ភ្នំពេញៈ បន្ទាប់ពីដាក់ឱ្យដំណើរការជាផ្លូវការបានរយៈពេល ១ឆ្នាំកន្លះ ចំនួនក្រុមហ៊ុនដែលចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន «Single Portal» បានកើនដល់ ១០ ៥៣៦ក្រុមហ៊ុនហើយ បើគិតត្រឹមរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២។
តួលេខវឌ្ឍនភាពនៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន បង្ហាញថា គិតត្រឹមរសៀលថ្ងៃទី១២ ខែមករា ឆ្នាំ២០២២ ក្រុមហ៊ុនដែលបានចុះបញ្ជីដោយជោគជ័យ មានចំនួនសរុប ១០ ៥៣៦ ចំណែកក្រុមហ៊ុនដែលស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យមានចំនួន ១ ១៤៩។ ចំនួនថ្ងៃជាមធ្យមដើម្បីចុះបញ្ជីក្រុមហ៊ុន គឺមានរយៈពេល ៨ថ្ងៃ។
ជាមួយគ្នានេះ ចំនួននាមករណ៍បម្រុងទុក ដែលទទួលជោគជ័យ មាន ៨ ២៧២ និងកំពុងត្រួតពិនិត្យ មានចំនួន ៣៥៨។
ប្រព័ន្ធនៃការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជាដាក់ឱ្យដំណើរការ កាលពីថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដោយបានដាក់ក្រសួង និងស្ថាប័នរដ្ឋចំនួន ៦ ជាមួយគ្នា។
ក្រសួង និងស្ថាប័នទាំង ៦ រួមមាន ក្រសួងមហាផ្ទៃ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងពាណិជ្ជកម្ម និងក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ អគ្គនាយកដ្ឋានពន្ធដារ និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ ស្ថាប័នចំនួន ៦ ផ្សេងទៀតគ្រោងនឹងដាក់បញ្ចូលក្នុងប្រព័ន្ធនេះ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា ចាប់តាំងពីប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានត្រូវបានដាក់ឱ្យដំណើរការ វាទទួលបាននូវការសាទរយ៉ាងច្រើនទៅលើប្រសិទ្ធភាព និងជាជំហានវិជ្ជមានក្នុងការបន្ធូរបន្ថយបរិយាកាសអាជីវកម្មសម្រាប់វិស័យឯកជន ព្រមទាំងបានជួយកាត់បន្ថយពេលវេលា ថវិកា និងនីតិវិធីស្មុគស្មាញជាច្រើន។ លោកបន្តថា ការកែទម្រង់នៅក្នុងវិស័យសេដ្ឋកិច្ចដែលរដ្ឋាភិបាលកំពុងធ្វើ បាននិងកំពុងនាំមកនូវសញ្ញាវិជ្ជមានក្នុងការបង្កើនទំនុកចិត្តក្នុងចំណោមវិស័យឯកជន ដោយមិនមានភាពស្ទាក់ស្ទើរក្នុងការពង្រីកអាជីវកម្ម ឬបើកអាជីវកម្មថ្មីនោះទេ។
លោកលើកឡើងថា៖«សមាជិកទាំងអស់របស់សភាពាណិជ្ជកម្មកម្ពុជា និងក្រុមវិនិយោគិនបរទេសស្វាគមន៍ចំពោះនីតិវិធីក្នុងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអាចសន្សំការចំណាយ ពេលវេលា និងការិយាធិបតេយ្យ។ ជាមួយគ្នានេះ វាកាន់តែងាយស្រួល ដោយសារតែយើងអាចចុះបញ្ជីនៅកន្លែងណាក៏ដោយឱ្យតែយើងចង់»៕