ទីក្រុងឡុងដ៍៖ Selfridges ជាសម្ព័ន្ធហាងទំនិញប្រណីតរបស់ចក្រភពអង់គ្លេសដែលល្បីល្បាញផ្នែកហាងទំនើបរបស់ខ្លួននៅលើផ្លូវ Oxford Streetទីក្រុងឡុងដ៍កាលពីថ្ងៃសុក្រត្រូវបានទិញយកដោយសម្ព័ន្ធភាពថៃ-អូទ្រីសក្នុងតម្លៃ ៤,០ ពាន់លានផោន នៅក្នុងកិច្ចព្រមព្រៀងមុនថ្ងៃបុណ្យណូអែលដែលនឹងបង្កើតជាក្រុមហ៊ុនឈានមុខគេមួយលើពិភពលោក។
ក្រុមហ៊ុនបានប្រកាសនៅក្នុងប្រកាសព័ត៌មានមួយថា ក្រុមហ៊ុនSelfridges ដែលជាធម្មតាប្រមូលផ្តុំអ្នកដើរទិញអំណោយក្នុងឱកាសថ្ងៃឈប់សម្រាកបុណ្យ ត្រូវបានលក់ដោយគ្រួសារលោកWeston របស់ប្រទេសកាណាដាទៅឱ្យCentral Group ជាក្រុមហ៊ុនលក់រាយឈានមុខគេរបស់ប្រទេសថៃ និងក្រុមហ៊ុនអចលនទ្រព្យអូទ្រីស Signa។
តម្លៃដែលស្មើនឹង ៥,៤ ពាន់លានដុល្លារ ឬ ៤,៧ ពាន់លានអឺរ៉ូ មិនត្រូវបានបង្ហាញជាផ្លូវការនោះទេ ប៉ុន្តែត្រូវបានបញ្ជាក់ដោយប្រភពដែលដឹងពីបញ្ហានេះ។
ទោះបីជាយ៉ាងណាក៏ដោយ កិច្ចព្រមព្រៀងប្រកបដោយភាពជោគជ័យមួយនេះ ធ្វើឡើងចំពេលមានការបារម្ភកាន់តែខ្លាំងឡើងជុំវិញផលប៉ះពាល់ដោយសារតែវីរុសវ៉ារ្យ៉ង់អូមីក្រុងលើវិស័យលក់រាយ ដែលត្រូវបានរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងររួចទៅហើយ ដោយសារតែការរីករាលដាលជំងឺកូវីដរយៈពេលយូរ៕LA