ភ្នំពេញៈ ការផ្លាស់ប្តូរពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជា (ដកមាស) ក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ សម្រេចបានទឹកប្រាក់ជាង ៣៦ ពាន់លានដុល្លារ ដោយចំនួននេះកើនឡើងទាំងការនាំចូល និងនាំចេញ។ នេះបើតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។
យោងតាមទិន្នន័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ ២០២១ ការនាំចេញទំនិញ (ដកមាសចេញ) ពីកម្ពុជាទៅទីផ្សារអន្តរជាតិ មានទឹកប្រាក់ ១៥ ៦១៣ លានដុល្លារ កើន ២២,៦ ភាគរយបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០។ ការកើនឡើងចំនួនទឹកប្រាក់នាំចូលនេះបានមកពីកំណើននៃការនាំចេញផលិតផលវាយនភណ្ឌ, កង់ និងទំនិញផ្សេងៗដូចជា គ្រឿងសង្ហារិម, ស្បែកសត្វមានរោម, កៅស៊ូ, ក្តារកុងប្លាកេ, វត្ថុសម្រាប់ជាងសំណង់ធ្វើពីប្លាស្ទិក, សូឡា, ខ្សែភ្លើង និងគ្រឿងផ្គុំខ្សែភ្លើង, គ្រឿងអេឡិចត្រូនិក និងភាគបំណែក, ចេក, ស្ករស, កសិផលផ្សេងៗ, ដំឡូងមី និងស្វាយ ជាដើម។
ចំណែកការនាំចូលទំនិញ (ដកមាសចេញ) សម្រេចបានក្នុងទំហំទឹកប្រាក់ ២០,៤ ពាន់លានដុល្លារ កើន ២៥,៣ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ ដោយសារកំណើននៃការនាំចូលក្រណាត់, គ្រឿងសំណង់, ប្រេងឥន្ធនៈ និងទំនិញផ្សេងៗ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា បន្ទាប់ពីទទួលរងផលប៉ះពាល់ពីវិបត្តិជំងឺកូវីដ ១៩ ជាពិសេសព្រឹត្តិការណ៍សហគមន៍ ២០ កុម្ភៈ សេដ្ឋកិច្ចប្រទេសកម្ពុជាបានបង្ហាញពីភាពប្រសើរឡើងវិញបន្តិចម្តងៗ ប៉ុន្តែពុំទាន់អាចវិលរកភាពប្រក្រតីដូចមុនមានការរីករាលដាលជំងឺកូវីដ ១៩ នៅឡើយទេ ជាពិសេសវិស័យមួយចំនួនដូចជា ទេសចរណ៍, សំណង់ និងការបោះទុនវិនិយោគផ្ទាល់ពីបរទេស។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានបញ្ជាក់ថា៖ «ជារួមសេដ្ឋកិច្ចកម្ពុជារំពឹងថា នឹងមានកំណើនវិជ្ជមានក្នុងឆ្នាំ ២០២២ ដោយសារការងើបឡើងវិញនៃស្ថានភាពសេដ្ឋកិច្ចសកល, សេដ្ឋកិច្ចដៃគូពាណិជ្ជកម្មរបស់កម្ពុជា និងការចូលរួមពីប្រជាជនកម្ពុជាក្នុងការបំពេញកាតព្វកិច្ចចាក់វ៉ាក់សាំងដើម្បីការពារជំងឺកូវីដ ១៩»។
អាមេរិក ជាទីផ្សារទទួលទិញទំនិញពីកម្ពុជាច្រើនជាងគេ ដោយមានចំណែកទីផ្សារ ៤២,៨ ភាគរយ, អឺរ៉ុប ១៨,៥ ភាគរយ, ចិន ៨,៨ ភាគរយ, ជប៉ុន ៦,៤ ភាគរយ, អាស៊ាន ៦,៣ ភាគរយ អង់គ្លេស ៤,២ ភាគរយ និងប្រទេសផ្សេងៗទៀត ១៣ភាគរយ។ នេះបើតាមក្រសួងសេដ្ឋកិច្ច។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក គី សេរីវឌ្ឍន៍ បានប្រាប់ភ្នំពេញប៉ុស្តិ៍កាលពីថ្ងៃទី ៩ ខែមករា ថា កំណើនទឹកប្រាក់នាំចូល-នាំចេញទំនិញ គឺបញ្ជាក់ពីភាពខ្លាំងរបស់សកម្មភាពផលិតកម្ម និងតម្រូវការនៅក្នុងស្រុក បន្ទាប់ពីប្រទេសកម្ពុជាអាចគ្រប់គ្រងបានស្ទើរទាំងស្រុងពីការរីករាលដាលជំងឺកូវីដ ១៩។ កំណើននេះក៏ទទួលបានពីភាពអសកម្មនៅបណ្តាប្រទេសដែលផលិតផលទំនិញដូច ឬស្រដៀងកម្ពុជា និងទំនាក់ទំនងល្អរបស់កម្ពុជាជាមួយនឹងប្រទេសដៃគូពាណិជ្ជកម្មផងដែរ។
លោកបន្ថែមទៀតថា សម្រាប់ទំហំទឹកប្រាក់នាំចូលដែលមានចំនួនច្រើនជាងការនាំចេញ វាមិនមែនជាក្តីបារម្ភទេសម្រាប់សេដ្ឋកិច្ចកម្ពុជា ព្រោះភាគច្រើននៃទំនិញនាំចូល គឺជាផលិតផល ឬវត្ថុធាតុដើមសម្រាប់គាំទ្រ ឬចូលរួមក្នុងចង្វាក់ផលិតកម្មនាំចេញ។
លោកបានបញ្ជាក់ថា៖ «ចក្ខុវិស័យសម្រាប់សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ ២០២២ នេះនឹងមានសម្ទុះកើនឡើងបន្ថែមទៀតបើធៀបឆ្នាំ ២០២១ តាមរយៈកំណើនសកម្មភាពផលិតកម្មក្នុងស្រុក និងការនាំចេញ»។
នៅក្នុងឆ្នាំ ២០២០ ទំហំពាណិជ្ជកម្មអន្តរជាតិរបស់កម្ពុជាមានទឹកប្រាក់សរុប ៣៣ ១៤៣ លានដុល្លារ ដោយក្នុងនោះការនាំចេញទំនិញមានទឹកប្រាក់ ១៤ ២០៤ លានដុល្លារ ធ្លាក់ចុះ ១,១ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០១៩ និងការនាំចូលមានទឹកប្រាក់ ១៨ ៩៣៩ លានដុល្លារ ធ្លាក់ចុះ ៦,១ ភាគរយ។ នេះបើយោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ៕ LA