ភ្នំពេញៈ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងថា ការដោះដូរពាណិជ្ជកម្ម ទេសចរណ៍ និងវិនិយោគរវាងកម្ពុជា និងថៃ នឹងកាន់តែមានភាពល្អប្រសើរបន្ថែមទៀត បន្ទាប់ពីផ្លូវជាតិលេខ ៥ កំណាត់ទី ១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ ដែលមានប្រវែង ៨៤,៧៤ គីឡូម៉ែតបានបញ្ចប់ការសាងសង់ ១០០ ភាគរយ និងបើកឱ្យដំណើរការជាផ្លូវការ។
ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការកំណាត់ផ្លូវជាតិលេខ ៥ ពីខេត្តបាត់ដំបងទៅក្រុងសិរីសោភ័ណ ខេត្តបន្ទាយមានជ័យ កាលពីថ្ងៃទី ១០ ខែមករា លោក ហ៊ុន សែន បានឱ្យដឹងថា ការកសាង និងការធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិ ៥ នេះ គឺក្នុងគោលដៅប្រែក្លាយតំបន់អតីតសមរភូមិឱ្យក្លាយទៅជាទីផ្សារ កន្លែងផលិតកម្ម និងទេសចរណ៍ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការរស់នៅរបស់ប្រជាពលរដ្ឋ និងជំរុញកំណើនសេដ្ឋកិច្ចជាតិ។
លោកបានថ្លែងថា៖ «កម្ពុជាខិតខំកសាងហេដ្ឋារចនាសម្ព័ន្ធនានា ជាពិសេសនៅតាមតំបន់ព្រំដែន ពីតំបន់មានជម្លោះសង្គ្រាមឱ្យក្លាយជាតំបន់ដោះដូរទំនិញទៅវិញទៅមក ដោយឆ្នាំកន្លងទៅ (២០២១) ទំហំពាណិជ្ជកម្មរវាងកម្ពុជា និងថៃសម្រេចបានប្រមាណ ១០ ពាន់លានដុល្លារ វៀតណាម ជាង ៩ ពាន់លានដុល្លារ និងឡាវជាង ១០០ លានដុល្លារ ដែលទំហំនេះអាចនឹងកើនឡើងថែមទៀត»។
លោកបន្តថា គម្រោងផ្លូវជាតិ ៥ ទាំងមូលចាត់ទុកថារួចប្រមាណ ៩០ ភាគរយហើយ ខណៈការងារដែលនៅសេសសល់ភាគច្រើន គឺការប្រមូលគ្រាប់មីន និងគ្រាប់យុទ្ធភណ្ឌមិនទាន់ផ្ទុះ មិនទាន់បំផ្លាញអស់នៅឡើយ។
រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន លោក ស៊ុន ចាន់ថុល បានលើកឡើងថា ដោយមើលឃើញពីសារៈសំខាន់ និងភាពមមាញឹកនៃការដឹកជញ្ជូននៅតាមផ្លូវជាតិលេខ ៥ រួមទាំងស្ថានភាពខូចខាតផ្លូវដែលបង្ក ការលំបាកដល់ប្រជាពលរដ្ឋក្នុងការធ្វើដំណើរ និងការដឹកជញ្ជូនផ្សេងៗ រាជរដ្ឋាភិបាលកម្ពុជាបានស្នើសុំហិរញ្ញប្បទានពីរដ្ឋាភិបាលជប៉ុន ដើម្បីសាងសង់លើកកម្រិតគុណភាព និងពង្រីកផ្លូវនេះឡើងវិញ។
លោកបញ្ជាក់ថា៖ «ផ្លូវជាតិលេខ ៥ គឺជាខ្សែផ្លូវដ៏មានសក្តានុពលក្នុងការតភ្ជាប់ទំនាក់ទំនងរវាងខេត្តបាត់ដំបង និងខេត្តបន្ទាយមានជ័យ ក៏ដូចជាទៅតាមបណ្តាខេត្តជាប់ព្រំប្រទល់ ជាពិសេសជាខ្សែផ្លូវយុទ្ធសាស្ត្រដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅច្រកទ្វារប៉ោយប៉ែត ព្រំដែនកម្ពុជា-ថៃ ដោយឆ្លងកាត់ខេត្តចំនួន ៥»។
លោកបានបន្តថា ផ្លូវជាតិលេខ ៥ គឺជាផ្នែកមួយនៃផ្លូវអាស៊ាន High way លេខ ១ AH1 ដែលបានតភ្ជាប់រវាងរាជធានីភ្នំពេញ-ក្រុងបាងកកទីក្រុងហូជីមិញ និងជាខ្សែផ្លូវស្ថិតក្នុងរបៀងសេដ្ឋកិច្ចខាងត្បូងដ៏មានសក្តានុពល និងការប្រកួតប្រជែងខ្លាំងសម្រាប់វិស័យទេសចរណ៍ ពាណិជ្ជកម្ម វិនិយោគ ភ័ស្តុភារកម្ម និងសេដ្ឋកិច្ចរបស់អាស៊ាន ក៏ដូចជាមហាអនុតំបន់មេគង្គផងដែរ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ផ្លូវជាតិលេខ ៥ គឺជាផ្លូវសេដ្ឋកិច្ចដ៏សំខាន់សម្រាប់កម្ពុជាក្នុងការការដោះដូរទំនិញជាមួយនឹងប្រទេសថៃ ដែលនឹងធ្វើឱ្យមានកំណើននៃការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២។
លោកបញ្ជាក់ថា៖ «វិស័យដឹកជញ្ជូនពិតជាត្រូវការចាំបាច់នូវហេដ្ឋារចនាសម្ព័ន្ធល្អ ដូចជាផ្លូវថ្នល់ ស្ពាន និងកំពង់ផែជាដើម ដើម្បីធ្វើឱ្យកាន់តែប្រសើរឡើងនូវការតភ្ជាប់ពាណិជ្ជកម្មរវាងកម្ពុជាជាមួយប្រទេសជិតខាង ក្នុងការជំរុញកំណើនសេដ្ឋកិច្ច»។
គម្រោងធ្វើឱ្យប្រសើរឡើងវិញផ្លូវជាតិលេខ ៥ មានប្រវែងសរុប ៣៦៦ គីឡូម៉ែត្រចាប់ពីផ្តើមពីព្រែកក្តាម (ខេត្តកណ្តាល) រហូតដល់ក្រុងប៉ោយប៉ែត (ខេត្តបន្ទាយមានជ័យ) គ្រោងនឹងប្រើប្រាស់ថវិកាប្រមាណ ៥០០ លានដុល្លារ និងបែងចែកជា ៣ កំណាត់។ កំណាត់ទី ១ ភាគខាងជើង បាត់ដំបង-សិរីសោភ័ណ មានប្រវែង ៨៤,៧៤ គីឡូម៉ែត្រ បានបញ្ចប់ការសាងសង់ ១០០ ភាគរយ, កំណាត់ទី ២ ភាគខាងត្បូង ព្រែកក្តាម-ធ្លាម្អម (ខេត្តពោធិ៍សាត់) មានប្រវែង ១៣៥,២៥ គីឡូម៉ែត្រ សម្រេចការសាងសង់បាន ៦៤ ភាគរយ គ្រោងនឹងបញ្ចប់នៅពាក់កណ្តាលឆ្នាំ ២០២២ និងកំណាត់ទី ៣ ភាគកណ្តាល ធ្លាម្អម-បាត់ដំបង និងសិរីសោភ័ណ-ប៉ោយប៉ែត មានប្រវែងសរុប ១៤៦ គីឡូម៉ែត្រ ក្នុងនោះធ្លាម្អម-បាត់ដំបង សម្រេចបាន ៥៦ ភាគរយ និងសិរីសោភ័ណ-ប៉ោយប៉ែត កំពុងរៀបចំនីតិវិធីជ្រើសរើសក្រុមហ៊ុនសាងសង់។ គម្រោងនេះបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ ២០១៧ នឹងត្រូវប្រើពេលសាងសង់សរុប ៥៥ ខែ ដើម្បីបញ្ចប់គម្រោងទាំងមូលនេះបើតាមលោក ស៊ុន ចាន់ថុល៕ LA