ទីក្រុងញូវយ៉កៈ ក្រុមហ៊ុនផលិតរថយន្តជប៉ុន Toyota បាននាំមុខការលក់រថយន្តនៅសហរដ្ឋអាមេរិកក្នុងឆ្នាំ ២០២១ ដោយវ៉ាដាច់ក្រុមហ៊ុន General Motors (GM) ជាលើកដំបូង ដោយសារ កង្វះខាតនៃឧបករណ៍ពាក់កណ្តាលចម្លង (semiconductors) ធ្វើឱ្យការលក់របស់ Toyota កើនឡើង។ នេះបើយោងតាមតួលេខដែលបាន ចេញផ្សាយកាលពីថ្ងៃអង្គារ។
ការផ្លាស់ប្តូរនៅលើចំណាត់ថ្នាក់នេះបានកើតឡើង បន្ទាប់ពី ១ ឆ្នាំដែលប្រព័ន្ធដំឡើងត្រូវបានញាំញីដោយភាពខ្វះខាតនៃបន្ទះឈីបកុំព្យូទ័រដ៏សំខាន់ដែលបណ្តាលឱ្យការលក់នៅត្រីមាសទី ៤ ធ្លាក់ចុះយ៉ាងខ្លាំងសម្រាប់ក្រុមហ៊ុនទាំង ២។
ប៉ុន្តែ ក្រុមហ៊ុន Toyota នៅតែអាចបង្កើនការលក់ប្រចាំឆ្នាំនៅសហរដ្ឋអាមេរិកបានចំនួន ១០,៤ ភាគរយដល់ ២,៣ លានគ្រឿង ខណៈដែលក្រុមហ៊ុន General Motors បានទទួលរងនូវការធ្លាក់ចុះ ១២,៩ ភាគរយមកត្រឹម ២,២ លានគ្រឿង។
ក្រុមហ៊ុន Toyota ដែលត្រូវបានទទួលស្គាល់ថា មានការគ្រប់គ្រងកាន់តែប្រសើរឡើងនៃបញ្ហាបន្ទះឈីបបើធៀបជាមួយនឹងគូប្រជែងមួយចំនួន បានឃើញនូវការកើនឡើងប្រចាំឆ្នាំតិចតួចសម្រាប់រថយន្តដែលលក់ដាច់បំផុត ២ គឺ ប្រភេទ Camry និង Corolla និងការធ្លាក់ចុះតិចតួចនៃការលក់រថយន្ត SUV ធុនតូច Rav4 របស់ខ្លួន។
រថយន្ត Highlander SUV របស់ក្រុមហ៊ុននេះទទួលបានការលក់ខ្ពស់ជាងក្នុងឆ្នាំ ២០២១។
ក្រុមហ៊ុន GM ដែលពឹងផ្អែកខ្លាំងលើរថយន្តដឹកទំនិញច្រើនជាងក្រុមហ៊ុន Toyota បានឃើញការធ្លាក់ចុះប្រចាំឆ្នាំ ១០,៨ ភាគរយចំពោះរថយន្តភីកអាប់ Silverado របស់ខ្លួន និង ៦,៤ ភាគរយនៅក្នុងខ្សែរថយន្ត GMC របស់ខ្លួន។
ក្រុមហ៊ុន GM បានគ្រងមកុដជើងឯកជាក្រុមហ៊ុនលេខ ១ ក្នុងការលក់រថយន្តនៅសហរដ្ឋអាមេរិកចាប់តាំងពីឆ្នាំ ១៩៣១ នៅពេលដែលក្រុមហ៊ុននេះបានជំនួសក្រុមហ៊ុន Ford។ នេះបើយោងតាមការបោះពុម្ពផ្សាយរបស់ពាណិជ្ជកម្ម Automotive News។
លោក Charlie Chesbrough សេដ្ឋវិទូជាន់ខ្ពស់នៅក្រុមហ៊ុន Cox Automotive បានកត់សម្គាល់ថា ការមិនសង្កត់ធ្ងន់របស់ក្រុមហ៊ុន GMs ចំពោះរថយន្ត GMsបានធ្វើឱ្យបាត់បង់ចំណែកទីផ្សារមួយចំនួន ហើយបានកំណត់លក្ខណៈនៃការកើនឡើងរបស់ក្រុមហ៊ុន Toyota ដែលជា «ព្រឹត្តិការណ៍ដ៏សំខាន់» ដោយបានផ្តល់ឱ្យ GMs នាំមុខដ៏យូរ។
គាត់បាននិយាយថា នៅក្នុងទីផ្សារដែលស្រេកឃ្លាននូវសារពើភណ្ឌ ក្រុមហ៊ុន Toyota ក៏អាចទទួលបានអត្ថប្រយោជន៍ពីបណ្តាញអ្នកចែកចាយតូចជាងបើធៀបជាមួយនឹងក្រុមហ៊ុន GM, Ford និង Stellantis ដែលជាម្ចាស់យីហោ Chrysler ។
លោក Chesbrough បាននិយាយនៅក្នុងសារអេឡិចត្រូនិកថា៖ «បណ្តាញអ្នកចែកធំជាងរបស់ GM / Ford / Stellantis អាចនឹងប្រឈមមុខនឹងបញ្ហាធំជាងក្នុងការរក្សាផលិតផលត្រឹមត្រូវនៅក្នុងទីផ្សារត្រឹមត្រូវសម្រាប់អ្នកទិញត្រឹមត្រូវ។ ជាលទ្ធផល ការលក់ប្រហែលជាត្រូវបានកាត់បន្ថយ ដោយសារតែអ្នកទិញមិនអាចស្វែងរកផលិតផលដែលគេចង់បាន»។
ក្រុមហ៊ុន Cox បានព្យាករថានៅឆ្នាំ ២០២១ ការលក់នៅសហរដ្ឋអាមេរិកមានចំនួន ១៤,៩ លាន កើនឡើង ២,៥ ភាគរយពីកម្រិតឆ្នាំ ២០២០ ប៉ុន្តែទាបជាងមធ្យមភាគ ៥ ឆ្នាំ។ ទីប្រឹក្សាបានចង្អុលបង្ហាញពីតម្រូវការខ្លាំង ប៉ុន្តែសារពើភណ្ឌភាពចុះក្សត់ខ្សោយ ដោយនិយាយថា៖ «តម្រូវការមានសុខភាពល្អ ប៉ុន្តែ... អ្នកមិនអាចលក់អ្វីដែលអ្នកមិនមាននោះទេ» ។
កង្វះខាត semiconductorsគឺជាបញ្ហាមួយនៃខ្សែសង្វាក់ផ្គត់ផ្គង់ដោយបង្កដោយជំងឺរាតត្បាតកូវីដ ១៩។
អ្នកវិភាគបានលើកឡើងពី តម្រូវការលើសតម្រូវការសម្រាប់គ្រឿងអេឡិចត្រូនិកជាកត្តាមួយ ប៉ុន្តែក្រុមហ៊ុនផលិតរថយន្តក៏បានមើលឃើញផងដែរនូវការផ្គត់ផ្គង់គ្រឿងបន្លាស់ដែលរងផលប៉ះពាល់ដោយការបិទរោងចក្រនៅអាស៊ីដោយសារតែការបិទព្រោះកូវីដ ឬអគ្គិភ័យនៅកន្លែងផលិត។
ក្នុងចំណោមក្រុមហ៊ុនផ្សេងទៀតដែលរាយការណ៍ពីកំណើននៃការលក់ គឺក្រុមហ៊ុន Honda ទទួលបានកំណើន ៨,៩ ភាគរយ ក្នុងការលក់នៅសហរដ្ឋអាមេរិកកាលពីឆ្នាំមុន៕ RR