ភ្នំពេញៈ មជ្ឈមណ្ឌលស្តុកទំនិញលក្ខណៈអន្តរជាតិដ៏ធំដំបូងគេរបស់ផ្សារទំនើប អ៊ីអន ម៉ល (Aeon Mall) ដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសក្បែរកំពង់ផែភាគខាងត្បូងខេត្តព្រះសីហនុ នឹងចាប់ផ្តើមសាងសង់នៅដើមខែកុម្ភៈឆ្នាំនេះ ដោយនឹងអាចចាប់ផ្តើមបើកដំណើរការនៅក្នុងឆ្នាំ ២០២៣។
ផ្សារទំនើប អ៊ីអន ម៉ល បានជួលដីពីកំពង់ផែស្វយ័តខេត្តព្រះសីហនុទំហំប្រហែល ៣ ហិកតា ដើម្បីរៀបចំជាមជ្ឈមណ្ឌលស្តុកទំនិញក្នុងកិច្ចសន្យារយៈពេល ៥០ ឆ្នាំដោយមជ្ឈមណ្ឌលនេះគ្រោងចាប់ផ្តើមដំណើរការនៅក្នុងឆ្នាំសារពើពន្ធ ២០២៣ ដោយនឹងផ្តល់ជូននូវទីតាំងស្តុកទំនិញនាំចូល ដោយមិនចាំបាច់បង់ថ្លៃកាតព្វកិច្ច មុនពេលឆ្លងកាត់នីតិវិធីរបស់អាជ្ញាធរគយ។
លោក សុខ កុលចិន្តា ប្រធានរដ្ឋបាលនៃអង្គភាពគ្រប់គ្រងគម្រោងនៃកំពង់ផែស្វយ័តក្រុងព្រះសីហនុ បានប្រាប់ភ្នំពេញប៉ុស្តិ៍ នៅថ្ងៃទី ១១ ខែមករាថា ការសាងសង់មជ្ឈមណ្ឌលស្តុកទំនិញនេះ គឺមានការជួយគាំទ្រពីរដ្ឋាភិបាលជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុនហៅកាត់ថា JICA។
លោកបានបន្ថែមថា មជ្ឈមណ្ឌលស្តុកទំនិញមានប្រយោជន៍ខ្លាំងណាស់សម្រាប់ការទុកដាក់ទំនិញគ្រប់ប្រភេទ ដែលបាននាំចូលពីក្រៅប្រទេស ព្រោះទំនិញដែលបាននាំចូលមក និងទុកក្នុងមជ្ឈមណ្ឌល មិនចាំបាច់បង់ពន្ធគយនោះ គឺត្រូវរង់ចាំទាល់តែមានកុម្ម៉ង់ទិញពីអតិថិជន និងមានការដឹកជញ្ជូនចេញពីមជ្ឈមណ្ឌល ទើបតម្រូវឱ្យបង់ពន្ធគយតាមក្រោយ។
លោកបានបញ្ជាក់ថា៖ «ការធ្វើឃ្លាំងស្តុកទំនិញបែបនេះ គឺមានលក្ខណៈងាយស្រួលសម្រាប់វិនិយោគិន ព្រោះរាល់ទំនិញដែលស្តុកទុកនៅឃ្លាំងនេះរយៈពេលយូរគឺមិនចាំបាច់ត្រូវបង់ពន្ធគយទេ ប្រសិនបើមិនមានការបញ្ជាទិញ។ ប្រទេសមួយចំនួននៅក្នុងតំបន់អាស៊ានក៏បានអនុវត្តរួចហើយដែរ។ មជ្ឈមណ្ឌលមួយនេះ ក៏នឹងជួយធ្វើឱ្យសកម្មភាពនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុកាន់តែមានភាពមមាញឹកបន្ថែមទៀតផងដែរ»។
លោក កុលចិន្តា បានបន្ថែមទៀតថា មជ្ឈមណ្ឌលស្តុកទំនិញលក្ខណៈអន្តរជាតិនេះនឹងក្លាយជាគំរូសម្រាប់ឱ្យវិនិយោគិនដទៃទៀតមានការចាប់អារម្មណ៍រៀបចំបង្កើតមជ្ឈមណ្ឌលស្តុកទំនិញជាបន្តបន្ទាប់ទៀតផងដែរ ដោយក្នុងឆ្នាំ ២០២៣ ខាងមុខនេះ លោករំពឹងថានឹងមានក្រុមហ៊ុន ១ ទៅ ២ បន្ថែមទៀត ដែលចាប់អារម្មណ៍ក្នុងការបង្កើតមជ្ឈមណ្ឌលនេះឡើង។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបាននិយាយថា គម្រោងមជ្ឈមណ្ឌលស្តុកទំនិញនាំចូលរបស់ផ្សារទំនើប អ៊ីអន ម៉ល នេះគឺជាការឈានជើងដ៏ល្អមួយសម្រាប់វិស័យលក់ដុំ និងរាយនៅកម្ពុជាដោយវានឹងក្លាយជាមជ្ឈមណ្ឌលគំរូមួយ។ ប្រសិនបើអាចមានឃ្លាំងស្តុកទំនិញសម្រាប់នាំចេញ ដែលមានទំហំធំបែបនេះនៅតាមកំពង់ផែ និងផែស្ងួត ទៀតនោះវានឹងកាន់តែល្អ។
លោកបានបញ្ជាក់ថា៖ «ក្រុមហ៊ុនវិនិយោគរបស់ជប៉ុនកំពុងតែរៀបចំធ្វើឃ្លាំងស្តុកទំនិញនៅតាមអាកាសយានដ្ឋានផងដែរ ដើម្បីបង្កលក្ខណៈងាយស្រួលដល់ក្រុមហ៊ុន ដែលនាំចូលទំនិញមកហើយ ខ្វះទីតាំងសម្រាប់ស្តុក»។
លោកបានបន្ថែមថា នៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀងសេរីពាណិជ្ជកម្មកាន់តែច្រើន ការនាំចេញ នាំចូលទំនិញនឹងកាន់តែមមាញឹក ដូចនេះការបង្កើតឃ្លាំងស្តុកកាន់តែធំ និងកាន់តែច្រើននឹងជួយសម្រួលច្រើនដល់ការដោះដូរពាណិជ្ជកម្មជាមួយបណ្តាប្រទេសទាំងនោះ។
តាមសេចក្តីប្រកាសព័ត៌មានរបស់ ក្រុមហ៊ុន អ៊ីអន ម៉ល ខេមបូឌា ខូអិលធីឌី បានបញ្ជាក់ថា មជ្ឈមណ្ឌលស្តុកទំនិញនេះមិនត្រឹមតែបម្រើដល់ការស្តុកទំនិញ និងដឹកជញ្ជូនទំនិញរបស់ខ្លួនប៉ុណ្ណោះទេ ប៉ុន្តែក៏នឹងជួយដោះស្រាយបញ្ហាក្រុមហ៊ុនដទៃផងដែរ។
បើតាមលោក កុលចិន្តា គម្រោងអភិវឌ្ឍន៍មជ្ឈមណ្ឌលស្តុកទំនិញនេះ បានទទួលការជួយគាំទ្រពីរដ្ឋាភិបាល-ជប៉ុន និងទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន JICA ដោយជាក់ស្តែង កាលពីពាក់កណ្តាលខែធ្នូ ឆ្នាំ ២០២១ កន្លងទៅរដ្ឋាភិបាលជប៉ុនបានប្រកាសផ្ដល់ហិរញ្ញប្បទាន ឥតសំណងចំនួន ១ ៥០០ លានយ៉េន ឬស្មើនឹង ១៤ លានដុល្លារដល់កម្ពុជាសម្រាប់អនុវត្ត គម្រោងបំពាក់គ្រឿងចក្រលើកដាក់ទំនិញចល័ត នៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ៕ LA
វីដេអូ៖