ទីក្រុងស៊ាងហៃៈ តម្លៃ​ភាគហ៊ុន​របស់​ក្រុមហ៊ុន China Mobile របស់​ចិន​បាន​ហក់​ឡើង​ភ្លាមៗ​ដល់​ជាង​ ៩ ​ភាគរយ​នៅ​ថ្ងៃ​ពុធ ក្នុងការ​បង្ហាញខ្លួន​លើ​ទីផ្សារហ៊ុន​ស៊ាងហៃ​ជា​លើកដំបូង​ បន្ទាប់ពី​ក្រុមហ៊ុន​បច្ចេកវិទ្យា​យក្ស​មួយ​នេះ​ត្រូវបាន​បដិសេធ​ចុះបញ្ជី​នៅ​ផ្សារហ៊ុន​ញូវយ៉ក​របស់​សហរដ្ឋអាមេរិក ចំពេល​ការកើនឡើង​នៃ​ភាព​តានតឹង​រវាង​ទីក្រុង​ប៉េកាំង និង​ទីក្រុង​វ៉ាស៊ីនតោន​ក្រោម​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី​អាមេរិក ដូណាល់ ត្រាំ​។

តម្លៃ​ភាគហ៊ុន​បាន​ហក់​ឡើង​ច្រើន​រហូតដល់ ​៩,៤​ ភាគរយ មុនពេល​បំបែក​ការកើនឡើង​ទាំងនោះ​យ៉ាង​ឆាប់រហ័ស និង​ខ្ពស់ជាង​ ៣ ​ភាគរយ​ក្នុង​ ១​ ម៉ោង​ក្នុង​ការជួញដូរ​។

Bloomberg News បាន​ផ្សព្វផ្សាយ​ថា ការបោះ​ផ្សាយ​លក់​ភាគហ៊ុន​នេះ​ត្រូវបាន​គេ​រំពឹងថា នឹង​ប្រមូលបាន​សាច់ប្រាក់ ​៨,៨​ ពាន់​លាន​ដុល្លារ​ បន្ទាប់ពី​ក្រុមហ៊ុន​អនុវត្ត​ជម្រើស​លើ​ការបែងចែក ដែល​ឱ្យ​ធ្វើឱ្យ​ក្រុមហ៊ុន​នេះ​ជា​ក្រុមហ៊ុន​ធំ​បំផុត​លើ​ទីផ្សារ​ហ៊ុន​ក្នុងស្រុក​រយៈពេល​ជាង​ ១ ​ទសវត្សរ៍​។

ក្រុមហ៊ុន​បណ្តាញទូរស័ព្ទ​ឥត​ខ្សែ​ធំ​បំផុត​របស់​ចិន ដោយ​ផ្អែក​តាម​ប្រាក់ចំណូល ត្រូវបាន​ច្រានចោល​ពី​ផ្សារហ៊ុន​ញូវយ៉ក កាលពី​ឆ្នាំមុន ស្រប​ជាមួយ​ក្រុមហ៊ុន China Telecom និង China Unicom ដែលជា​ក្រុមហ៊ុន​ទូរគមនាគមន៍​រដ្ឋ​។

នោះ​ធ្វើតាម​បញ្ជា​ប្រតិបត្តិ​របស់​អតីត​ប្រធានាធិបតី Donald Trump ដែល​ហាមឃាត់​ជនជាតិ​អាមេរិក​ពី​ការបណ្តាក់ទុន​នៅក្នុង​ក្រុមហ៊ុន​ជាច្រើន​ដែល​គេ​ចាត់ទុកថា កំពុង​ផ្គត់ផ្គង់ ឬ​គាំទ្រ​ឧបករណ៍​យោធា និង​សន្តិសុខ​របស់​ចិន​។

ក្រុមហ៊ុន​នេះ​បាន​និយាយថា មូលនិធិ​ដែល​ប្រមូលបាន​នឹង​ឆ្ពោះទៅរក​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​ 5G ​ក៏ដូចជា​គម្រោង «​ផ្ទះ​ឆ្លាត​វៃ​» និង​គំនិត​ផ្តួចផ្តើម​ផ្សេងៗ​ទៀត​។

ក្រុមហ៊ុន​បច្ចេកវិទ្យា និង​ទូរគមនាគមន៍​ដ៏​ធំ​បំផុត​មួយចំនួន​របស់​ចិន​បាន​ចុះបញ្ជី​នៅលើ​ទីផ្សារ​ភាគហ៊ុន​សហរដ្ឋ​អាមេរិក​ក្នុង​ប៉ុន្មាន​ទសវត្សរ៍ ថ្មីៗ​នេះ ខណៈដែល​ពួកគេ​ស្វែងរក​លទ្ធភាព​ទទួលបាន​មូលនិធិ​ថ្មីៗ និង​ទីផ្សារ​មូលធន​ហិរញ្ញវត្ថុ​ដែលមាន​ការអភិវឌ្ឍ​បន្ថែមទៀត​។

ប៉ុន្តែ​ស្ថានភាព​ដែល​បាន​ប្រែក្លាយ​ជា​ភាពតានតឹង​រវាង​ក្រុង​ប៉េកាំង និង​ក្រុង​វ៉ាស៊ីនតោន​បាន​កើនឡើង​ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុងក្រោយ​នេះ​។

រដ្ឋាភិបាល​របស់​ប្រទេស​ចិន​ក៏បាន​លើកទឹកចិត្ត​ដល់​ក្រុមហ៊ុន​នានា​ក្នុងការ​ចុះបញ្ជី​ផ្សារហ៊ុន ក្នុងស្រុក​ដែលជា​ផ្នែក​មួយ​នៃ​ការជំរុញ​ក្រុមហ៊ុន​បច្ចេកវិទ្យា​ធំៗ​ឱ្យនៅ​ក្នុងប្រទេស និង​ជួយ​អភិវឌ្ឍ​ទីផ្សារ​មូលធន​របស់​ប្រទេស​ចិន​។

China Telecom ដែលជា​ប្រតិបត្តិករ​បណ្តាញទូរស័ព្ទ​ចល័ត​ដ៏ធំ​បំផុត​របស់​ប្រទេស​មហា​យក្ស​សេដ្ឋកិច្ច​នៅ​តំបន់​អាស៊ី បានបង្ហាញ​ខ្លួន​ជា​លើកដំបូង​នៅ​ទីក្រុង​ស៊ា​ង​ហៃ​កាលពី​ខែសីហា​ឆ្នាំមុន បន្ទាប់ពី​បាន​ប្រមូល​សាច់ប្រាក់​បាន ៧,៣ ​ពាន់​លាន​ដុល្លារ​នៅក្នុង​ការបោះផ្សាយ​មូលបត្រ​ដំបូង​ ( IPO) ​របស់ខ្លួន​។

China Unicom បាន​ចុះបញ្ជី​ភាគហ៊ុន​របស់​ក្រុមហ៊ុន​បុត្រសម្ព័ន្ធ​នៅ​ទីក្រុង​ស៊ាងហៃ​តាំងពី​ឆ្នាំ​ ២០០២​។

កាលពី​ខែតុលា មន្ត្រី​អាមេរិក​បាន​ប្រាប់​ក្រុមហ៊ុន​បច្ចេកវិទ្យា ​China Mobile ឱ្យ​បញ្ឈប់​សេវាកម្ម​របស់ខ្លួន​ក្នុងប្រទេស​អាមេរិក ដោយ​បញ្ចប់​ប្រតិបត្តិការ​ជិត ២ ​ទសវត្សរ៍ នៅក្នុង​ទង្វើ​មួយ​ដែល​ទីក្រុង​ប៉េកាំង​ហៅថា​ជា ​«​ការគាបសង្កត់​ដោយ​ចេតនា​» របស់​ក្រុមហ៊ុន​ចិន​។

គណៈកម្មការ​គមនាគមន៍ សហព័ន្ធ​របស់​សហរដ្ឋ​អាមេរិក​បាន​និយាយថា​៖ «​ភាពជា​ម្ចាស់ និង​ការគ្រប់គ្រង​របស់​ក្រុមហ៊ុន​ដោយ​រដ្ឋាភិបាល​ចិន​ជា​ផ្នែក​នៃ​ការបង្កើន​ហានិភ័យ​ដល់​សន្តិសុខ​ជាតិ និង​ការអនុវត្ត​ច្បាប់​យ៉ាងសំខាន់​»៕ RR