ភ្នំពេញៈ ធនាគារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា (SME Bank) គ្រោងនឹងអនុវត្តការផ្តល់ឥណទានដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ដោយមិនចាំបាច់ដាក់ទ្រព្យធានាក្នុងពេលឆាប់ៗនេះ ដើម្បីកាត់បន្ថយការលំបាក និងឧបសគ្គនានារបស់ SMEs នៅពេលមានតម្រូវការឥណទានក្នុងការអភិវឌ្ឍអាជីវកម្មរបស់ខ្លួន។
ក្នុងវេទិកាពិភាក្សា «បញ្ហាប្រឈម និងគោលនយោបាយអភិវឌ្ឍន៍សហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា» នៅសន្និសីទម៉ាក្រូសេដ្ឋកិច្ចលើកទី ៨ ឆ្នាំ ២០២១ នាថ្ងៃទី ២២ ខែធ្នូ លោក លឹម អូន អគ្គនាយកនៃ SME Bank បានលើកឡើងថា ជាទូទៅក្នុងប្រទេសកម្ពុជា ធនាគារភាគច្រើនតែងទទួលអចលនវត្ថុ ដើម្បីជាទ្រព្យធានាក្នុងការទទួលបានឥណទាន។
លោក លឹម អូន បានថ្លែងបន្តថា រដ្ឋាភិបាលបានបង្កើតសាជីវកម្មធានាឥណទានកម្ពុជា ដើម្បីជួយសម្រួលដល់សហគ្រាសធុនតូច និងមធ្យមមួយចំនួនដែលលំបាកក្នុងការទទួលបានឥណទាន ដោយសារគ្មានទ្រព្យបញ្ចាំ។
លោកបញ្ជាក់ថា៖ «ក្នុងក្របខ័ណ្ឌធនាគារសហគ្រាសធុនតូច និងមធ្យមនៅកម្ពុជា ក្រុមប្រឹក្សាបានណែនាំឱ្យមានការសិក្សាពីលទ្ធភាពក្នុងការផ្តល់ឥណទានដោយមិនយកទ្រព្យបញ្ចាំ ដោយបច្ចុប្បន្ន ក្រុមការងារកំពុងធ្វើការងារនេះ តែស្ថិតក្នុងលក្ខខណ្ឌដែលមានការពិចារណានៅឡើយ»។
យ៉ាងណាក៏ដោយ អគ្គនាយក SME Bank រូបនេះលើកឡើងថា នឹងសិក្សាលើលក្ខខណ្ឌទាំងអស់ឱ្យបានច្បាស់លាស់ជាមុនសិន។
លោកស្រី ជា សិរី អគ្គនាយិកាបច្ចេកទេសនៃធនាគារជាតិនៃកម្ពុជា បានឱ្យដឹងថា SME នៅកម្ពុជាប្រឈមនឹងបញ្ហាជាច្រើននៅក្នុងអាជីវកម្មដែលជាឧបសគ្គក្នុងការអភិវឌ្ឍប្រកបដោយចីរភាព។
លោកស្រីបានបញ្ជាក់យ៉ាងដូច្នេះថា៖ «បញ្ហាប្រឈមទាំងនោះរួមមានដូចជាការខ្វះខាតជំនាញគ្រប់គ្រង និងពលកម្មជំនាញ, ការខ្វះខាតប្រភពទុន និងលទ្ធភាពទទួលបានហិរញ្ញវត្ថុផ្លូវការ, ការខ្វះខាតផ្នែកព័ត៌មានទីផ្សារទាំងក្នុងស្រុក និងទីផ្សារនាំចេញ, ការប្រកួតប្រជែងពីសហគ្រាសធំៗ និងពីការនាំចូលទំនិញពីបរទេសជាដើម»៕ LA