យ៉ាងណាក៏លោក វណ្ណៈ អះអាងថា ជញ្ជីងពាណិជ្ជកម្មកម្ពុជាជាមួយកូរ៉េ គឺកម្ពុជាមានឱនភាព ដែលទាមទារឱ្យកម្ពុជាត្រូវខិតខំបន្ថែមទៀតក្នុងការផលិត និងកែច្នៃផលិតផលថ្មីៗត្រៀមនាំទៅទីផ្សារប្រទេសកូរ៉េ ដោយរាប់ពីកសិកម្ម រហូតដល់ឧស្សាហកម្ម។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានប្រាប់ថា ភាពវិជ្ជមាននៃពាណិជ្ជកម្មទ្វេភាគីរបស់ប្រទេសទាំង ២ នឹងមានសម្ទុះខ្លាំងពេល FTA រវាងប្រទេសទាំង ២ ចូលជាធរមាន ដោយនៅពេលនោះផលិតផលជាច្រើនមុខរបស់កម្ពុជានឹងអាចនាំទៅទីផ្សារប្រទេសកូរ៉េ ដោយរួចពន្ធ ឬជាប់ពន្ធក្នុងអត្រាទាប។
លោកបន្តថា៖ «កូរ៉េជាទីផ្សារមានសក្តានុពលមួយសម្រាប់ផលិតផលនាំចេញកម្ពុជា ហេតុនេះកម្ពុជាត្រូវតែខិតខំបន្ថែមទៀតក្នុងការធ្វើពិពិធកម្មការផលិតរបស់ខ្លួនដើម្បីបំពេញតម្រូវការទីផ្សារប្រទេសកូរ៉េ»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីថ្ងៃទី ១៦ ខែធ្នូ លើកឡើងថា រដ្ឋាភិបាលកម្ពុជាកំពុងខិតខំជំរុញដំណើរការនៃកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ ឱ្យចូលជាធរមានបានឆាប់ ខណៈតាមរយៈកិច្ចព្រមព្រៀងនេះកម្ពុជារំពឹងនឹងអាចទទួលបានផលវិជ្ជមានជាច្រើន ពិសេសរំហូរពាណិជ្ជកម្ម និងការវិនិយោគពីប្រទេសកូរ៉េ។
លោកបានថ្លែងថា៖ «យើងត្រូវការឱ្យកិច្ចព្រមព្រៀងនេះចូលជាធរមានឱ្យបានឆាប់ ដើម្បីបើកទីផ្សារយើងទៅកាន់ប្រទេសកូរ៉េបន្ថែមទៀត ដោយចាត់ទុកថាយើងនឹងមានច្រកចេញចូលច្រើន គឺមិនមែនមានតែមួយនោះទេ ខណៈកន្លងមកយើងបានធ្វើរួចហើយជាមួយប្រទេសចិន»៕ LA