ភ្នំពេញៈ អគ្គនាយក​ក្រុមហ៊ុន R.M.Asia ដែលជា​ក្រុមហ៊ុន​ចុះបញ្ជី​នៅ​ផ្សារមូលបត្រ​កម្ពុជា​ (CSX) បាន​ប្រាប់​ឱ្យដឹងថា ដំណើរការ​សាងសង់​រោងចក្រ​ដំឡើងរថយន្ត​សម្រេចបាន ១០០ ​ភាគរយ​ហើយ ខណៈ​ការដំឡើង​ឧបករណ៍​នានា​ក៏​សម្រេចបាន​ជិត ៧០ ​ភាគរយ​ផងដែរ ដែល​នឹង​អនុញ្ញាតឱ្យ​ក្រុមហ៊ុន​ចាប់ផ្តើម​សកម្មភាព​ដំឡើងរថយន្ត​នៅក្នុង​ខែមេសា​ខាងមុខ គឺ​ស្របតាម​ផែនការ​ដែល​បានកំណត់​។

លោក ង៉ន សាំង អគ្គនាយក​ក្រុមហ៊ុន R.M.Asia បាន​ប្រាប់​ ភ្នំពេញ​ ​ប៉ុស្តិ៍​ កាលពី​ថ្ងៃទី​ ១០ មករា​ថា គិត​មកទល់ពេលនេះ​ដំណើរការ​សាងសង់​អគារ​រោងចក្រ​សម្រេចបាន ១០០ ​ភាគរយ​ហើយ ប៉ុន្តែ​ដំណើរការ​បំពាក់​ឧបករណ៍​នានា​នៅសល់​ប្រហែល ៣០-៤០ ​ភាគរយ​ទៀត​ទើប​រួចរាល់​។ រោងចក្រ​នេះ មាន​ទីតាំង​ស្ថិតនៅ​តំបន់​សេដ្ឋកិច្ច​ពិសេស​ក្រគរ ខេត្តពោធិ៍សាត់​។

លោក​ថ្លែងថា​៖ «​តាម​អ្វីដែល​សម្រេចបាន​អំពី​វឌ្ឍនភាព​នៃ​ការងារ​សាងសង់​របស់​យើង ខ្ញុំ​យល់ថា​យើង​សម្រេចបាន​ទៅតាម​ផែនការ​ដែល​បានគ្រោង​ទុក ដោយ​នឹង​អាច​ចាប់ផ្តើម​ដំណើរការ​ដំឡើង​នៅមុន​ចូលឆ្នាំ​ខ្មែរ​ខាងមុខ​»​។

លោក កែវ រតនៈ អគ្គនាយក​អគ្គិសនី​កម្ពុជា កាលពីពេល​ថ្មីៗ​នេះ​បាន​និយាយថា វត្តមាន​រោងចក្រ​ដំឡើងរថយន្ត​របស់​ក្រុមហ៊ុន R.M.A នឹង​ជួយ​ចូលរួម​ចំណែក​មិន​ត្រឹម​ការអភិវឌ្ឍ​សម្រាប់​ខេត្ត​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ក៏បាន​បង្កើត​ការងារ​ដល់​ប្រជាពលរដ្ឋ​ផងដែរ​។

លោក​បាន​និយាយថា​៖ «​បើ​ផែន​ការមិន​ប្រែប្រួល តាមរយៈ​ការខិតខំ​ប្រឹងប្រែង​រយៈពេល​ជាង ៥ ​ឆ្នាំ​កន្លងមកនេះ​ជាមួយ​អាជ្ញាធរ​គ្រប់លំដាប់​ថ្នាក់ គឺ​រថយន្ត Ford សហរដ្ឋអាមេរិក ប្រភេទ Ford ទាំង Pick-Up ទាំង Station Wagon ឬ Ford SUV នឹង​ចាប់ផ្តើម​ផលិត​ក្នុងអំឡុង​ខែមេសា មុន​ចូលឆ្នាំ​ខ្មែរ ដោយ​ចេញពី​ទឹកដី​ស្រុក​ក្រគរ​របស់​យើង​»​។

លោក​បន្ថែមថា​៖ «​ឥឡូវនេះ​យើង​កំពុងតែ​ខិតខំ​ទាក់ទាញ​ពួកគេ​ឱ្យ​អូស​យកដៃ​គូ​សហការ​របស់គេ​បន្ថែមទៀត ដើម្បី​ផលិត​គ្រឿង​បង្គុំ​ក្នុង​ទឹកដី​នៃ​ស្រុក​ក្រគរ ដែល​ទាំងនេះ គឺជា​ផែនការមេ​របស់​ស្រុក​ក្រគរ និង​ស្រុក​កណ្តៀង និយាយ​ជារួម​និង​និយាយ​ដោយឡែក គឺ​សម្រាប់​ខេត្តពោធិ៍សាត់​យើង​ផ្ទាល់​តែម្តង ហើយ​យើង​នឹង​ចាប់ផ្តើម​ដាក់​សម្ពោធ​ជា​បន្តបន្ទាប់ ក្រោយពី​ស្ថានភាព​កូវីដ-១៩​បាន​ធូរស្បើយ​»​។

យោងតាម​លោក ង៉ន សាំង ការសម្រេចបាន​នៃ​ការ​សាងសង់​ដោយ​រលូន​នេះ គឺ​ដោយសារ​មាន​ការជួយជ្រោមជ្រែង​ពី​ថ្នាក់ដឹកនាំ​គ្រប់​មជ្ឈដ្ឋាន​ទាំង​ថ្នាក់ជាតិ និង​មូលដ្ឋាន ជាពិសេស​គឺ​ក្រុមប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា និង​ការផ្តល់​ពន្ធ​អនុគ្រោះ​ពី​រាជរដ្ឋាភិបាល​។ លោក​បន្តថា នៅ​ដំណាក់កាល​ដំបូង រោងចក្រ​បានជ្រើសរើស និង​បណ្តុះបណ្តាល​បុគ្គលិក​ចំនួន ២០០​ នាក់​រួចរាល់​ហើយ​ដែល​នឹង​ចាប់ផ្តើម​ការងារ​នៅ​ចុងខែ​មីនា និង​ដើមខែ​មេសា ហើយ​នៅ​ដំណាក់កាល​ទី​ ២ រោងចក្រ​នឹង​ត្រូវការ​បុគ្គលិក​រហូត​ដល់ ៥០០ ​នាក់​។ ប៉ុន្តែ​លោក​ក៏​ជួប​ផលវិបាក​មួយចំនួន​ដែរ​ទាក់ទង​នឹង​ប្រព័ន្ធ​ឡូជីស្ទិក​។

លោក​បន្តថា​៖ «​នៅ​ដំណាក់កាល​ដំបូង​នេះ យើង​នឹង​ធ្វើការ​ដំឡើង​រថយន្ត​ចំនួន ៤ ៥០០ ក្នុង​ ១ ​ឆ្នាំ​សម្រាប់​តម្រូវការ​ក្នុង​ទីផ្សារ​។ ប៉ុន្តែ​សមត្ថភាព​ផលិត​ទាំងមូល គឺ​រោងចក្រ​នេះ​អាច​ដំឡើង​បាន​រហូត​ទៅដល់ ១០ ០០០ ​គ្រឿង​»​។

យោងតាម លោក ង៉ន សាំង រោងចក្រ​នេះ​នឹង​ដំឡើង​យីហោ​រថយន្ត ​២ ​របស់​ក្រុមហ៊ុន Ford គឺ​យីហោ Ford Ranger និង Ford Everest​។

លោក​និយាយថា​៖ «​រថយន្ត​ Ford Brand ជាប់​ចំណាត់​ថ្នាក់​លេខ ១ ក្នុង​រយៈពេល​ជាច្រើន​ឆ្នាំ​ជាប់ៗ​គ្នា​នៅក្នុង​ទីផ្សារ ខណៈ​ចំណែក​ទីផ្សារ​របស់ខ្លួន​មាន ៤៥ ​ភាគរយ​នៃ​រថយន្ត​យីហោ​ថ្មី​សរុប​»៕ LA

វីដេអូ៖