ភ្នំពេញៈ កំណើននៃការបញ្ជាទិញផលិតផលធ្វើដំណើរ និងស្បែកជើងពីទីផ្សារក្រៅប្រទេស និងការបើករោងចក្រថ្មីៗជាបន្តបន្ទាប់កំពុងធ្វើឱ្យវិស័យនេះប្រឈមនឹងការខ្វះខាតកម្លាំងពលកម្ម។ នេះបើយោងតាមប្រធានសមាគមស្បែកជើងកម្ពុជា។
លោក លី ឃុនថៃ ប្រធានសមាគមស្បែកជើងកម្ពុជា បានប្រាប់ ភ្នំពេញ ប៉ុស្តិ៍ នៅថ្ងៃទី ៩ ខែមករា ថា នៅក្នុងឆ្នាំ ២០២១ ការបញ្ជាទិញផលិតផលស្បែកជើងពីទីផ្សារអន្តរជាតិបានកើនឡើងក្នុងរង្វង់ ៣០ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ ការបញ្ជាទិញបានកើនឡើងច្រើន ជាពិសេសចាប់ពីត្រឹមពាក់កណ្តាលឆ្នាំ ២០២១ រហូតដល់ដើមឆ្នាំ ២០២២ ខណៈការបើករោងចក្រថ្មីៗក៏មានច្រើនដែរ ដែលបានធ្វើឱ្យមានការខ្វះខាតកម្លាំងពលកម្មច្រើន ជាពិសេសរោងចក្រនៅតាមតំបន់ជាយក្រុង។
លោកបញ្ជាក់ថា៖ «បច្ចុប្បន្នខាងរោងចក្រមានការពង្រីកខ្សែច្រវាក់ផលិតច្រើន គួបផ្សំនឹងការបើកដំណើរការរោងចក្រថ្មីៗ ទើបបណ្តាលឱ្យមានកង្វះកម្លាំងពលកម្ម ជាពិសេសក្រុមកម្មករជំនាញច្បាស់លាស់»។
លោកបានបន្តថា ដោយសារកម្ពុជាគ្រប់គ្រងស្ថានភាពកូវីដ ១៩ បានល្អប្រសើរជាងគេក្នុងតំបន់អាស៊ាន និងការចាក់វ៉ាក់សាំងដល់ប្រជាជនស្ទើរ ៩០ ភាគរយ ហើយមានស្ថិរភាពនយោបាយផងនោះ បានធ្វើឱ្យអ្នកបញ្ជាទិញនៅក្រៅប្រទេស សម្រេចបង្វែរការបញ្ជាទិញមកកម្ពុជាកាន់តែច្រើន ដែលនេះបង្ហាញថា ដំណើរការសេដ្ឋកិច្ចសកលលោក បានចាប់ផ្តើមវិលទៅរកភាពប្រក្រតីជាបណ្តើរឡើងវិញហើយ។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានលើកឡើងថា បញ្ហាកង្វះកម្លាំងពលកម្មជំនាញនេះ មិនត្រឹមតែកើតមានចំពោះវិស័យកាត់ដេរសម្លៀកបំពាក់ និងស្បែកជើងនិងសម្ភារធ្វើដំណើរប៉ុណ្ណោះទេ ប៉ុន្តែវាកើតមានស្ទើរគ្រប់វិស័យពិសេសវិស័យកសិកម្ម។
លោកលើកឡើងថា៖ «ដើម្បីអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងសម្ភារធ្វើដំណើរកម្ពុជា កំពុងតែព្យាយាមកាត់បន្ថយថ្លៃដើម ផលិត ដែលនេះជាចំណុចសំខាន់បណ្តាលឱ្យយើងជួបបញ្ហាកង្វះខាតកម្លាំងពលកម្ម។ ខ្ញុំជឿថា ប្រសិនបើយើងហ៊ានឱ្យតម្លៃខ្ពស់ទៅលើកម្លាំងពលកម្មក្នុងស្រុកនោះនឹងមិនមានការខ្វះខាតកម្លាំងពលកម្មទេ ព្រោះកន្លងមកមានប្រជាពលរដ្ឋខ្មែរជាច្រើន បានឆ្លងដែនទៅធ្វើការនៅប្រទេសថៃ ដោយសារតម្លៃកម្លាំងពលកម្មរបស់គេ ខ្ពស់ជាងយើង»។
បើតាមប្រធានសមាគមស្បែកជើងកម្ពុជា កាលពីថ្ងៃទី ៦ ខែមករា ក្នុងជំនួបជាមួយរដ្ឋមន្ត្រីក្រសួងការងារ សមាគមក៏បានស្នើឱ្យមានការចុះកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីឱ្យក្រសួងជួយស្វែងរកកម្លាំងពលកម្មសម្រាប់បម្រើការងារនៅក្នុងផ្នែកផលិតស្បែកជើង និងផលិតផលធ្វើដំណើរនេះផងដែរ។
រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ លោក អ៊ិត សំហេង បានលើកឡើងថា លោកគាំទ្រចំពោះការស្នើសុំរបស់សមាគមក្នុងការបង្កើតឱ្យមានកិច្ចព្រមព្រៀងលើអនុស្សរណៈនៃការយោគយល់គ្នានេះ។ លោកបន្តថា សមាគមគួរតែចាប់ផ្តើមសហការជាមួយទីភ្នាក់ងារជាតិមុខរបរ និងការងារ ដើម្បីធ្វើការផ្សព្វផ្សាយពីឱកាសការងារ និងជ្រើសរើសកម្លាំងពលកម្ម ផ្គត់ផ្គង់កម្លាំងពលកម្មមកដល់រោងចក្រ។
លោកបញ្ជាក់ថា៖ «សម្រាប់កម្លាំងពលកម្មជំនាញ សមាគមអាចទាក់ទងផ្ទាល់តាមគ្រឹះស្ថានអប់រំ បណ្តុះបណ្តាល បច្ចេកទេស និងវិជ្ជាជីវៈ ក្រោមឱវាទក្រសួងបានគ្រប់ពេលដើម្បីធ្វើការជ្រើសរើសជំនាញតាមអ្វីដែលជាតម្រូវការ»។
បើតាមប្រធានសមាគមស្បែកជើងកម្ពុជា ទោះបីពេលនេះមានការផ្ទុះឡើងនូវមេរោគកូវីដបំប្លែងថ្មីអូមីក្រុង ក៏លោកមិនសូវមានការព្រួយបារម្ភនោះទេ ដោយលោករំពឹងថា ឆ្នាំ ២០២២ នេះ នឹងមានកំណើនវិនិយោគ និងការនាំចេញលើវិស័យកាត់ដេរ ស្បែកជើង និងសម្ភារធ្វើដំណើរបន្ថែមទៀត ព្រោះកម្ពុជាមានច្បាប់វិនិយោគថ្មី ហើយការគ្រប់គ្រងស្ថានភាពជំងឺកូវីដ-១៩ ក៏ល្អផងដែរ។
ទិន្នន័យក្រសួងពាណិជ្ជកម្ម ឱ្យដឹងថា រយៈពេល ១០ ខែដំបូងឆ្នាំ ២០២១ កម្ពុជានាំចេញសម្ភារធ្វើដំណើរ និងស្បែកជើង ក្នុងតម្លៃសរុប ២ ២៩៣ លានដុល្លារ។ ក្នុងនោះការនាំចេញស្បែកជើង មានតម្លៃ ១ ១១៤ លានដុល្លារ កើនឡើង ២១ ភាគរយធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០ និងការនាំចេញសម្ភារធ្វើដំណើរ មានទឹកប្រាក់ ១ ១៧៩ លានដុល្លារ កើនឡើង ចំនួន ៥២ ភាគរយ៕ LA