ភ្នំពេញៈ អគ្គនាយកធានារ៉ាប់រងកម្ពុជា លោក ប៊ូ ច័ន្ទភីរូ បានជំរុញឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ និងក្រុមហ៊ុនធានារ៉ាប់រងក្នុងស្រុកសហការគ្នាក្នុងការធ្វើអាជីវកម្ម ប៊េងកាសូរេន (Bankassurance) ដើម្បីចូលរួមចំណែកអភិវឌ្ឍវិស័យធានារ៉ាប់រងឱ្យមានកំណើនបន្ថែមទៀត ខណៈដែលវិភាគទានដល់សេដ្ឋកិច្ចកម្ពុជា និងការប្រើប្រាស់ធានារ៉ាប់រងជាដង់ស៊ីតេធានារ៉ាប់រងមានកម្រិតទាបនៅឡើយ។
ការលើកឡើងរបស់លោក ប៊ូ ច័ន្ទភីរូ បានធ្វើឡើងក្នុងពិធីចុះហត្ថលេខាភាពជាដៃគូរវាងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA និងធនាគារព្រីនស៍លើអាជីវកម្មប៊េងកាសូរេន កាលពីថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២។ លោកបានលើកឡើងថា ទីផ្សារធានារ៉ាប់រ៉ងនៅកម្ពុជាបានរីកចម្រើនឆាប់រហ័សជាមួយនឹងកំណើនជាមធ្យមប្រចាំឆ្នាំប្រមាណ ២៥ ភាគរយ។ បើទោះបីជាសកលលោករងវិបត្តិជំងឺកូវីដ ១៩ ក៏ដោយ ក៏បុព្វលាភធានារ៉ាប់រ៉ងកម្ពុជាក្នុងឆ្នាំ ២០២០ នៅបន្តកើនឡើងរហូតដល់ ២៧០ លានដុល្លារដែលមានកំណើនប្រមាណ ៨ ភាគរយ និងកើនដល់ប្រមាណ ៣០០ ដុល្លារអាមេរិកក្នុងឆ្នាំ ២០២១។
លោកបន្តទៀតថា ថ្មីៗនេះនិយតករធានារ៉ាប់រងនៃកម្ពុជាបានដាក់ចេញនូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍវិស័យធានារ៉ាប់រងនៅកម្ពុជាឆ្នាំ ២០២១-២០៣០ ដើម្បីដាក់ចេញជាផែនទីចង្អុលផ្លូវជាមួយនឹងផែនការសកម្មភាពការងាររបស់និយតករធានារ៉ាប់រងកម្ពុជាសម្រាប់រយៈពេលខ្លីរយៈពេលមធ្យម និងរយៈពេលវែង។
លោកបានបន្តថា ក្នុងក្របខ័ណ្ឌយុទ្ធសាស្ត្ររយៈពេលខ្លីឆ្នាំ ២០២១-២០២៣ ប្រព័ន្ធចែកចាយធានារ៉ាប់រងត្រូវបានយកចិត្តទុកដាក់ខ្ពស់ ពិសេសជំរុញការលក់ផលិតផលតាមរយៈគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដែលគេហៅថាប៊ែងខាស៊ួរិន។
លោក ច័ន្ទភីរូ ថ្លែងថា៖ «ជាក់ស្តែងថ្ងៃនេះក្រុមហ៊ុន AIA (Cambodia Life Insurance និង Prince Bank បានចាប់ដៃគូគ្នាជំរុញការលក់ផលិតផលធានារ៉ាប់រងឱ្យកាន់តែធំទូលាយនៅក្នុងទីផ្សារធានារ៉ាប់រងនៅកម្ពុជាដ៏មានសក្តានុពលមួយនេះ»។
លោក រ័ត្ន សុវណ្ណនរៈ អគ្គនាយកត្រួតពិនិត្យនៃធនាគារជាតិនៃកម្ពុជាបានថ្លែងក្នុងកម្មវិធីចុះហត្ថលេខានោះថា វិស័យធានារ៉ាប់រងជាផ្នែកមួយនៃការជំរុញដល់វិស័យហិរញ្ញវត្ថុនៅកម្ពុជាស្របតាមយុទ្ធសាស្ត្រអភិវឌ្ឍន៍វិស័យហិរញ្ញវត្ថុ ២០១៦-២០២៥ និងយុទ្ធសាស្ត្រជាតិស្តីពីបរិយាប័ន្នហិរញ្ញវត្ថុ ២០១៩-២០២៥។ ជាមួយគ្នានេះកាលពីថ្ងៃទី ៣០ មីនា ឆ្នាំ ២០២១ ធនាគារជាតិបានចេញនូវសេចក្តីប្រកាសស្តីពីគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុក្នុងការធ្វើហិរញ្ញវត្ថុប៊ែងអ៊ិនសួរិនក្នុងគោលបំណងកំណត់ក្របខ័ណ្ឌបទប្បញ្ញត្តិសម្រាប់គ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុ ដើម្បីចូលរួមលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា។
លោកបន្ថែមថា៖ «ការអនុញ្ញាតឱ្យគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុប្រកបអាជីវកម្ម ប៊េងកាសូរេន នេះនឹងផ្តល់ប្រយោជន៍ដល់គ្រប់ភាគីចូលរួមដែលមានគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុអាចបង្កើតទំនាក់ទំនងជាមួយអតិថិជនបន្ថែម ការធ្វើពិពិធកម្មផលិតផល និងសេវាកម្មទទួលបានសោហ៊ុយបន្ថែម និងពង្រីកប្រភពមូលនិធិ និងហិរញ្ញប្បទានដល់ប្រតិបត្តិការរបស់ខ្លួន។ ចំណែកអតិថិជនក៏អាចកាត់បន្ថយការចំណាយលើការប្រើប្រាស់សេវាហិរញ្ញវត្ថុ និងទទួលបានសេវាហិរញ្ញវត្ថុកាន់តែប្រសើរប្រកបដោយគុណភាព និងតម្លៃសមស្រប»។
បើតាមលោក ច័ន្ទភីរូ ចំនួនក្រុមហ៊ុនធានារ៉ាប់រងបានកើនដល់ ៤០ នាពេលបច្ចុប្បន្នជាមួយនឹងភ្នាក់ងារធានារ៉ាប់រងជាធនាគារចំនួន ២៧ ដែលចាប់ដៃគូជាមួយក្រុមហ៊ុនធានារ៉ាប់រងក្នុងការលក់ផលិតផលធានារ៉ាប់រងដែលយើងហៅថា ប៊ែងកាស៊ួរិន។
លោកបញ្ជាក់ថា៖ «យ៉ាងណាមិញក្នុងឆ្នាំ ២០២២ នេះ វិស័យធានារ៉ាប់រងបានរួមវិភាគទានដល់សេដ្ឋកិច្ចកម្ពុជា (Insurance Penetration Rate) ជាអត្រាតែ ១,០៤ ភាគរយប៉ុណ្ណោះ ហើយការប្រើប្រាស់ធានារ៉ាប់រងជាដង់ស៊ីតេធានារ៉ាប់រង (Insurance Density) តែ ១៧,២៦ ដុល្លារសម្រាប់មនុស្ស ១ នាក់ដែលនេះបញ្ជាក់ថាទីផ្សារធានារ៉ាប់រងកម្ពុជានៅមានសក្តានុពលធំធេងសម្រាប់ការអភិវឌ្ឍនាពេលអនាគត។ ជាការឆ្លើយតបរាជរដ្ឋាភិបាលបានបង្កើតនិយតករធានារ៉ាប់រងកម្ពុជាជាស្ថាប័នថ្មីមួយដែលត្រូវបានបង្កើតឡើងចុះថ្ងៃទី ១៦ ខែមករា ឆ្នាំ ២០២១»៕