ភ្នំពេញៈ ក្រុមហ៊ុន ជីន យូតាំង (ខេមបូឌា) ហ្វីសឺរី ឯ.ក មានផែនការវិនិយោគលើគម្រោងវារីវប្បកម្មតាមបែបចិញ្ចឹមត្រីសមុទ្រក្នុងបែ នៅជិតកោះដែកគោល និងកោះថាសក្នុងខេត្តព្រះសីហនុ ដើម្បីបង្កើនទិន្នផលនៃការផលិតត្រីសម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងនាំចេញ។
ក្នុងជំនួបជាមួយតំណាងក្រុមហ៊ុន ជីន យូ តាំង កាលពីថ្ងៃទី ១១ ខែមករា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ លោក វេង សាខុន បានលើកឡើងថា ផែនការវិនិយោគរបស់ក្រុមហ៊ុនគឺពិតជាមានសារៈសំខាន់ក្នុងការជួយអភិវឌ្ឍវិស័យជលផលនៅកម្ពុជា ជាពិសេសបានចូលរួមបង្កើតការងារជូនប្រជាជនបង្កើនផលត្រីសមុទ្រធម្មជាតិ និងផលត្រីចិញ្ចឹមនៅកម្ពុជា។
ជាមួយគ្នានេះលោកក៏បានណែនាំឱ្យក្រុមហ៊ុនរៀបចំឯកសារវាយតម្លៃលើផលប៉ះពាល់បរិស្ថាន និងសង្គមព្រមទាំងធ្វើការស្នើសុំពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាជាមុន ទើបក្រសួងកសិកម្មអាចចុះកិច្ចព្រមព្រៀងលើការអនុវត្តគម្រោងនេះជាមួយក្រុមហ៊ុនបាន។
លោក វេង សាខុន បានប្រាប់ភ្នំពេញប៉ុស្តិ៍នាថ្ងៃទី ១១ ខែមករា ថា ដើម្បីអាចវិនិយោគបានក្រុមហ៊ុនត្រូវតែគោរពតាមច្បាប់របស់កម្ពុជា ព្រោះនៅពេលមានការវិនិយោគបែបនេះគឺត្រូវតែឆ្លងកាត់ការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងការឯកភាពពីប្រមុខរាជរដ្ឋាភិបាល។ លោកពន្យល់ថា ក្នុងការអនុម័ត គម្រោងនីមួយៗគឺត្រូវមានក្រសួងពាក់ព័ន្ធដែលត្រូវឆ្លើយបំភ្លឺ ដូច្នេះជាបឋមគឺក្រសួងបានឯកភាពជាគោលការណ៍តែប៉ុណ្ណោះ និងស្នើឱ្យក្រុមហ៊ុនត្រូវទៅបំពេញបែបបទដោយធ្វើរបាយការណ៍ពីផលប៉ះពាល់នៃការចិញ្ចឹមទៅកាន់ក្រសួងបរិស្ថាន ខណៈបច្ចុប្បន្នក្រសួងបរិស្ថានបានទទួល និងបានកែលម្អរួចហើយ។
បើតាមលោក វេង សាខុន នៅប្រទេសកម្ពុជាមិនទាន់មានក្រុមហ៊ុនណាមួយវិនិយោគលើការចិញ្ចឹមត្រីក្នុងលម្ហសមុទ្រនៅឡើយទេ ដោយទើបតែមានគម្រោងវិនិយោគរបស់ក្រុមហ៊ុននេះប៉ុណ្ណោះ ខណៈកន្លងមកក៏មានសហគមន៍នេសាទមួយចំនួនធ្វើការចិញ្ចឹមត្រីនៅតាមជ្រលងព្រែកសមុទ្រ និងនៅជាប់មាត់សមុទ្រ រីឯការចិញ្ចឹមនៅលម្ហសមុទ្រគឺមិនមានទេ។
លោកថ្លែងថា៖ «ទាក់ទងនឹងក្រុមហ៊ុនវិនិយោគ គឺក្រសួងទើបតែទទួលបានសំណើមួយនេះ។ ខ្ញុំគិតថា អ្នកវិនិយោគមិនសូវចាប់អារម្មណ៍លើការវិនិយោគវារីវប្បកម្មសមុទ្រនៅកម្ពុជាទេ ប៉ុន្តែនៅបណ្តាប្រទេសមួយចំនួនការវិនិយោគបែបនេះគឺមានច្រើន។ ការណ៍នេះជាចំណុចពិសេសដែលត្រូវគិតគូរដើម្បីបានផលប្រយោជន៍សេដ្ឋកិច្ចសម្រាប់ពេលអនាគត»។
លោកស្រី ជេស៊ីកា តំណាងក្រុមហ៊ុន ជីន យូ តាំង បានឱ្យដឹងថា គម្រោងរបស់ក្រុមហ៊ុនគឺមានទីតាំងនៅជិតតំបន់កោះដែកគោល និងកោះថាស។ ក្នុងដំណាក់កាលទី ១ នៃផែនការគឺនឹងវិនិយោគលើផ្ទៃទឹកចំនួន ១ ៩៨៤ ហិកតា។
លោកស្រីបន្តថា បន្ទាប់ពីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នារវាងក្រសួង និងក្រុមហ៊ុនកាលពីថ្ងៃទី ៣១ ខែមករា ឆ្នាំ ២០១៧ និងទទួលបានការណែនាំពីលោករដ្ឋមន្ត្រី និងមន្ត្រីជំនាញ ក្រុមហ៊ុនបានធ្វើការពិនិត្យ និងពិភាក្សាជាមួយក្រសួងពាក់ព័ន្ធ ជាពិសេសលើការសិក្សាផលប៉ះពាល់បរិស្ថាន និងសង្គមដោយទទួលបានលទ្ធផលល្អប្រសើរ៕ LA