ភ្នំពេញៈ ក្រសួងពាណិជ្ជកម្មកម្ពុជា និងអង្គការ Swisscontact ដែលជាតំណាងរបស់សម្ព័ន្ធសកលសម្រាប់កិច្ចសម្រួលពាណិជ្ជកម្ម (Global Alliance for Trade Facilitation) បានចុះហត្ថលេខាជាផ្លូវការលើអនុស្សរណៈនៃការយោគយល់គ្នា MoU ដើម្បីអនុវត្តគម្រោងរួមគ្នាមួយដែលមានឈ្មោះថា “Improving Small Package e-Trade for SMEs (SeT4SME)”។
MoU នេះត្រូវបានចុះហត្ថលេខាតាមប្រព័ន្ធអនឡាញ កាលពីថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ រវាងលោកស្រី តឹករ៉េត កំរង រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ជាមួយនឹង លោក Rajiv Pradhan តំណាងប្រចាំប្រទេសរបស់អង្គការ Swisscontact។
យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្ម MoU នេះ មានគោលបំណងសំខាន់ៗចំនួន ២ រួមមាន ១. ការរួមចំណែកក្នុងការអនុវត្តកិច្ចសម្រួលពាណិជ្ជកម្ម និងការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកដើម្បីធ្វើឱ្យប្រសើរឡើងបរិយាកាសពាណិជ្ជកម្មឆ្លងកាត់ព្រំដែន តាមរយៈការតភ្ជាប់ប្រព័ន្ធផ្លាស់ប្តូរទិន្នន័យជាមុនរបស់អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា និងប្រៃសណីយ៍កម្ពុជា ជាមួយប្រទេសដៃគូពាណិជ្ជកម្ម, និងទី ២ ការពង្រឹងបរិយាកាសពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកសម្រាប់សហគ្រាសធុនតូច មីក្រូ និងមធ្យម (MSMEs) ដោយបង្កើតថ្នាលអេឡិចត្រូនិកសម្រាប់ការដឹកជញ្ជូនកញ្ចប់តូចៗ ដើម្បីជួយ MSMEs កម្ពុជាអាចទាញយកប្រយោជន៍ពីពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិកបានជាអតិបរិមា។
លោកស្រី តឹករ៉េត កំរង បានឱ្យដឹងថា កិច្ចព្រមព្រៀងនេះនឹងផ្តល់ជាប្រយោជន៍ច្រើនទៅដល់សហគ្រាសធុនតូច និងមធ្យមកម្ពុជា ក្នុងការប្រើប្រាស់ការធ្វើពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក និងធ្វើឱ្យប្រសើរឡើងនូវបរិយាកាសពាណិជ្ជកម្មនៅកម្ពុជា និងឆ្លងកាត់ព្រំដែនតាមរយៈការអនុវត្តកិច្ចព្រមព្រៀងកិច្ចសម្រួលពាណិជ្ជកម្ម។
លោកស្រីថ្លែងថា៖«ដើម្បីអនុវត្តន៍គម្រោងនេះមានប្រសិទ្ធភាព និងជោគជ័យ ក្រសួងពាណិជ្ជកម្ម និងអង្គការ Swisscontact នឹងបង្កើតគណៈកម្មការតម្រង់ទិសអនុវត្តន៍គម្រោងនេះឱ្យស្របតាមគោលបំណង និងផែនការការងាររបស់គម្រោង»។
បន្ថែមពីលើនេះ លោកស្រី តឹករ៉េត កំរង ក៏បានរំលេចឡើងពីគម្រោង Go4eCAM ដែលក្រសួងពាណិជ្ជកម្មកំពុងអនុវត្តន៍យ៉ាងសកម្ម ដែលទាក់ទងនឹងពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក ជាពិសេសការបង្កើតផ្សារខេមបូឌាត្រេដ (Cambodiatrade.com) សម្រាប់ជួយគាំទ្រដល់សហគ្រាសធុនតូច និងមធ្យមរបស់កម្ពុជា ក្នុងការលក់ផលិតផលកម្ពុជាទាំងក្នុងស្រុក និងនាំចេញទៅទីផ្សារក្រៅប្រទេស៕