ភ្នំពេញៈ ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងជប៉ុន ក្នុងឆ្នាំ ២០២១ កន្លងមកសម្រេចបានក្នុងទឹកប្រាក់ជាង ១ ៧០០ លានដុល្លារ កើនឡើង ០,៤៩ ភាគរយបើធៀបឆ្នាំ ២០២០ ដែលមានចំនួន ១ ៦៩២ លានដុល្លារ។ នេះបើតាមទិន្នន័យក្រសួងពាណិជ្ជកម្ម។
ទិន្នន័យបានបង្ហាញថា ចាប់ពីខែមករា ដល់ខែធ្នូ ឆ្នាំ ២០២១ ការនាំចេញទៅប្រទេសជប៉ុនមានទឹកប្រាក់សរុប ១ ០៩៤ លានដុល្លារ កើន ៣,៦១ ភាគរយ ខណៈការនាំចូលពីជប៉ុនមានទឹកប្រាក់ជាង ៦០៧ លានដុល្លារ ថយចុះ ៤,៦៨ ភាគរយបើធៀបនឹងឆ្នាំ ២០២០។
លោក លឹម ហេង អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាបានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ថ្វីដ្បិតតែកំណើននៃការដោះដូរពាណិជ្ជកម្មរវាងកម្ពុជា និងប្រទេសជប៉ុននៅក្នុងឆ្នាំ ២០២១ បានកើនតិចតួច ប៉ុន្តែការវិនិយោគរបស់ក្រុមហ៊ុនជប៉ុននៅកម្ពុជានៅតែមានចំនួនច្រើនគួរឱ្យកត់សម្គាល់។ លោកបានបន្តថា សព្វថ្ងៃនេះ ក្រុមហ៊ុនជប៉ុនជាច្រើនកំពុងវិនិយោគនៅក្នុងតំបន់សេដ្ឋកិច្ចពិសេសនៅកម្ពុជា ជាពិសេសតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ និងនៅខេត្តកោះកុង ដោយបានវិនិយោគស្ទើរគ្រប់វិស័យ ដូចនេះ នៅពេលដែលកម្ពុជាមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគីជាមួយជប៉ុន ទំនាក់ទំនងការទូត និងការធ្វើពាណិជ្ជកម្មរវាងប្រទេសទាំង ២ នឹងកាន់តែមានទំហំកាន់តែធំឡើងបន្ថែមទៀត។
លោក លឹម ហេង បានបញ្ជាក់ថា៖ «កន្លងទៅមានក្រុមហ៊ុនជប៉ុនជាច្រើនធ្លាប់បានលើកឡើងថា ជប៉ុនបូកមួយដែលឃ្លានេះមានន័យថា បើសិនមានក្រុមហ៊ុនជប៉ុនបើកនៅប្រទេសថៃ ឬប្រទេសវៀតណាមហើយនោះ គេនឹងបង្កើតមួយទៀតនៅកម្ពុជា»។
លោកបន្តថា មានកត្តាអំណោយផលជាច្រើនដែលកំពុងទាក់ទាញវិនិយោគិនជប៉ុនឱ្យចូលមកបណ្តាក់ទុននៅកម្ពុជា ដែលដូចជា ច្បាប់វិនិយោគថ្មី កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងតំបន់, ភាពអនុគ្រោះពន្ធផ្សេងៗពីដៃគូអន្តរជាតិនានានឹងធ្វើឱ្យកម្ពុជាទទួលមានកំណើនពាណិជ្ជកម្ម ជាមួយប្រទេសជប៉ុន និងប្រទេសផ្សេងទៀត ជាបន្តបន្ទាប់។
អ្នកស្រាវជ្រាវសេដ្ឋកិច្ចអន្តរជាតិនៃវិទ្យាស្ថានទំនាក់ទំនងអន្តរជាតិនៃរាជបណ្ឌិត្យសភាកម្ពុជាលោក ហុង វណ្ណៈ បាននិយាយថា នៅសម័យកូវីដ ១៩ នេះ កម្ពុជា និងជប៉ុន នៅតែរក្សាបាននូវកំណើនការដោះដូរពាណិជ្ជកម្មជាវិជ្ជមានជាមួយគ្នា ដែលនេះអាចចាត់ទុកថា សកម្មភាពពាណិជ្ជកម្មរវាងប្រទេសទាំង ២ មិនបានរារាំងដោយកូវីដ ១៩ នោះទេ។
លោកបានបន្ថែមថា៖ «បើសិនមានកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុនមួយទៀត ការវិនិយោគ និងការផ្លាស់ប្តូរទំនិញរវាងប្រទេសទាំង ២ នឹងមានការកើនឡើងខ្លាំងបន្ថែមទៀត ជាពិសេស លើកទឹកចិត្តដល់វិនិយោគិនជប៉ុនបន្ថែមឱ្យចូលមកបណ្តាក់ទុនក្នុងវិស័យផលិតកម្មនៅកម្ពុជា ដើម្បីជំរុញការនាំចេញទៅប្រទេសជប៉ុន និងប្រទេសជាច្រើនទៀត»។
វិនិយោគិនជប៉ុនភាគច្រើនបានវិនិយោគនៅប្រទេសកម្ពុជាក្នុងវិស័យឧស្សាហកម្ម ធនាគារ សណ្ឋាគារ ទេសចរណ៍ សំណង់ និងអចលនទ្រព្យ ជាពិសេសវិស័យលក់រាយ ផ្សារទំនើប វិស័យសេវាកម្ម និងវិស័យភោជនីយដ្ឋានជាដើម។
បើតាមក្រសួងពាណិជ្ជកម្ម ផលិតផលសំខាន់ៗដែលកម្ពុជានាំចេញទៅជប៉ុនមានដូចជាស្បែកជើង សម្លៀកបំពាក់ និង គ្រឿងបង្គុំ ម៉ាស៊ីនអគ្គិសនី ចំណែកជប៉ុននាំចូលមកកម្ពុជាវិញមាន ផលិតផលគ្រឿងម៉ាស៊ីន រថយន្ត គ្រឿងអេឡិចត្រូនិក គ្រឿងបរិក្ខារសម្រាប់លំនៅឋាន និងគ្រឿងចក្រសម្រាប់វិស័យកសិកម្មជាដើម។
កម្ពុជាមានបំណងបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន ដោយក្រសួងពាណិជ្ជកម្មបានបង្កើតក្រុមការងាររួចហើយ ដើម្បីសិក្សាលើការបង្កើតកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-ជប៉ុន ខណៈដែលបច្ចុប្បន្នកំពុងត្រៀមអនុវត្តកិច្ចព្រមព្រៀងសំខាន់ៗចំនួន ៣ រួមមាន កិច្ចព្រមព្រៀង RCEP,CCFTA ដែលបានចូលជាធរមានហើយ និង CKFTAដែលត្រៀមចូលធរមានឆាប់ៗនេះ៕ LA