ភ្នំពេញៈ បើទោះជាឥទ្ធិពលការឆ្លងរាលដាលជំងឺកូវីដ ១៩ បានបង្កផលប៉ះពាល់ទៅដល់កំណើនសេដ្ឋកិច្ចសកល និងកម្ពុជាក៏ដោយ ក៏ទំហំទឹកប្រាក់នៃការនាំចូល និងនាំចេញទំនិញនៅតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) នៅតែបង្ហាញពីភាពវិជ្ជមានដោយក្នុងឆ្នាំ ២០២១ កន្លងមកបានកើនឡើងជាង ៤២ ភាគរយបើធៀបនឹងឆ្នាំ ២០២០។
ទិន្នន័យចេញផ្សាយកាលពីថ្ងៃទី ១០ ខែមករា បានឱ្យដឹងថា ក្នុងឆ្នាំ ២០២១ សកម្មភាពនៃប្រតិបត្តិការការងារ និងអាជីវកម្មក្នុងតំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានដំណើរការទៅមុខយ៉ាងរលូន ដោយទឹកប្រាក់នាំចូល-នាំចេញទំនិញនៅក្នុង SSEZ មានតម្លៃសរុប ២ ២៣៤ លានដុល្លារ កើនឡើង ៤២,៧៥ ភាគរយបើធៀបនឹងឆ្នាំ ២០២០។ ទោះជាយ៉ាងណា ទិន្នន័យមិនបានបង្ហាញពីចំនួនដាច់ដោយឡែកនៃទឹកប្រាក់នាំចេញ និងនាំចូលឡើយ។
SSEZ ឱ្យដឹងថា៖ «តំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុប្ដេជ្ញាធ្វើឱ្យមានកំណើនយ៉ាងឆាប់រហ័សសម្រាប់គ្រប់សហគ្រាសទាំងអស់នៅក្នុង SSEZ ពោលគឺបរិមាណនាំចូល និងនាំចេញប្រចាំឆ្នាំ ២០២១ មានចំនួន ២ ២៣៤ លានដុល្លារ កើនឡើង ៤២,៧៥ ភាគរយធៀបនឹងឆ្នាំ ២០២០។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជា លោក លឹម ហេង បាននិយាយថា អត្រាកំណើនខ្ពស់នៃចំនួនប្រាក់នាំចូល-នាំចេញទំនិញរបស់រោងចក្រនៅក្នុង SSEZ មកពីកត្តាចម្បង ២ គឺកំណើននៃសមត្ថភាពផលិត និងកំណើននៃការបញ្ជាទិញពីសំណាក់វិនិយោគិនធំៗ។ លោកបន្តថា កំណើននៃការបញ្ជាទិញពីកម្ពុជា គឺដោយសារប្រទេសផលិតមួយចំនួនបាននិងកំពុងជួបប្រទះភាពរអាក់រអួលក្នុងចង្វាក់ផលិតកម្មដែលបណ្តាលមកពីអស្ថិរភាពនយោបាយ និងការរីករាលដាលជំងឺកូវីដ ១៩ (ប្រទេសមីយ៉ាន់ម៉ា បង់ក្លាដែស និងវៀតណាមជាដើម)។ លោកបានបន្តថា ក្រៅពីជំនឿចិត្តលើដំណើរការផលិតកម្មនៅកម្ពុជាដែលមិនរអាក់រអួល (ដោយអត្រាប្រជាជនចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ ១៩ កើនដល់ជិត ៩០ ភាគរយ) ការបញ្ជាទិញសម្ភារ និងវត្ថុធាតុដើមពីក្រុមហ៊ុននៅក្នុង SSEZ ដើម្បីកែច្នៃជាផលិតផលសម្រេចក៏កំពុងកើនឡើងផងដែរ។
លោកបញ្ជាក់ថា៖ «សម្រាប់ឆ្នាំ ២០២២ នេះ ខ្ញុំគិតថា ចំនួនទឹកប្រាក់នាំចូល និងនាំចេញរបស់ SSEZ នឹងកើនខ្ពស់ថែមទៀត ខណៈការចូលជាធរមាននៃច្បាប់វិនិយោគថ្មី, កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីកម្ពុជា-ចិន និងកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយតំបន់ (RCEP) នឹងក្លាយជាកម្លាំងចលករថ្មីបន្ថែមទៀត ដែលធ្វើឱ្យការបញ្ជាទិញលើគ្រប់វិស័យកើនឡើង»។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចនៃរាជបណ្ឌិត្យសភាកម្ពុជា លោក ហុង វណ្ណៈ បាននិយាយថា កំណើនប្រាក់នាំចូល-នាំចេញនេះបញ្ជាក់ថា ទោះជាជំងឺកូវីដ-១៩ បន្តគំរាមកំហែងដល់ចង្វាក់ផលិតកម្ម និងតម្រូវការពិភពលោកក៏ការផលិត និងនាំចេញរបស់ SSEZ នៅតែមានដំណើរល្អប្រសើរដដែល។ កំណើននេះគឺមានទាំងការនាំចូលវត្ថុធាតុដើមសម្រាប់ប្រើប្រាស់ក្នុងផលិតកម្ម (ក្រណាត់, គ្រឿងផ្គុំ និងគ្រឿងម៉ាស៊ីន) ផងដែរ។ លោកបន្តថា កំណើនរហូតដល់ជិត ៥០ ភាគរយក្នុង ១ ឆ្នាំបែបនេះ គឺជាសញ្ញាល្អផងដែរសម្រាប់ឆ្នាំ ២០២២។
លោកបន្ថែមថា៖ «ភាពល្អប្រសើរនៃការនាំចូល-នាំចេញនេះបញ្ជាក់ថា គុណភាព និងចង្វាក់ផលិតកម្មរបស់រោងចក្រនៅក្នុង SSEZ គឺអាចឆ្លើយតបបានតាមស្តង់ដា និងបរិមាណនៃការបញ្ជាទិញ។ ខ្ញុំគិតថា កំណើនទឹកប្រាក់នាំចូល-នាំចេញរបស់ SSEZ នឹងមានកាន់តែច្រើនក្នុងឆ្នាំ ២០២២ នេះ»។
ក្នុងឆ្នាំ ២០២០ ការនាំចេញ-នាំចូលរបស់សហគ្រាសនៅ SSEZ មានទឹកប្រាក់ ១ ៥៦៥ លានដុល្លារកើន ២៦,៥២ ភាគរយធៀបនឹងឆ្នាំ ២០១៩។
យោងតាមលោក លឹម ហេង ការវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ច គឺមានភាពងាយស្រួលក្នុងការរៀបចំឯកសារនាំចេញ និងនាំចូលទំនិញ ហើយវាបាននិងកំពុងក្លាយជាឈ្នាន់សម្រាប់ជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឱ្យកាន់តែលឿនផងដែរ។
គិតមកដល់ត្រឹមឆ្នាំ ២០២១ តំបន់សេដ្ឋកិច្ចពិសេសនៅទូទាំងប្រទេសកម្ពុជា មានចំនួនសរុប ៣៩។ នេះបើតាមក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា៕ LA