ភ្នំពេញៈ កម្ពុជាកំពុងស្វែងរកវិធីដោះស្រាយនានាពាក់ព័ន្ធនឹងមធ្យោបាយ និងវិធីនាំចេញផ្សេងៗដើម្បីចៀសវាងហានិភ័យ និងបញ្ហានានាដែលបណ្តាលពីការកកស្ទះតាមរយៈការបញ្ជូនទំនិញឆ្លងកាត់វៀតណាមទៅប្រទេសចិន តាមច្រកព្រំដែនគោករវាងប្រទេសវៀតណាម និងប្រទេសចិន។
សេចក្តីប្រកាសព័ត៌មានក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី ៣ ខែមករាឆ្នាំ ២០២២ ឱ្យដឹងថា ក្រសួងពាណិជ្ជកម្ម រួមជាមួយក្រសួងស្ថាប័នពាក់ព័ន្ធកំពុងពិនិត្យ និងបន្តតាមដានយ៉ាងយកចិត្តទុកដាក់នូវការវិវឌ្ឍនៃសភាពការណ៍នេះ ហើយនឹងជម្រាបជូនអំពីវឌ្ឍនភាពជាបន្តបន្ទាប់ទៀត។
បើតាមក្រសួងពាណិជ្ជកម្មនាពេលបច្ចុប្បន្នដោយប្រឈមនឹងស្ថានភាពស្រួចស្រាល់នៃការរីករាលដាលជំងឺកូវីដ ១៩ ពិសេសមេរោគបំប្លែងខ្លួនថ្មី «អូមីក្រុង» ដែលមានហានិភ័យខ្ពស់ បណ្តាប្រទេសក្នុងតំបន់ និងសកលលោកបានចាប់ផ្តើមដាក់ចេញវិធានការរឹតបន្តឹងផ្នែកសុខាភិបាល និងរឹតត្បិតការធ្វើដំណើរចេញ-ចូល និងឆ្លងកាត់សំដៅបង្ការ និងទប់ស្កាត់ការរីករាលដាលជាយថាហេតុ។
ក្រសួងបន្តថា សកម្មភាពនាំចូល និងនាំចេញទំនិញនៅច្រកព្រំដែនវៀតណាម និងចិនបានជួបប្រទះការកកស្ទះយ៉ាងខ្លាំង ជាពិសេសនៅច្រកទ្វារព្រំដែនខេត្ត Lang Son និងខេត្ត Qu-ang Ninh ខណៈមូលហេតុចម្បងគឺមកពីការរឹតបន្តឹងវិធានការបង្ការការរីករាលដាលកូវីដ ១៩ របស់ចិននៅក្រោមគោលនយោបាយ «Zero Covid»។
បើតាមក្រសួងពាណិជ្ជកម្ម ក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាមបានបញ្ជាក់ថា គិតត្រឹមថ្ងៃទី ២១ ធ្នូ ឆ្នាំ ២០២១ ក្នុងខេត្តទាំង ២ខាងលើមានរថយន្តប្រមាណជាង ៦ ០០០ គ្រឿងកំពុងរង់ចាំការនាំចេញទំនិញទៅប្រទេសចិន។ តាមការវាយតម្លៃជារួមឃើញថា បរិមាណទំនិញដែលអាចនាំចេញបានតាមច្រកព្រំដែនសំខាន់ៗមួយចំនួនជាមួយប្រទេសចិនមានចំនួនត្រឹម ២៥-៣០ ភាគរយប៉ុណ្ណោះ បើប្រៀបធៀបទៅនឹងលក្ខខណ្ឌនាំចេញធម្មតា។ លើសពីនេះ ច្រកទ្វារព្រំដែនមួយចំនួនទៀតនៅតែផ្អាកដំណើរការគយជាបណ្តោះអាសន្នរហូតដល់មានសេចក្តីជូនដំណឹងថ្មី។
លោក ប៉ែន សុវិជាតិ អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៤ ខែមករាថា ក្រសួងចេញសេចក្តីប្រកាសព័ត៌មាននេះ បន្ទាប់ពីទទួលបានលិខិតមកពីក្រសួងឧស្សាហកម្ម និងពាណិជ្ជកម្មវៀតណាម ដែលបានបញ្ជាក់ពីទំនិញកកស្ទះនៅមាត់ច្រកទា្វររវាងប្រទេសវៀតណាម និងប្រទេសចិន។ លោកបន្តថា រហូតមកដល់ពេលនេះ កម្ពុជាមិនទាន់ទទួលរងនូវផលប៉ះពាល់ពីបញ្ហានេះទេ ដោយសារតែកម្ពុជាបាននាំចេញទំនិញទៅកាន់ប្រទេសចិន និងនាំចូលតាមរយៈផ្លូវទឹកមួយចំនួនធំ។ ទោះជាយ៉ាងណា ក៏មានការនាំចេញតាមរយៈផ្លូវគោកដែរ ប៉ុន្តែផលប៉ះពាល់កម្រិតណានោះក្រសួងក៏មិនទាន់ទទួលបានព័ត៌មានពីធុរជននៅឡើយទេពាក់ព័ន្ធនឹងការកកស្ទះនេះ។
លោកបាននិយាយថា៖ «នៅពេលទទួលសេចក្តីជូនដំណឹងបែបនេះពីភាគីវៀតណាម ដែលសរសេរទៅកាន់ស្ថានទូតកម្ពុជានៅវៀតណាម និងសរសេរមកក្រសួងពាណិជ្ជកម្ម យើងចាំបាច់ត្រូវតែជម្រាបជូនដំណឹងដល់បងប្អូនសាធារណជនទាំងធុរជន ទាំងសមាគមដឹកជញ្ជូន ទាំងសភាពាណិជ្ជកម្មកម្ពុជា និងសមាគមកាត់ដេរជាដើមដែលធ្លាប់បាននាំសម្ភារបរិក្ខារ សំណង់ និងវត្ថុធាតុដើមកាត់ដេរនាំចូលពីប្រទេសចិន គឺឱ្យបង្វែរដឹកជញ្ជូនតាមផ្លូវទឹក និងផ្លូវអាកាសវិញ»។
ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា លោក ស៊ិន ចន្ធី បានឱ្យដឹងថា លោកទទួលបានព័ត៌មានខាងលើពីដៃគូនៅប្រទេសចិន និងប្រទេសវៀតណាម កាលពី ២ សប្តាហ៍មុន ដោយមានរថយន្តច្រើនគ្រឿងកំពុងកកស្ទះនៅតាមព្រំដែនរវាងប្រទេសទាំង ២ ដែលការកកស្ទះនេះ ដោយសារប្រទេសចិនដាក់វិធានការ និងគោលនយោបាយ «Zero Covid»។
លោកបន្តថា វិធានការទប់ស្កាត់ជំងឺកូវីដ ១៩ បានធ្វើឱ្យទំនិញប្រភេទកសិកម្មជាច្រើន ជាពិសេសបន្លែ និងផ្លែឈើត្រូវបានខូចខាតយ៉ាងច្រើននៅក្នុងអំឡុងពេលកកស្ទះរថយន្តរាប់ពាន់គ្រឿង។ ទោះជាយ៉ាងណា ការកកស្ទះនេះស្ថិតនៅប្រទេសវៀតណាមតែប៉ុណ្ណោះ ប៉ុន្តែសម្រាប់កម្ពុជាមិនទទួលរងផលប៉ះពាល់ខ្លាំងទេ បន្ទាប់ពីអ្នកដឹកជញ្ជូន និងសមាគមទទួលបានព័ត៌មានមុន។
លោកថ្លែងថា៖«បើមានការកកស្ទះអ៊ីចឹង វាមានការខូចខាត និងខាតបង់ហើយ ប៉ុន្តែសម្រាប់កម្ពុជាយើងមិនមានការខាតបង់អ្វីច្រើន ដោយសារតែការកកស្ទះនៅព្រំដែនវៀតណាម និងចិន»។
បើតាមលោក ចន្ធី បន្ទាប់ពីកម្ពុជាទទួលបានព័ត៌មានការកកស្ទះនេះ ក្រុមហ៊ុនដឹកជញ្ជូនទំនិញនាំចេញពីកម្ពុជាទៅកាន់ប្រទេសចិន មានការវេចខ្ចប់តាមស្តង់ដា និងមានការប្រយ័ត្នប្រយែងបំផុត។ ចំណែកទំនិញរបស់ប្រទេសវៀតណាម ដែលកកស្ទះប្រហែលជាការវេចខ្ចប់ខ្វះស្តង់ដា និងមិនបានត្រួតពិនិត្យត្រឹមត្រូវ៕ LA