ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មបានកំណត់ផលិតផល «ទឹកត្រីកំពត» ជាផលិតផលសក្តានុពលក្នុងការកសាងកេរ្តិ៍ឈ្មោះជាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ ដើម្បីធ្វើយ៉ាងណាឱ្យផលិតផលទឹកត្រីនៅក្នុងខេត្តនេះ មានការទទួលស្គាល់កាន់តែច្រើន និងអាចនាំចេញទៅទីផ្សារអន្តរជាតិ ដូចម្រេចកំពត។
លោក សួន វិជ្ជា ប្រធានលេខាធិការដ្ឋានគណៈកម្មាធិការជាតិគ្រប់គ្រងកម្មសិទ្ធិបញ្ញា និងជាប្រធាននាយកដ្ឋានកម្មសិទ្ធិបញ្ញា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ថា ក្រុមការងារបានប្រមូលធាតុចូលពីផលិតករ-អាជីវករ និងសហគ្រាសធុនតូច និងមធ្យម និងបានរៀបចំបង្កើតគណៈកម្មការបណ្តោះអាសន្ន ដើម្បីរៀបចំចងក្រងសៀវភៅបន្ទុកស្តីពីការផលិតទំនិញសម្គាល់ភូមិសាស្ត្រ «ទឹកត្រីកំពត» សៀវភៅលក្ខន្តិកៈសមាគម បទបញ្ជាផ្ទៃក្នុង គំរូរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកត្រីកំពត» និងឯកសារពាក់ព័ន្ធផ្សេងៗទៀត។
លោកបន្ថែមថា ដើម្បីអនុវត្តគម្រោងខាងលើឱ្យមានប្រសិទ្ធភាព ក្រសួងពាណិជ្ជកម្មគ្រោងអញ្ជើញតំណាងក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ តំណាងក្រសួងកសិកម្ម និងអាជ្ញាធរមូលដ្ឋាន ដើម្បីចូលរួមរៀបចំចងក្រងសៀវភៅបន្ទុក ស្តីពីការផលិតទំនិញសម្គាល់ភូមិសាស្ត្រ «ទឹកត្រីកំពត» សៀវភៅលក្ខន្តិកៈសមាគម បទបញ្ជាផ្ទៃក្នុង គំរូរូបសញ្ញាម៉ាកសម្គាល់ភូមិសាស្ត្រទំនិញ «ទឹកត្រីកំពត»។
លោកបញ្ជាក់ថា៖ «បន្ទាប់ពីទទួលបានសមាសភាពក្រសួង និងអាជ្ញាធរពាក់ព័ន្ធ ក្រសួងពាណិជ្ជកម្មនឹងសហការរៀបចំកិច្ចប្រជុំពិភាក្សាបន្តនៅទីតាំងផ្ទាល់ (ខេត្តកំពត ឬខេត្តកែប) ដើម្បីប្រមូលធាតុចូល និងពិនិត្យទីតាំងផលិតកម្មផ្ទាល់ និងចងក្រងសៀវភៅបន្ទុកទឹកត្រីកំពត ដោយក្រសួងមានគម្រោងនឹងបញ្ចប់គម្រោងកសាងកេរ្តិ៍ឈ្មោះ «ទឹកត្រីកំពត» ជាម៉ាកសម្គាល់ភូមិសាស្ត្រ នៅចុងខែមេសា ឆ្នាំ ២០២២ ខាងមុខ»។
លោក ចាន់ ស៊ីថា អគ្គនាយកក្រុមហ៊ុនផលិតទឹកត្រីអ៊ីឆេ ង៉ូវហេង កំពត បាននិយាយថា ទឹកត្រីកំពត មានប្រវត្តិតាំងពីសម័យសង្គមរាស្ត្រនិយម ដែលត្រូវបានមហាជនទទួលស្គាល់រសជាតិ និងក្លិនឈ្ងុយ ដោយសារទឹកត្រីកំពត ផលិតឡើងពីត្រីកាកើម ដែលជាប្រភេទត្រីមានប្រូតេអ៊ីនខ្ពស់។
លោកបន្ថែមថា ចាប់តាំងពីឆ្នាំ ១៩៩៥ ដែលលោកបានបើកសិប្បកម្មផលិតទឹកត្រីអ៊ីឆេ ង៉ូវហេង កំពតនេះមក គឺមានភាពប្រកួតប្រជែងខ្លាំងជាមួយទឹកត្រីនាំចូល ប៉ុន្តែបច្ចុប្បន្នផលិតផលទឹកត្រីលោកបានចាប់យកចំណែកទីផ្សារបាន ៣០ ទៅ ៤០ ភាគរយ ហើយនៅតាមបណ្តាផ្សារទំនើបនានានៅភ្នំពេញ និងមួយចំនួនចែកចាយទៅតាមបណ្តាខេត្តដោយសារប្រជាជនខ្មែរ ចាប់ផ្តើមងាកមកនិយមផលិតផលក្នុងស្រុកវិញ។
ម្ចាស់សិប្បកម្មផលិតទឹកត្រីកំពតរូបនេះអះអាងថា លោកមានមហិច្ឆតានាំទឹកត្រីកំពត ទៅដល់ទីផ្សារអន្តរជាតិឱ្យបានកាន់តែច្រើន ខណៈបច្ចុប្បន្នលោកកំពុងរៀបចំសិប្បកម្មឱ្យមានលក្ខណៈស្តង់ដា និងមានការទទួលស្គាល់ជាអន្តរជាតិ។
លោកប្រាប់ថា៖ «យើងកំពុងពង្រីកសន្សឹមៗ ដោយសារយើងត្រូវការហិរញ្ញវត្ថុច្រើន ព្រោះវត្ថុធាតុដើមរបស់យើង គឺជាត្រីធម្មជាតិ ដែលមានរដូវកាល ១ ឆ្នាំម្តង ដូចនេះយើងត្រូវការប្រមូលទិញស្តុកទុក ដែលត្រូវការទីតាំងធំជាងមុន ហើយបើទឹកត្រីកំពត បានចុះបញ្ជីជាផលិតផលសម្គាល់ភូមិសាស្ត្រទៀតនោះ កេរ្តិ៍ឈ្មោះទឹកត្រីកំពតកាន់តែល្បីល្បាញ និងងាយស្រួលក្នុងការនាំចេញ»៕ LA