ភ្នំពេញៈ កម្ពុជាទទួលបានចំណូល ៦៦,១៣ លានដុល្លារពីការនាំចេញផលិតផលសត្វ (សត្វរស់, សាច់ និង ស្បែក) កាលពីឆ្នាំ ២០២១ កើនឡើង ៤០,១ ភាគរយធៀបនឹងឆ្នាំ ២០២០ ដែលមាន ៤៧,១៨ លានដុល្លារ។ នេះបើតាមរបាយការណ៍អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម។
ទិន្នន័យឱ្យដឹងទៀតថា ប្រភេទសត្វរស់បាននាំចេញរួមមាន គោរស់ មានតម្លៃជិត ៤ លានដុល្លារថយចុះជាង ៥០ ភាគរយ, ជ្រូកពូជ (មេ និងបា) មានទឹកប្រាក់ជិត ៤៧ ម៉ឺនដុល្លារ កើនជិត ២៦០ ភាគរយ, ស្វារស់ មានប្រាក់ជាង ២០ លានដុល្លារ ចុះជាង ២ ភាគរយ។
បន្ថែមពីលើនេះ ការនាំចេញស្បែកគោស្ងួត មានតម្លៃជាង ៣ លានដុល្លារ កើន ១០០ ភាគរយ ខណៈស្បែកគោសើមមានតម្លៃជិត ៤ ម៉ឺនដុល្លារ ថយចុះ ៩៣ ភាគរយ។ ដោយឡែកការនាំចេញស្បែកជ្រូកស្ងួត មានតម្លៃជាង ៣០ ម៉ឺនដុល្លារ កើន ១០០ ភាគរយ, ទឹកដោះគោ តម្លៃជិត ៥០ ម៉ឺនដុល្លារ កើន ១០០ ភាគរយ, ចំណីឆ្កែ ជាង ៣៧ លានដុល្លារ កើនជាង ១០០ ភាគរយ ខណៈរោមសត្វទា មានតម្លៃជាង ១៨ ម៉ឺនដុល្លារ កើនជាង ៣៣៦ ភាគរយ។
លោក តាន់ ផាន់ណារ៉ា អគ្គនាយកនៃអគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វនៃក្រសួងកសិកម្ម បានឱ្យភ្នំពេញ-ប៉ុស្តិ៍ដឹងក្នុងថ្ងៃទី ៥ ខែមករា ថា កំណើននៃការនាំចេញសត្វ ជាសញ្ញាណល្អបញ្ជាក់ថា កម្ពុជាមានលទ្ធភាពផ្គត់ផ្គង់សាច់សត្វក្នុងប្រទេសគ្រប់គ្រាន់ ពិសេសនៅអំឡុងពេលកូវីដ ១៩ នេះ។ លោកបន្ថែមថា មុនពេលមានការរីករាលដាលជំងឺកូវីដ ១៩ កម្ពុជាអាចផ្គត់ផ្គង់សាច់ជ្រូកក្នុងទីផ្សារបានប្រមាណ ៨៧ ភាគរយ ប៉ុន្តែនៅអំឡុងពេលមានវិបត្តិកូវីដ ១៩ ការផ្គត់ផ្គង់សម្រាប់ទីផ្សារក្នុងស្រុកបានកើនដល់ ១០០ ភាគរយ។
យ៉ាងណាក៏ដោយ ជំងឺប៉េស្តជ្រូកអាហ្វ្រិកនៅតែជាក្តីកង្វល់សម្រាប់ការចិញ្ចឹមជ្រូកក្នុងស្រុក បើទោះបីក្រសួងកសិកម្មអាចគ្រប់គ្រងជំងឺនេះបានក៏ដោយ។ លោក ផាន់ណារ៉ា និយាយថា ប៉េស្តជ្រូកអាហ្វ្រិក ជាជំងឺកាចសាហាវ គ្មានវ៉ាក់សាំង និងគ្មានថ្នាំព្យាបាល ដោយសព្វថ្ងៃនេះបណ្តាប្រទេសជិតខាងកម្ពុជា នៅតែមានការរីករាលដាល។
លោកបញ្ជាក់ថា៖ «ដោយសារកម្ពុជាអាចមានលទ្ធភាពផ្គត់ផ្គង់សាច់ជ្រូកក្នុងស្រុកបាន ដូចនេះយើងបានផ្អាកការនាំចូលជាង ២ ខែមកហើយ ព្រោះបើមានគ្រប់គ្រាន់ហើយនាំចូលទៀត វានឹងធ្វើឱ្យចាល់លើទីផ្សារ ដែលនឹងនាំឱ្យប៉ះពាល់ដល់ការចិញ្ចឹមក្នុងស្រុក»។
បើតាមលោក ផាន់ណារ៉ា បច្ចុប្បន្នកម្ពុជាអាចគ្រប់គ្រងជំងឺប៉េស្តជ្រូកអាហ្វ្រិកបានស្ទើរតែ ១០០ ភាគរយហើយ។
ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជា លោក ស្រ៊ុន ពៅ បានប្រាប់ថា ការផ្គត់ផ្គង់សាច់ជ្រូក គោ និងមាន់ក្នុងស្រុកនៅពេលនេះមិនត្រឹមតែគ្រប់គ្រាន់ទេ ប៉ុន្តែថែមទាំងលើសដែលនាំឱ្យជ្រូក និងមាន់ចុះថ្លៃ។
លោកបន្ថែមថា៖ «បច្ចុប្បន្នតម្លៃគោក្នុងស្រុកឡើងថ្លៃតិចតួច ប៉ុន្តែជ្រូក និងមាន់ នៅមានតម្លៃថោក ដោយសារការចិញ្ចឹមលើសតម្រូវការទីផ្សារ ហើយបញ្ហានេះសមាគមធ្លាប់បានប្រជុំពិភាក្សាគ្នាជាច្រើនរួចមកហើយក្នុងការប្រមូលអ្នកចិញ្ចឹមសត្វទាំងអស់ចូលក្នុងសមាគម ដើម្បីសមាគមអាចផ្តល់ព័ត៌មានទីផ្សារ និងរបៀបចិញ្ចឹមឱ្យបានច្បាស់ចៀសវាងកើតមានបញ្ហាដូចសព្វថ្ងៃ»។
ដោយឡែកចំពោះការនាំចេញគោរស់ ដែលបានថយចុះជាង ៥០ ភាគរយ លោក ស្រ៊ុន ពៅ អះអាងថា ដោយសារបញ្ហាជំងឺដុំពកលើសត្វគោផង និងតម្លៃសត្វគោក្នុងស្រុកមានការឡើងថ្លៃផង ស្របពេល ពលរដ្ឋងាកមកទទួលទានសាច់គោច្រើនជាងជ្រូក និងមាន់៕ LA