ភ្នំពេញៈ ការបន្តអូសបន្លាយពេលនៃការរីករាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យប៉ះពាល់ដល់ការអនុម័តគម្រោងវិនិយោគឯកជនមួយចំនួននៅក្រៅតំបន់សេដ្ឋកិច្ចពិសេស ជាក់ស្តែងនៅក្នុងរយៈពេល ១១ ខែ ឆ្នាំ ២០២១ ការអនុម័តរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) ធ្លាក់ចុះជាង ៣០ គម្រោងបើធៀបរយៈពេលដូចគ្នាឆ្នាំ ២០២០។
ទិន្នន័យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ក្នុងរយៈពេល ១១ ខែឆ្នាំ ២០២១ គម្រោងវិនិយោគឯកជនក្រៅតំបន់សេដ្ឋកិច្ចពិសេស ដែលក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តមានចំនួន ១០៧ ធ្លាក់ចុះ ៣៤ គម្រោង បើធៀបនឹងរយៈពេលដូចគ្នាឆ្នាំ ២០២០។ តាមរយៈគម្រោងទាំង ១០៧ នឹងអាចបង្កើតការងារបានប្រមាណ ៨៩ ពាន់នាក់ ធ្លាក់ចុះ ២០,៣ ភាគរយ និងមានទុនវិនិយោគសរុប ១ ៧១៦ លានដុល្លារ ធ្លាក់ចុះ ៧២,៨ ភាគរយ។
ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឱ្យដឹងថា ទោះបីមិនទាន់មានដំណើរការល្អដូចមុន (មុនឆ្នាំ ២០២០) ប៉ុន្តែគេសង្កេតឃើញថា ស្ថានភាពសេដ្ឋកិច្ចប្រទេសកម្ពុជា បានចាប់ផ្តើមបង្ហាញសញ្ញាវិជ្ជមានជាបន្តបន្ទាប់។ ភាពល្អប្រសើរនៃកំណើនសេដ្ឋកិច្ចត្រូវបានបង្ហាញតាមរយៈកំណើននៃសូចនាករមួយចំនួនដូចជា ការនាំចេញផលិតផលវាយនភណ្ឌ គ្រឿងផ្គុំអគ្គិសនី និងផលិតផលកសិកម្មជាដើម។
លោក ហុង វណ្ណៈ អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃកម្ពុជា (រាជបណ្ឌិត្យសភាកម្ពុជា) បានប្រាប់ភ្នំពេញប៉ុស្តិ៍ក្នុងថ្ងៃទី ១០ ខែមករាថា ទោះចំនួនគម្រោងស្នើសុំវិនិយោគ និងការអនុម័តរបស់ CDC ធ្លាក់ចុះ ប៉ុន្តែអ្វីដែលជាចំណុចគួរឱ្យកត់សម្គាល់ គឺគម្រោងអនុម័តថ្មីៗមិនមែនសុទ្ធតែជាគម្រោងវិនិយោគលើវិស័យវាយនភណ្ឌនោះទេ ដោយគម្រោងទាំងនោះមានលក្ខណៈចម្រុះដូចជា គ្រឿងផ្គុំអេឡិចត្រូនិក អគ្គិសនី សូឡា រោងចក្រដំឡើងរថយន្ត និងគ្រឿងសង្ហារិម ជាដើម។ ការទទួលបានគម្រោងវិនិយោគដែលមានលក្ខណៈជាឧស្សាហកម្មធុនមធ្យម និងធ្ងន់ វានឹងមិនត្រឹមតែជួយធ្វើឱ្យសមត្ថភាពកម្មករកម្ពុជាកាន់តែមានជំនាញជាងមុនប៉ុណ្ណោះទេ ប៉ុន្តែក៏អាចជួយឱ្យកំណើនសេដ្ឋកិច្ចកម្ពុជាកាន់តែមានភាពរឹងមាំបន្ថែមទៀត។
លោកបញ្ជាក់ថា៖ «ចំនួនគម្រោងអនុម័តតិចជាងមុន គឺជារឿងធម្មតានៅពេលនេះ ប៉ុន្តែអ្វីដែលគួរកត់សម្គាល់ គឺការបង្កើតឱ្យមានភាពសម្បូរបែប និងចម្រុះនៃឧស្សាហកម្មផលិត និងកែច្នៃនៅកម្ពុជា»។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង និយាយថា ក្តីបារម្ភពីការឆ្លងរាលដាលជំងឺកូវីដ ១៩ បានធ្វើឱ្យចំនួនគម្រោងវិនិយោគធ្លាក់ចុះគ្រប់កន្លែងទូទាំងពិភពលោក ហើយការធ្លាក់ចុះនេះ គឺទាំងការវិនិយោគក្នុងស្រុក និងបរទេស។ បញ្ហាចម្បងដែលធ្វើឱ្យចំនួនគម្រោងវិនិយោគថយចុះ គឺឧបសគ្គនៃការធ្វើដំណើរទៅសិក្សា ឬពិនិត្យទីតាំងវិនិយោគ។
លោកនិយាយថា៖ «នេះមិនមែនជារឿងចម្លែកទេ ព្រោះកូវីដ ១៩ បានធ្វើឱ្យអ្នកវិនិយោគមានភាពស្ទាក់ស្ទើរក្នុងការបញ្ចេញទុនវិនិយោគ ខណៈទីផ្សារសម្រាប់បញ្ចេញផលិតផលដែលផលិត/ដាំដុះក៏មានភាពមិនច្បាស់លាស់ដែរ»។
ទោះយ៉ាងណា លោកលើកឡើងថា ចំនួនគម្រោងវិនិយោគឯកជននៅកម្ពុជាត្រូវបានរំពឹងថា នឹងមានភាពល្អប្រសើរឡើងវិញជាបណ្តើរៗចាប់ពីដើមឆ្នាំ ២០២២ នេះតទៅ ខណៈក្រៅពីការសម្រេចបានជោគជ័យលើចំនួនប្រជាជនចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ ហើយនោះ ប្រទេសកម្ពុជាក៏សម្រេចបានសមិទ្ធផលជាច្រើនទាក់ទងនឹងច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងពហុភាគី និងការកសាងហេដ្ឋារចនាសម្ព័ន្ធ។
លោកបានបញ្ជាក់ថា៖ «ការបើកទ្វារទទួលអ្នកវិនិយោគ និងភ្ញៀវទេសចរចូលប្រទេសចាប់ពីពាក់កណ្តាលខែវិច្ឆិកា ឆ្នាំ ២០២១ នឹងជួយឱ្យកម្ពុជាទាក់ទាញវិនិយោគិនកាន់តែច្រើនមកវិនិយោគនៅកម្ពុជា»។
ធនាគារជាតិនៃកម្ពុជា (NBC) បានព្យាករថា សេដ្ឋកិច្ចកម្ពុជានឹងមានកំណើន ៥ ភាគរយនៅឆ្នាំ ២០២២ នេះ ដោយសារការស្ទុះងើបឡើងវិញនៃសេដ្ឋកិច្ចពិភពលោក បើទោះបីការរីករាលដាលវីរុសបំប្លែងថ្មីនៃជំងឺកូវីដ ១៩ ក៏ដោយ។ ការបន្តងើបឡើងនៃសេដ្ឋកិច្ចពិភពលោកនឹងគាំទ្រដល់ការនាំចេញរបស់កម្ពុជា ដូចជាផលិតផលកាត់ដេរ និងផលិតផលកម្មន្តសាលមិនមែនកាត់ដេរ ជាពិសេសការនាំចេញផលិតផលគ្រឿងផ្គុំអគ្គិសនី និងកង់ ដែលនឹងលើកកម្ពស់ពិពិធកម្មការនាំចេញរបស់កម្ពុជា៕