ភ្នំពេញៈ ពាណិជ្ជករ និងអ្នកជំនាញសេដ្ឋកិច្ច បានលើកឡើងថា ការធ្វើពាណិជ្ជកម្មទ្វេភាគីកម្ពុជា-អាមេរិកក្នុងឆ្នាំ ២០២១ កាន់តែមានភាពល្អប្រសើរ ខណៈរយៈពេល ១១ ខែ ឆ្នាំ ២០២១ ការដោះដូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ មានតម្លៃសរុបជិត ៨,៤ ពាន់លានដុល្លារ កើន ៣២ ភាគរយបើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។
យោងតាមទិន្នន័យពីការិយាល័យជំរឿនអាមេរិក បង្ហាញថា ការនាំទំនិញពីកម្ពុជាទៅទីផ្សារអាមេរិក មានទឹកប្រាក់ ៨ ០១៨,២ លានដុល្លារ កើន ៣២,៦៩ ភាគរយធៀបនឹង ៦ ០៤២,៨ លានដុល្លារនារយៈពេល ១១ ខែ ឆ្នាំ ២០២០ និងការនាំទំនិញពីអាមេរិកមកកម្ពុជា មានទឹកប្រាក់ ៣៧៨,១ លានដុល្លារ កើន ២១,០៣ ភាគរយពីចំនួន ៣១២,៤ លានដុល្លារ។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បានប្រាប់ភ្នំពេញប៉ុស្តិ៍នៅថ្ងៃទី ៩ ខែមករាថា ការកើនឡើងនៃទំហំពាណិជ្ជកម្មរវាងកម្ពុជា និងអាមេរិក បង្ហាញថាវិបត្តិកូវីដ ១៩ មិនបានប៉ះពាល់ដល់ការផ្លាស់ប្តូរពាណិជ្ជកម្មរវាងប្រទេសទាំង ២ ទេ។ លោកបន្ថែមថា មានកត្តាមួយចំនួនដែលធ្វើឱ្យការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ បន្តនូវកំណើនពី ១ ឆ្នាំទៅ ១ ឆ្នាំ រួមមាន ការផ្គត់ផ្គង់ទំនិញរបស់កម្ពុជា ជាពិសេសផ្នែកវាយនភណ្ឌកាត់ដេរ និងសម្លៀកបំពាក់ គឺមានគុណភាព និងការឆ្លើយតបបានទាន់ពេលវេលា, ទំនាក់ទំនងផ្នែកសេដ្ឋកិច្ចរវាងប្រទេសទាំង ២ និងការបន្តផ្តល់ការអនុគ្រោះពន្ធ GSP ជាដើម។
លោកបន្តទៀតថា នាពេលខាងមុខ ថ្វីដ្បិតកម្ពុជាត្រៀមខ្លួនចាកចេញពីប្រទេសអភិវឌ្ឍន៍តិចតួច ប៉ុន្តែវានឹងមិនជះឥទ្ធិពលអវិជ្ជមានលើទំនាក់ទំនងរវាងប្រទេសទាំង ២ នោះទេ។
លោកបញ្ជាក់ថា៖ «បើសិនជាដល់ពេលវេលាណាមួយដែលអាមេរិកដក GSP ពីកម្ពុជានោះ ខ្ញុំយល់ថា មិនមែនជាបញ្ហាចោទទេ ព្រោះទម្រាំដល់ពេលនោះកម្ពុជាពិតជាអាចមានលទ្ធភាពរស់ដោយខ្លួនឯងបាន ហើយកម្ពុជានឹងក្លាយជាប្រទេសដែលមានចំណូលមធ្យមកម្រិតទាប ដូចនេះ កម្ពុជាអាចឈរបានដោយខ្លួនឯងបាន»។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងថា ការកើនឡើងទំហំពាណិជ្ជកម្មកម្ពុជា និងអាមេរិក គឺដោយសារប្រទេសមួយចំនួនជួបបញ្ហាអស្ថិរភាពនយោបាយ និងវិបត្តិជំងឺកូវីដ ១៩ ដែលមានដូចជា មីយ៉ាន់ម៉ា បង់ក្លាដែស និងវៀតណាម ដែលបានជំរុញឱ្យអ្នកបញ្ជាទិញ បង្វែរទិសដៅមករកកម្ពុជា។
លោកឱ្យដឹងថា ប្រព័ន្ធ GSP ដែលកម្ពុជាទទួលបានពីអាមេរិកក៏ជាកត្តាមួយដែលធ្វើឱ្យមានកំណើននេះដែរ ដូចនេះប្រសិនបើពេលខាងមុខលែងមាន GSP ក៏ជាក្តីបារម្ភមួយផងដែរសម្រាប់អ្នកវិនិយោគនៅកម្ពុជា។
លោកបន្ថែមថា៖ «ទោះយ៉ាងណាយើងសង្ឃឹមថានឹងមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មទ្វេភាគីកម្ពុជា អាមេរិក នាពេលអនាគត ខណៈបច្ចុប្បន្នកម្ពុជាសម្រេចបានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីថ្នាក់តំបន់ និងទ្វេភាគីមួយចំនួនរួចមកហើយ»។
ផលិតផលដែលកម្ពុជានាំទៅទីផ្សារអាមេរិកភាគច្រើនជា សម្លៀកបំពាក់ ស្បែកជើង ផលិតផលធ្វើដំណើរ កង់ និងគ្រឿងផ្គុំអគ្គិសនី។ ដោយឡែកផលិតផលអាមេរិកនាំមកកម្ពុជា មានដូចជា រថយន្ត គ្រឿងម៉ាស៊ីន ឧបករណ៍អេឡិចត្រូនិក និងឱសថ ជាដើម។
កាលពីឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មសរុបរវាងកម្ពុជា និងអាមេរិក មានតម្លៃសរុប ៦ ៩២១,៣ លានដុល្លារ ឡើង ១៧,៨៩ ភាគរយធៀបនឹងឆ្នាំ ២០១៩។ ក្នុងនោះការនាំចេញរបស់កម្ពុជាទៅអាមេរិក មាន ៦ ៥៧៧,៧ លានដុល្លារ ចំណែកការនាំពីអាមេរិកមកកម្ពុជាមានតម្លៃ ៣៤៣,៦ លានដុល្លារ។ នេះបើយោងតាមការិយាល័យពាណិជ្ជកម្មអាមេរិក៕ LA