ភ្នំពេញៈ អគារ ជីប ម៉ុង ថៅវើ កម្ពស់ ៤៥ជាន់(ស្មើនឹង ១៨៥ ម៉ែត្រ) ដែលមានទុនវិនិយោគសរុប ២៣០លានដុល្លាររបស់ក្រុមហ៊ុន ជីប ម៉ុង បានប្រកាសពីការបញ្ចប់គ្រោងអគារដល់ជាន់កំពូលហើយកាលពីថ្ងៃទី១៤ ខែមករាកន្លងមក។
ជីប ម៉ុង ថៅវើ ដែលបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ២០១៩ លើផ្ទៃដីទំហំ ១៤ ០៤២ម៉ែត្រការ៉េ ត្រូវបានរចនាឡើងជាមួយនឹងស្ថាបត្យកម្មដ៏ទំនើប ហើយនឹងត្រូវប្រើប្រាស់ជាអគារពាណិជ្ជកម្មចម្រុះ ដែលមានដូចជា មជ្ឈមណ្ឌលពាណិជ្ជកម្មមានម៉ាកយីហោល្បីៗ រោងភាពយន្តខ្នាតធំដ៏ទំនើប ការិយាល័យ កន្លែងហាត់ប្រាណ អាងហែលទឹក កន្លែងរៀបចំកម្មវិធីផ្សេងៗ កន្លែងប្រជុំ សណ្ឋាគារលំដាប់ពិភពលោក(Fairfield by Marriott Phnom Penh) ភោជនីយដ្ឋាន និងស្កាយបារ៍ ជាដើម។
សហស្ថាបនិក និងជាប្រធានក្រុមប្រឹក្សាភិបាលក្រុមហ៊ុន ជីប ម៉ុង លោក លាង ឃុន បានថ្លែងក្នុងពិធីបញ្ចប់ការសាងសង់គ្រោងអគារដល់ជាន់កំពូលនៃ ជីប ម៉ុង ថៅវើ ថា សមិទ្ធផលដ៏ថ្មី និងធំធេងនេះ គឺកើតចេញពីកិច្ចខិតខំរបស់គណៈគ្រប់គ្រង ក្រុមការងារ និងដៃគូទាំងអស់។ អគារពាណិជ្ជកម្មចម្រុះនេះ គឺជាសក្ខីភាពនៃការអភិវឌ្ឍ និងការវិនិយោគឥតឈប់ឈររបស់ក្រុមហ៊ុន ជាក់ស្តែងទោះបីក្នុងអំឡុងពេលនៃបរិបទជំងឺកូវីដ១៩ ក៏ក្រុមហ៊ុនបាននិងកំពុងបន្តអភិវឌ្ឍន៍គម្រោងរបស់ខ្លួនជាបន្តបន្ទាប់ ដែលមានដូចជា ផាកលែនពោធិ៍ចិនតុង, លែនម៉ាក ៦០ម៉ែត្រ និង ជីប ម៉ុង សែនសុខ ជាដើម។
លោកបានថ្លែងថា៖«ខ្ញុំសង្ឃឹមយ៉ាងមុតមាំថា អគារ ជីប ម៉ុង ថៅវើ ដែលនឹងបង្ហាញខ្លួនយ៉ាងពេញលេញនាពេលដ៏ខ្លីខាងមុខ នឹងនាំមុខមាត់ថ្មីជូនកម្ពុជា ក្នុងនាមជាអគារពាណិជ្ជកម្មចម្រុះប្រកបដោយសក្តានុពល ដែលនឹងផ្តល់នូវភាពប្រណីតទាន់សម័យ និងបម្រើផ្នែកពាណិជ្ជកម្មដើម្បីបំពេញតម្រូវការរបស់ធុរជនជាតិ និងអន្តរជាតិ ក៏ដូចជាជួយលើកស្ទួយវិស័យទេសចរណ៍ផងដែរ»។
អគ្គនាយករងជាន់ខ្ពស់ផ្នែកយុទ្ធសាស្ត្រ និងអភិវឌ្ឍន៍ពាណិជ្ជកម្មនៃក្រុមហ៊ុន ជីប ម៉ុង លោក Simon DELL បាននិយាយថា ក្រៅពីគាំទ្រផ្នែកពាណិជ្ជកម្ម និងទេសចរណ៍នៅកម្ពុជា មជ្ឈមណ្ឌលសេដ្ឋកិច្ចមួយនេះ ក៏បានបង្កើតឱកាសការងារជាច្រើន ដែលរួមចំណែកលើកស្ទួយជីវភាពរបស់សហគមន៍ ក៏ដូចជាលើកកម្ពស់វិស័យអចលនទ្រព្យ ហេដ្ឋារចនាសម្ព័ន្ធ ជាពិសេសបានគាំទ្រដល់អាជីវកម្មតូចៗជុំវិញតំបន់នេះផងដែរ៕