ភ្នំពេញៈ អ្នកជំនាញសេដ្ឋកិច្ច និងពាណិជ្ជកម្មក្នុងស្រុករំពឹងថា កម្ពុជានឹងទទួលបានប្រយោជន៍ដ៏ច្រើនពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (អាសិប-RCEP) ដែលនឹងត្រូវចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ ២០២២។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មកាលពីចុងសប្តាហ៍មុនឱ្យដឹងថា កិច្ចព្រមព្រៀង RCEP នេះ គឺជាគំនិតផ្តួចផ្តើមរបស់អាស៊ាន និងបានចាប់ផ្តើមការចរចាតាំងពីឆ្នាំ ២០១២។ កិច្ចព្រមព្រៀងនេះ នឹងធ្វើឱ្យកម្ពុជាមានកំណើនប្រចាំឆ្នាំសម្រាប់ការនាំចេញ ៧,៣ ភាគរយ វិនិយោគ ២៣,៤ ភាគរយ និងផលិតផលក្នុងស្រុកសរុបប្រមាណ ២ ភាគរយលើផលិតផលក្នុងស្រុកសរុបដែលមាននាពេលបច្ចុប្បន្ន។ ក្នុងនោះដែរ កម្ពុជាក៏នឹងទទួលបានភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងនេះលើទំនិញជាច្រើន ដូចជា ទំនិញកសិកម្ម, កសិកម្មកែច្នៃ ទំនិញឧស្សាហកម្ម ជាដើម។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ថា កម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកាន់តែច្រើនកាន់តែល្អ ហើយនៅឆ្នាំក្រោយនេះ ក្រៅពី RCEP ក៏មានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជាចិន មួយទៀតដែលត្រូវចូលជាធរមានដែរ។ លោកបន្តថា កិច្ចព្រមព្រៀងទាំងអស់នេះ គឺជាឈ្នាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែរីកចម្រើន ហើយកម្ពុជាត្រូវធ្វើយ៉ាងណាទាញយកផលប្រយោជន៍ពីកិច្ចព្រមព្រៀងទាំងនេះឱ្យបានជាអតិបរមា។
បែបនេះក្តី លោកបញ្ជាក់ថា ដោយសារ RCEP ជាកិច្ចព្រមព្រៀងថ្នាក់តំបន់ ដូច្នេះកម្ពុជាក៏មានបញ្ហាប្រឈមច្រើនដែរ ជាពិសេសត្រូវប្រកួតប្រជែងជាមួយប្រទេសជិតខាងដែលនាំចេញផលិតផលកសិកម្ម ដូចជាវៀតណាម និងថៃ។
លោកនិយាយថា៖ «កសិកម្ម គឺជាទំនិញសំខាន់ និងចាំបាច់ ដែលយើងទទួលបានភាពអនុគ្រោះក្នុងកិច្ចព្រមព្រៀង RCEP ដូចនេះក្រៅពីការនាំចេញវត្ថុធាតុដើមកសិកម្មហើយ យើងក៏ត្រូវចេះកែច្នៃវត្ថុធាតុដើម ដែលយើងមានផងដែរ»។
លោក គី សេរីវឌ្ឍ អ្នកជំនាញសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លើកឡើងថា RCEP នឹងអនុញ្ញាតឱ្យកម្ពុជានាំចេញបានគ្រប់មុខទំនិញទៅប្រទេសសមាជិកអាស៊ានទាំង ១០ និងប្រទេសដៃគូពាណិជ្ជកម្មសេរីអាស៊ានចំនួន ៥ ទៀត។
លោកបន្ថែមថា៖ «ដើម្បីជំរុញឱ្យការនាំចេញរបស់កម្ពុជាមានកំណើន គឺត្រូវជំរុញផលិតកម្ម ដោយផ្អែកលើកត្តាចំនួន ៤ គឺការទប់ស្កាត់ការរីកដុះដាលនៃទីផ្សារអចលនទ្រព្យ (មនុស្សមួយចំនួនធំដែលមានលុយឈប់វិនិយោគលើកសិកម្ម បែរជាវិនិយោគលើអចលនទ្រព្យ), ត្រូវបណ្តុះបណ្តាលកម្មករជំនាញឱ្យបានច្រើន, ត្រូវលើកកម្ពស់វិស័យផលិត បច្ចេកទេស និងការប្រើប្រាស់គ្រឿងគីមី, និងកាត់បន្ថយការប្រព្រឹត្តអំពើពុករលួយនៅក្នុងវិស័យពន្ធដារ ដើម្បីបង្កើតឱ្យមានភាពស្មើគ្នានៅក្នុងការប្រកួតប្រជែង»។
ក្រៅពីទទួលបានភាពអនុគ្រោះពន្ធពីកិច្ចព្រមព្រៀងនេះលើទំនិញសំខាន់ៗហើយនោះកម្ពុជាក៏រំពឹងទទួលបានអត្ថប្រយោជន៍បន្ថែមពី RCEP លើផ្នែកផ្សេងៗមួយចំនួនទៀតដូចជា ការផ្ទេរបច្ចេកវិទ្យា, ចំណេះដឹង, ចំណេះធ្វើ, និងជំនាញថ្មីៗពីការវិនិយោគផ្ទាល់ពីបរទេស ព្រមទាំងបង្កើតការងារដែលនឹងជួយជំរុញកំណើននៃការនាំចេញ និងកំណើនផលទុនសរុបក្នុងស្រុក និងជួយស្តារសេដ្ឋកិច្ចប្រទេសឱ្យបានឆាប់រហ័ស។
សូមជម្រាបថា RCEP មានគោលបំណងបង្កើតបរិយាកាសពាណិជ្ជកម្ម និងវិនិយោគបើកចំហ ដើម្បីសម្រួលដល់ការពង្រីកពាណិជ្ជកម្ម និងការវិនិយោគក្នុងតំបន់ និងរួមចំណែកដល់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍសកលលោក។
RCEP នឹងក្លាយជាក្របខ័ណ្ឌស្នូលសម្រាប់ការធ្វើពាណិជ្ជកម្ម និងការវិនិយោគ ដើម្បីពង្រីកបន្ថែមទៀតនូវខ្សែចង្វាក់តម្លៃតំបន់នាំមកនូវឱកាសទីផ្សារ និងការងារសម្រាប់អាជីវកម្ម និងប្រជាជនក្នុងតំបន់ ដោយនឹងគ្របដណ្តប់លើប្រជាជនប្រមាណ ២,២ ពាន់លាននាក់ ឬ ៣០ ភាគរយនៃចំនួនប្រជាជនពិភពលោក, ផលិតផលក្នុងស្រុកសរុបប្រមាណ ២៦,២ ទ្រីលានដុល្លារ ឬ ៣០ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ពិភពលោក, និងទំហំពាណិជ្ជកម្ម ២៨ ភាគរយនៃពាណិជ្ជកម្មពិភពលោក៕ LA