ភ្នំពេញៈ ក្រុមហ៊ុនចំនួន ១០ ៥៣៦ បានចុះបញ្ជីដោយជោគជ័យតាមរយៈការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន «Single Portal» នារយៈពេល ១៨ ខែ បន្ទាប់ពីកម្មវិធីនេះត្រូវបានរាជរដ្ឋាភិបាលកម្ពុជាប្រកាសដាក់ឱ្យដំណើរការជាផ្លូវការកាលពីពាក់កណ្តាលឆ្នាំ ២០២០។
តួលេខវឌ្ឍនភាពនៃប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានបង្ហាញថា គិតត្រឹមរសៀលថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២២ ក្រុមហ៊ុនដែលបានចុះបញ្ជីដោយជោគជ័យមានចំនួនសរុប ១០ ៥៣៦ ចំណែកក្រុមហ៊ុនដែលស្ថិតក្នុងដំណាក់កាលត្រួតពិនិត្យមានចំនួន ១ ១៤៩។
ជាមួយគ្នានេះដែរ ចំនួននាមករណ៍បម្រុងទុកដែលទទួលជោគជ័យមាន ៨ ២៧២ និងកំពុងត្រួតពិនិត្យមានចំនួន ៣៥៨។
ប្រព័ន្ធនៃការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ត្រូវបានរដ្ឋាភិបាលកម្ពុជាដាក់ឱ្យដំណើរការកាលពីថ្ងៃទី ១៥ ខែមិថុនា ឆ្នាំ ២០២០ ដោយបានដាក់ក្រសួង និងស្ថាប័នរដ្ឋចំនួន ៦ ជាមួយគ្នា។
ក្រសួង និងស្ថាប័នទាំង ៦ រួមមាន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រសួងពាណិជ្ជកម្ម, ក្រសួងមហាផ្ទៃ, ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ, អគ្គនាយកដ្ឋានពន្ធដារ, និងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។ បន្ថែមពីលើនេះ កាលពីថ្ងៃទី ១ ខែកញ្ញា ឆ្នាំ ២០២១ រដ្ឋាភិបាលក៏បានដាក់បញ្ចូលក្រសួងស្ថាប័នថ្មីចំនួន ៤ ថែមទៀតនៅក្នុងដំណាក់កាលទី ២ រួមមាន ក្រសួងទេសចរណ៍, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ និងនិយតករអាជីវកម្មអចលនវត្ថុ និងបញ្ចាំនៃសេវាហិរញ្ញវត្ថុមិនមែនធនាគារ។
អនុប្រធានសភាពាណិជ្ជកម្មកម្ពុជាលោក លឹម ហេង បានប្រាប់ភ្នំពេញ-ប៉ុស្តិ៍ថា ចាប់តាំងពីប្រព័ន្ធចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មានត្រូវបានដាក់ឱ្យដំណើរការ វាទទួលបាននូវការសាទរយ៉ាងច្រើនទៅលើប្រសិទ្ធភាព និងជាជំហានវិជ្ជមានក្នុងការបន្ធូរបន្ថយបរិយាកាសអាជីវកម្មសម្រាប់វិស័យឯកជន ព្រមទាំងបានជួយកាត់បន្ថយពេលវេលា ថវិកា និងនីតិវិធីស្មុគស្មាញជាច្រើន។ លោកបានបន្តថា ការកែទម្រង់នៅក្នុងវិស័យសេដ្ឋកិច្ចដែលរាជរដ្ឋាភិបាលកំពុងធ្វើ បាននិងកំពុងនាំមកនូវសញ្ញាវិជ្ជមានក្នុងការបង្កើនទំនុកចិត្តក្នុងចំណោមវិស័យឯកជន ដោយមិនមានភាពស្ទាក់ស្ទើរក្នុងការពង្រីកអាជីវកម្ម ឬបើកអាជីវកម្មថ្មីនោះទេ។
លោកលើកឡើងថា៖ «សមាជិកទាំងអស់របស់សភាពាណិជ្ជកម្មកម្ពុជា និងក្រុមវិនិយោគិនបរទេសស្វាគមន៍ចំពោះនីតិវិធីក្នុងការចុះបញ្ជីអាជីវកម្មតាមថ្នាលបច្ចេកវិទ្យាព័ត៌មាន ដែលអាចសន្សំការចំណាយ ពេលវេលា និងការិយាធិបតេយ្យ។ ជាមួយគ្នានេះ វាកាន់តែងាយស្រួល ដោយសារតែយើងអាចចុះបញ្ជីនៅកន្លែងណាក៏ដោយឱ្យតែយើងចង់»។
លោក មាស សុខសេនសាន អ្នកនាំពាក្យក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្លាប់បានប្រាប់ភ្នំពេញប៉ុស្តិ៍ថា កាលពីមុនបានឱ្យដឹងថា Single Portal នឹងតម្រូវឱ្យក្រុមហ៊ុនបំពេញបែបបទចុះបញ្ជីអាជីវកម្មតែម្ដង ដោយត្រូវការពេលវេលាច្រើនបំផុត ៨ ថ្ងៃ។ លោកបានកត់សម្គាល់ថា ទិន្នន័យទាំងអស់ដែលបានដាក់ជូនដោយក្រុមហ៊ុននានា ស្ថិតក្រោម Single Portal មួយនេះនឹងត្រូវបញ្ជូនដោយស្វ័យប្រវត្ដិទៅកាន់ក្រសួងទាំងអស់ និងស្ថាប័នដែលដំណើរការដោយរដ្ឋដែលបានដាក់បញ្ជូនទៅក្នុងប្រព័ន្ធនេះ៕ LA